Sunday, December 22, 2019

ទីប្រឹក្សា​ព្រះឥន្ទ (និពន្ធដោយ អឿ ស៊ីណា)


ទីប្រឹក្សា​ព្រះឥន្ទ (និពន្ធដោយ អឿ ស៊ីណា)
  
រដូវ​នេះ​ គឺជា​រដូវភ្លៀង​ធ្លាក់​សម្រាប់​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​ នេះ​បើ​តាមចំណាំ​រៀងរាល់​ឆ្នាំ​ តែ​ឆ្នាំនេះ​ហាក់​ចំឡែក​ខុសធម្មតា​ ព្រោះ​នៅ​ចុងខែ​ឧសភា​ទៅ​ហើយ​ នៅ​មិនទាន់​ឃើញ​មាន​ភ្លៀង​ធ្លាក់​បាន​មួយ​មេ​សោះ​។ នាយ​គោ​ និង​នាយ​ក្របី​ ពិតជា​ព្រួយបារម្ភ​ខ្លាំង​ណាស់​ចំពោះ​ដំណាំ​កសិផល​របស់​ពួកគេ​។


តាំងពី​ដើម​រៀងមក​ ពួកគេ​ទាំងពីរ​នាក់​គឺជា​សិស្ស​ដែល​រៀន​ពូកែ​ និង​ជា​ក្មេង​ឧស្សាហ៍​ ចេះ​ជួយ​កិច្ចការ​ងារ​ក្នុង​ផ្ទះ​ និង​ស្រែចម្ការ​។ ដោយសារ​កត្ដា​ជីវភាព​ខ្វះខាត​បណ្ដាល​ឱ្យ​ពួកគេ​បញ្ចប់​ការ​សិក្សា​​ត្រឹម​ថ្នាក់​វិទ្យាល័យ​។ ពួកគេ​គ្មាន​ឱកាស​ទៅរៀន​បន្ដ​ទៀត​ឡើយ​។ ពួកគេ​ទាំងពីរ​នាក់​ក៏​ធ្លាប់​មាន​មិត្ដ​សម្លាញ់​ម្នាក់ទៀត​ដែរ​ ម្នាក់​នោះ​គឺ​ឈ្មោះ​ នាយ​ភេ​ ដែល​ជា​អ្នក​រស់នៅ​ឋាន​លើ​ ឬហៅ​ថា​ ឋាន​ព្រះ​ឥន្រ្ទ​។ ពួកគេ​ទាំងពីរ​ស្គាល់​នាយ​ភេ​ កាលពី​ពួកគេ​នៅ​តូច​ៗ វ័យ​កុមារភាព​មក​ម្ល៉េះ​ ព្រោះ​នាយ​ភេ​ឧស្សាហ៍​ចុះ​មក​ឋាន​ក្រោម​រត់​លេង​ជាមួយ​នាយ​គោ​ និង​នាយ​ក្របី​ ខណៈ​ពេល​ដែល​នាយ​គោ​ និង​នាយ​ក្របី​ទៅ​ឃ្វាលគោ​។ ពួកគេ​ស្គាល់គ្នា​យូរ​ទៅ​ ក៏បាន​រាប់អាន​គ្នា​ រហូត​ក្លាយទៅជា​មិត្ដ​សម្លាញ់​ដូច​បងប្អូន​បង្កើត​។ នាយ​ភេ​បាន​ប្រាប់​ទៅ​នាយ​គោ​ និង​នាយ​ក្របី​ថា​ ប្រសិនជា​សម្លាញ់​ឯង​ទាំងពីរ​ជួបនឹង​គ្រោះអាសន្ន​ ឬចង់​ជួប​ជាមួយនឹង​ខ្ញុំ​ សម្លាញ់​ទាំងពីរ​គ្រាន់តែ​មក​កន្លែង​ឃ្វាលគោ​នៅ​ក្រោម​ដើម​រាំងភ្នំ​នេះ​ ហើយ​សម្លាញ់​ឯង​និយាយ​ថា​ សម្លាញ់​ភេ​គ្នា​នឹង​ឯង​ណាស់​ ពេលនោះ​ខ្ញុំ​នឹង​មកដល់​ហើយ​។ ពួកគេ​ទាំងពីរ​នាក់​តែងតែ​ធ្វើបែប​នេះ​រហូត​ នៅពេល​ដែល​ចង់​ជួប​ជាមួយ​នាយ​ភេ​។

ប៉ុន្មាន​ឆ្នាំក្រោយ​មក​នាយ​ភេ​ក៏​ធំ​ពេញរូបពេញរាង​ ហើយ​នាយ​ភេ​គឺជា​អ្នក​ដែល​មាន​ទេពកោសល្យ​ពី​កំណើត​ ឈ្លាសវៃ​ រហ័សរហួន​ និង​រៀនសូត្រ​ពូកែ​ទៀតផង​ ដោយសារ​កត្ដា​នេះ​ហើយ​ ធ្វើ​ឱ្យ​នាយ​ភេ​មានឱកាស​បាន​ប្រឡងជាប់​ក្លាយទៅជា​មហា​មន្រ្តី​ប្រចាំការ​ក្នុង​រាជវាំង​ព្រះ​ឥន្រ្ទ​ ដោយ​មើលឃើញ​ពី​ការ​ខំប្រឹង​ធ្វើការ​ គួបផ្សំ​នឹង​មាន​ទេពកោសល្យ​ផ្នែក​ចំណេះដឹង​ផង​នោះ​ ក៏​ត្រូវ​បាន​ព្រះ​ឥន្រ្ទ​សព្វ​ព្រះ​ហទ័យ​តម្លើង​តួនាទី​នាយ​ភេ​ឱ្យធ្វើ​ជាទី​ប្រឹក្សា​ព្រះអង្គ​ផ្ទាល់​ ដើម្បី​ជួយ​ផ្ដល់​ជា​យោ​បល់​ល្អ​ៗក្នុង​ការ​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​របស់​ទ្រង់​ក្នុង​កំឡុង​ពេល​លោក​គ្រប់គ្រង​។

ចំណែក​នាយ​គោ​ និង​នាយ​ក្របី​វិញ​ ម្នា​ក់ៗ​ក៏​មាន​ប្រពន្ធ​កូ​នរៀងៗ​ខ្លួន​ដែរ​ ហើយ​ខិតខំ​ធ្វើស្រែ​ចម្ការ​ ចិញ្ចឹមសត្វ​ និង​ប្រកប​រប​ចិញ្ចឹមជីវិត​។ នាយ​គោ​ និង​នាយ​ក្របី​ ដោយ​រវល់​នឹង​ការ​ប្រក​រប​ចិញ្ចឹម​ប្រពន្ធ​កូន​ ម្នា​ក់ៗ​ខិតខំ​ប្រឹង​ប្រែ​ងរៀងៗ​ខ្លួន​ ក៏​ខាន​បាន​ជួប​ទាក់ទង​នឹង​នាយ​ភេ​មួយរយៈពេល​។ លុះដល់​ពេលនេះ​ ដោយមាន​ចម្ងល់​ និង​មាន​គ្រោះ​ធម្មជាតិ​ខ្លាំងពេក​ រាំងភ្លៀង​ជាច្រើន​ខែ​ ទើប​នាយ​គោ​ និង​ក្របី​ ដាច់​ចិត្ដ​ទៅ​ពឹងពាក់​មិត្ដ​សម្លាញ់​ដែល​ជាទី​ប្រឹក្សា​ព្រះឥន្ទ​ ហើយក៏​ដើម្បី​ស្រាយ​ចម្ងល់​ក្នុង​ចិត្ដ​បាន​ខ្លះ​ដែរ​។ នឹកឃើញ​បែបនេះ​ អ្នក​ទាំងពីរ​ក៏​នាំគ្នា​ទៅ​កន្លែង​ឃ្វាលគោ​ ហើយ​ចូល​ក្រោម​រាំងភ្នំ​ ក៏​នាំគ្នា​និយាយ​ដូច​អ្វី​ដែល​សម្លាញ់​ផ្ដែរ​ផ្ដាំ​ ដោយ​ថា​ សម្លាញ់​ភេ​គ្នា​នឹង​ឯង​ណាស់​។ ក្រោយពី​និយាយ​ចប់​ភ្លាម​ នាយ​ភេ​ ក៏បាន​មកដល់​ ដូច​អ្វី​ដែល​បាន​សន្យា​មែន​។

មកដល់​ភ្លាម​ នាយ​ភេ​បាន​ឱប​សម្លាញ់​ទាំងពីរ​ដោយ​ទឹកមុខ​រីករាយ​ ញញឹម​បិទមាត់​មិន​ជិត​ ឱប​ហើយក៏​និយាយ​ថា​ ប៉ុន្មាន​ឆ្នាំនេះ​ ខ្ញុំ​នឹក​សម្លាញ់​ឯង​ណាស់​ តែ​ការងារ​ច្រើនពេក​ឆ្លៀតពេល​មក​ជួប​សម្លាញ់​ឯង​មិនបានសោះ​ ហើយ​សម្លាញ់​ឯង​ទាំងពីរ​ ហេតុអ្វី​មិនដែល​ហៅ​គ្នា​មក​ជួប​សោះ​អ៊ីចឹង​?

នាយ​គោ​និយាយ​ថា​ សម្លាញ់​អើយ​សម្លាញ់​ នេះ​ដោយសារតែ​គ្នា​រវល់​ប្រកបរបរ​កស៊ី​ចិញ្ចឹមជីវិត​ ដូច្នេះហើយ​ ទើប​មិន​មាន​ពេល​មក​ជួប​និយាយលេង​នឹង​សម្លាញ់​ឯង​ ណាមួយ​ជីវិត​ភាព​សព្វថ្ងៃ​នេះ​ក្រខ្សត់​ណាស់​ គ្នា​អៀនខ្មាស​នៅពេល​ជួបនឹង​សម្លាញ់​ឯង​ ដែល​ជាទី​ប្រឹក្សា​ផ្ទាល់​របស់​ព្រះឥន្ទ​។ សម្លាញ់​ឯង​ជា​អ្នកមាន​មុខ​មាន​មាត់​ម្នាក់​ មិន​គួរ​ឡើយ​មាន​សម្លាញ់​ដែល​ជា​អ្នកក្រ​ខ្សត់​ដូចគ្នា​នេះ​ទេ​។ នាយ​ភេ​ឆ្លើយតប​វិញ​ថា​ សម្លាញ់​កុំ​គិត​អ្វី​បែបនេះ​ ការរាប់​អាន​គ្នា​ជា​មិត្ដ​ភក្ដិ​ គេ​មិនដែល​គិតទៅ​ទ្រព្យសម្បត្ដិ​ បុ​ណស័ក្ក វណ្ណៈ​ អី​នោះ​ទេ​ ហើយ​សម្លាញ់​ឯង​ហៅ​គ្នា​មកនេះ​ មានការអ្វី​ដែរ​ទៅ​?

នាយ​ក្របី​ក៏បាន​និយាយទៅ​សម្លាញ់​ភេ​ថា​ ខ្ញុំ​ហៅ​ឯង​មកនេះ​ គឺ​ចង់​សួរ​សម្លាញ់​ឯង​បន្ដិច​ ពាក់ព័ន្ធ​នឹង​រឿង​គ្រោះ​ធម្មជាតិ​នៅពេល​នេះ​។ ដូច​ឯង​បានដឹង​ស្រាប​ហើយ​ថា​ ឆ្នាំនេះ​មិនទាន់​ឃើញ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​សោះ​ ហើយ​នៅពេល​នេះ​គឺ​ចុងខែ៥ទៅ​ហើយ​ ដំណាំ​កសិផល​របស់​គ្នា​ និង​អ្នកស្រុក​អ្នកភូមិ​ទាំងអស់​ ស្ទើរតែ​ងាប់​ដើម​ទៅ​ហើយ​ សម្លាញ់​ឯង​មើលទៅ​។ តើ​ឯង​ដឹង​ថា​ កត្ដា​ទាំងនេះ​ កើតឡើង​មក​ពី​អ្វីទៅ​ បាន​ជា​មាន​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​បែបនេះ​?

ពេលនោះ​នាយ​ភេ​នឹក​ភ្នក់​ក្នុង​ចិត្ដ​ (នេះ​គឺជា​ឱកាសល្អ​របស់​អញ​ហើយ​) ក៏បាន​ឆ្លើយតប​វិញ​ថា​ ​បាន​ជា​ភ្លៀង​ឆ្នាំនេះ​ មានការ​ប្រែប្រួល​បែបនេះ​ ក៏​ព្រោះតែ​ប្រជាកសិករ​មិន​មាន​គ្រឿង​តង្វាយ​ថ្វាយ​ទៅដល់​ស្ដេច​ភុជង្គនាគ​ ដែល​ជា​អ្នកគ្រប់គ្រង​ទឹក​នៅ​ឋាន​លើ​។ ដោយហេតុនេះ​ហើយ​ស្ដេច​ភុជង្គនាគ​ មាន​សេចក្ដី​ខឹង​សម្បារ​ខ្លាំង​ណាស់​ កើតទុក្ខ​មិនសុខ​ចិត្ដ​ក៏​បង្កើត​ឱ្យ​មាន​គ្រោះ​ធម្មជាតិ​បែបនេះ​ឡើង​ នេះ​ក៏ដោយសារតែ​ប្រជាកសិករ​ធ្វើជា​ភ្លេច​យក​តង្វាយ​ទៅ​ថ្វាយ​ទ្រង់​។

អម្បាញ់មិញ​នេះ​ ខ្ញុំ​ទើបតែ​ទៅលេង​ស្ដេច​ភុជង្គនាគ​ ហើយ​ស្ដេច​ភុជង្គនាគ​ក៏បាន​ប្រាប់​រឿង​ទាំងនេះ​មកដល់​ខ្ញុំ​។ តែ​មិន​អី​ទេ​ បើ​សម្លាញ់​ឯង​ទាំងពីរ​នាក់​ចង់បាន​ទឹកភ្លៀង​ ចាំ​គ្នា​ប្រាប់​ពី​វិធី​សា​ស្រ្ដទៅដល់​សម្លាញ់​ឯង​ទាំងពីរ​ ហើយ​ត្រូវ​ធ្វើតាម​ខ្ញុំ​ប្រាប់​។

ដំបូង​សម្លាញ់​ឯង​ទាំងពីរ​ទៅ​ប្រកូ​បក្រ​កាស​ប្រាប់​ប្រជាកសិករ​ទាំងអស់​ ឱ្យ​នាំគ្នា​យក​គ្រឿង​តង្វាយ​ មាន​ដូចជា​ ក្បាល​ជ្រូក​ មាន់ស្ងោរ​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ និង​ស្រា​សរ​ ចេកទុំ​ ជាដើម​ ទៅ​សែន​ព្រេន​ដល់​អ្នកតា​ម្ចាស់​ស្រុក​ ដែល​ជា​អ្នក​ឃុំគ្រង​ថែរក្សា​ទឹកដី​ នៅ​ក្រោម​ដើមពោធិ៍​ចុង​ភូមិ​ ហើយ​ប្រាប់​ពីរ​ទុក​លំបាក​ទាំងអស់​នេះ​ ទៅដល់​អ្នកតា​ម្ចាស់​ស្រុក​ទៅ​ អ្នកតា​ម្ចាស់​ស្រុក​ ឬម្ចាស់ទឹក​ម្ចាស់​ដី​នេះ​ នឹង​យក​រឿងរ៉ាវ​ទាំងអស់​នេះ​ ទៅ​ប្រាប់​ដល់​ស្ដេច​នាគ​ហើយ​។ គ្រាន់តែ​និយាយ​ចប់​នាយ​ភេ​ក៏​ត្រឡប់ទៅវិញ​។

នាយ​គោ​ និង​នាយ​ក្របី​ ក្រោយពេល​ឮនាយ​ភេ​ និយាយ​បែបនេះ​ហើយ​ ក៏​នាំ​ដំណឹង​នេះ​ ទៅ​ប្រាប់​អ្នកស្រុក​អ្នកភូមិ​ ដើម្បី​នាំគ្នា​រៀបចំ​គ្រឿង​សំណែន​សែនព្រេន​។ អ្នកភូមិ​ក្រោយពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ ក៏បាន​នាំគ្នា​យក​គ្រឿង​តង្វាយ​ទៅ​សែនព្រេន​ដល់​អ្នកតា​ម្ចាស់​ស្រុក​ ម្ចាស់​ទឹក​ ម្ចាស់​ដី​ភ្លាម​ៗដែរ​។

ចំណែក​នាយ​ភេ​ មុន​ពេល​ត្រឡប់ទៅ​ឋាន​ព្រះ​ឥន្រ្ទ​វិញ​ ក៏បាន​រៀប​ផែនការ​របស់​ខ្លួន​រួចជាស្រេច​ ដោយពេល​ពេលនោះ​ នាយ​ភេ​បាន​ចូល​ទៅ​និយាយ​ជាមួយ​អ្នកតា​ម្ចាស់​ស្រុក​ ដោយ​ប្រាប់​អ្នកតា​ម្ចាស់​ស្រុក​ថា​ នៅពេល​បន្ដិច​ទៀត​នេះ​ នឹង​មាន​អ្នកភូមិ​យក​គ្រឿង​តង្វាយ​ជាច្រើន​មក​ថ្វាយ​ ដើម្បី​សុំ​ទឹកភ្លៀង​ ហើយ​គ្រឿង​តង្វាយ​ដែល​អ្នកភូមិ​យក​មក​ថ្វាយ​នេះ​ ខ្ញុំ​នឹង​នាំ​យក​ទៅ​ថ្វាយ​សម្ដេច​នាគ​ដោយខ្លួនឯង​ ព្រោះ​ស្ដេច​នាគ​គឺជា​មិត្ដ​សម្លាញ់​នឹង​ខ្ញុំ​ ងាយស្រួល​និយាយ​គ្នា​។ និយាយ​ចប់​ នាយ​ភេ​ ក៏​ហោះ​ឡើង​ទៅ​ឋាន​លើ​បាត់​ទៅ​។

ដូច​អ្វី​ដែល​នាយ​ភេ​និយាយ​មែន​ អ្នកភូមិ​បាន​យក​សំណែន​សែនព្រេន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ ដែល​រកបាន​មក​ដោយ​លំបាក​នោះ​ ទៅ​សែនអ្នកតា​ម្ចាស់​ស្រុក​ ដើម្បី​ទទួល​បាន​ទឹកភ្លៀង​សម្រាប់​ធ្វើស្រែ​ចម្ការ​។ អ្នកតា​ម្ចាស់​ស្រុក​ ដែល​មាន​ភារកិច្ច​ទទួល​សំណែន​សែនព្រេន​ បាន​យក​សំណែន​ដែល​អ្នកស្រុក​អ្នកភូមិ​សែន​ទាំងអស់​មក​ទុក​ ហើយ​ប្រគល់​ឱ្យ​នាយ​ភេ​ដែល​ជាទី​ប្រឹក្សា​ព្រះ​ឥន្រ្ទ​ ដោយខ្លួនឯង​ឆ្លៀត​លួច​ដក​យក​មួយ​ផ្នែក​ខ្លះ​នៃ​សំណែន​ ដើម្បី​ចែក​ម្ចាស់​ទឹក​ម្ចាស់​ដី​ខ្លះ​ៗ។ ឯ​នាយ​​ភេ​វិញ​ នៅពេល​ដែល​ទទួល​បាន​គ្រឿង​តង្វាយ​ពី​អ្នកតា​ម្ចាស់​ស្រុក​ហើយក៏​យក​តង្វាយ​នេះ​ ទុកជា​របស់​ខ្លួនឯង​ផ្តាច់​មុខ​ ដោយ​មិន​មាន​ចំណែក​មួយ​ណា​បាន​ទៅ​ស្ដេច​ភុជង្គនាគ​ឡើយ​។
ស្តេច​ភុជង្គនាគ​ ដែល​ពុំ​បាន​ទទួល​ដំណឹង​ ឬសំណែន​នេះ​ ក៏​មិនបាន​បង្អុរ​ទឹកភ្លៀង​ឱ្យ​ដល់​អ្នកស្រុក​ អ្នកភូមិ​ ដើម្បី​ធ្វើស្រែ​ចម្ការ​ដែរ​។ ចំណែក​នាយ​ភេ​ ដើម្បី​គេច​ផុត​ពី​ការចោទប្រកាន់​ ឬស្តី​បន្ទោស​​​ពី​ព្រះឥន្ទ​ ក៏​ធ្វើជា​ចិត្តល្អ​ នាំ​យក​ដំណឹង​ដែល​អ្នកស្រុក​ប្តឹង​សុំ​ទឹកភ្លៀង​នេះ​ មក​ទូល​ព្រះឥន្ទ​ថា​ ថ្ងៃមុន​នេះ​ ខ្ញុំ​បាន​ចុះទៅ​ឋាន​ក្រោម​ ដើម្បី​មើល​សុខទុក្ខ​ប្រជា​រា​ស្រ្ដ ឃើញថា​ប្រជាកសិករ​ម្នា​ក់ៗ​ បាន​ត្អូញ​ត្អែ​លប្រាប់​ពី​ទុក្ខ​លំបាក​ ដែល​មិន​មាន​ទឹកភ្លៀង​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​កចម្ការ​ បញ្ហា​នេះ​ បាន​កើតឡើង​ជិត​មួយឆ្នាំ​មក​ហើយ​ សូម​ព្រះអង្គ​ជា​ម្ចាស់​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​ទាំងនេះ​ផង​ ព្រោះ​ប្រជា​រា​ស្រ្ដម្នា​ក់ៗ​ប្រឈម​នឹង​ការ​រងទុក្ខ​ស្រែក​ឃ្លាន​ ដោយ​ដំណាំ​កសិផល​មិន​ទទួលផល​ក្នុង​ការ​ចិញ្ចឹមជីវិត​?


នៅពេល​ដែល​បាន​ស្ដាប់​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះអង្គ​ភ្លាម​ ពេលនោះ​ព្រះឥន្ទ​បាន​កោះហៅ​ស្ដេច​ភុជង្គនាគ​មក​សួរនាំ​ពី​បញ្ហា​នេះ​។ មើល​ស្ដេច​ភុជង្គនាគ​ សព្វថ្ងៃ​នេះ​ លោក​កំពុង​ធ្វើអ្វី​ដែរ​? សុខទុក្ខ​ប្រជា​រា​ស្រ្ដលោក​ដែល​បាន​ចុះ​តាមដាន​ដែរ​ឬទេ​? ហេតុអ្វីបានជា​មិន​ផ្ដល់​ទឹកភ្លៀង​ឱ្យ​បាន​គ្រប់គ្រាន់​ទៅដល់​ប្រជាពលរដ្ឋ​សម្រាប់​ធ្វើស្រែ​ចម្ការ​?


ស្តេច​ភុជង្គនាគ​តប​វិញ​ថា
បពិត​ព្រះអង្គ​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ បាន​ជា​ទូលព្រះបង្គំ​មិនបាន​ទម្លាក់​ទឹកភ្លៀង​ជូន​អ្នកស្រុក​សម្រាប់​ធ្វើស្រែ​កចម្ការ​ ក៏​ព្រោះតែ​ទឹកភ្លៀង​ដែល​បាន​តម្កល់ទុក​សម្រាប់​ប្រើប្រាស់​ ឬទម្លាក់​ដល់​ប្រជាពលរដ្ឋ​ ​ត្រូវ​បាន​ពួក​ទេវ​តា​ផ្សេង​ៗឃុបឃិត​គ្នា​លួច​លក់​អស់ហើយ​។ ដូច្នេះ​មិន​មាន​ទឹកភ្លៀង​ទម្លាក់​ជូន​ប្រជាពលរដ្ឋ​ទេ​ឆ្នាំនេះ​ សូម​ព្រះអង្គ​ជ្រាប​។

ឮស្តេច​នាគ​ទូល​បែបនេះ​ ព្រះឥន្ទ​មាន​កំហឹង​ក្រោធ​យ៉ាង​ខ្លាំង​ ទ្រង់​មា​នប​ន្ទូ​ថា​ នៅពេល​ដោះស្រាយ​រឿង​ទឹកភ្លៀង​ជូន​ប្រជាពលរដ្ឋ​រួចហើយ​ យើង​នឹង​ធ្វើការ​ស៊ើបអង្កេត​ពី​បញ្ហា​អ្នក​លួច​ទឹកភ្លៀង​ដើម្បី​យក​មក​ដាក់ទោស​តាមច្បាប់​។ នៅពេល​នោះ​ទ្រង់​ក៏​បង្កើត​គម្រោង​ទៅចុះ​សួរសុខទុក្ខ​ អ្នកស្រុក​នៅ​ឋាន​ក្រោម​ដោយ​ផ្ទាល់​តែម្ដង​ ថា​តើ​ពិត​ដូចជា​នាយ​ភេ​រាយការណ៍​ឬយ៉ាងណា​?
គ្រាន់តែ​បានដឹង​គម្រោង​ព្រះឥន្ទ​ភ្លាម​ នាយ​ភេ​ភ័យ​ខ្លួន​យ៉ាង​ខ្លាំង​ពី​ទង្វើ​រដែ​លខ្លួន​បា​នប្រ​ព្រឹ​ត្ដិ​ ដោយ​ការ​យក​តង្វាយ​ពី​ប្រជាកសិករ​ ហើយ​មិនបាន​បម្រើ​ផលប្រយោជន៍​អ្នកស្រុក​ទៅវិញ​។ នាយ​ភេ​ក៏បាន​ចុះទៅ​ឋាន​ក្រោម​មុន​ពេល​ព្រះ​ឥន្រ្ទ​ចុះ​ និង​ប្រាប់​នាយ​គោ​ និង​នាយ​ក្របី​ថា​ ប្រសិនបើ​ព្រះឥន្ទ​ចុះ​មក​សួរនាំ​ សូមកុំ​ប្រាប់​ថា​ មាន​តង្វាយ​ថ្វាយ​ជូន​ស្ដេច​នាគ​ ព្រោះ​រឿង​តង្វាយ​នេះ​ ព្រះឥន្ទ​បានឮ​អត់​សប្បាយ​ចិត្ដ​ទេ​ ខ្លាច​មាន​បញ្ហា​កើតឡើង​ច្រើន​។

មិនយូរ​ប៉ុន្មាន​ ថ្ងៃ​ដែល​ព្រះឥន្ទ​ចុះ​មកសួរសុខទុក្ខ​ប្រជាកសិករ​ក៏​មកដល់​ ដោយ​នាយ​ភេ​ជា​អ្នកនាំ​ផ្លូវ​។ មកដល់​ឋាន​ក្រោម​ភ្លាម​ ប្រជាកសិករ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ព្រោះ​ជាលើកដំបូង​ហើយ​ ដែល​ព្រះ​ឥន្រ្ទ​ចុះ​មក​ផ្ទាល់​តែម្តង​។ ព្រះ​បាន​សួរ​ទៅ​ប្រជាកសិករ​ថា​ តើមាន​បញ្ហា​អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បានទេ​?

នាយ​គោ​ និង​នាយ​ក្របី​ ដែល​ជា​អ្នកតំណាង​ឱ្យ​ប្រជាកសិករ​ក្នុង​ភូមិ​ ក៏បាន​និយាយ​ថា​ ក្រាបទូល​ព្រះអង្គ​ជា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ ដ្បិត​សព្វថ្ងៃ​នេះ​ ពួក​ខ្ញុំ​ដែល​ជា​អ្នក​កសិករ​រស់​បាន​ក៏ដោយ​សារ​មាន​កា​រស​ណ្ដោះ​ប្របោ​សប្រ​ណី​ពី​ព្រះអង្គ​ជា​ម្ចាស់​ ដែល​បាន​ផ្ដល់​នូវ​ទឹកភ្លៀង​សម្រាប់​ធ្វើស្រែ​ចម្ការ​ដែរ​ តែ​ខណៈ​ពេលនេះ​ ពួក​ខ្ញុំ​ទាំងអស់​ពិតជា​រង​នូវ​ទុក្ខ​លំបាក​ជា​ខ្លាំង​ពន់ពេក​ ព្រោះ​ចុងខែ៥ទៅ​មិន​មាន​ទឹកភ្លៀង​សូម្បីតែ​មួយ​មេ​សោះ​។


បាន​ស្ដាប់​សម្ដី​របស់​នាយ​គោ​ និង​នាយ​ក្របី​ហើយ​ ព្រះឥន្ទ​ទ្រង់​មា​នប​ន្ទូ​ថា​ រឿង​បញ្ហា​ទឹកភ្លៀង​នេះ​ យើង​ទទួល​បានដឹង​ហើយ​ ព្រោះ​នាយ​ភេ​ជា​អ្នក​ប្រាប់​យើង​ផ្ទាល់​។ ហើយ​យើង​នឹង​ដោះ​ស្រាយ​​ជួន​ទាំងអស់​។ តើមាន​បញ្ហា​អ្វី​ទៀត​ទេ​ ដែល​ត្រូវ​ប្រាប់​យើង​? នាយ​គោ​ និង​ក្របី​ឆ្លើយតប​វិញ​ថា​ មិន​មាន​អ្វី​ទៀត​ទេ​ ព្រះអង្គ​ជា​ម្ចាស់​ អ្នកស្រុក​អ្នកភូមិ​សុំ​តែ​ម្យ៉ាង​គត់​ គឺ​រឿង​ទឹកភ្លៀង​ និង​សុំ​តែ​សេចក្ដីសុខ​នេះឯង​។


ក្រោយពី​ស្ដាប់បាន​នូវ​សម្ដី​អ្នកស្រុក​អ្នកភូមិ​រួចហើយ​ ព្រះឥន្ទ​ទ្រង់​យាង​ទៅ​ឋាន​លើ​វិញ​។ ដោយមាន​ចម្ងល់​ក្នុង​ចិត្ដ​ ព្រះឥន្ទ​ក៏​មាន​គម្រោង​ម្ដងទៀត​ តែ​គម្រោង​ពេលនេះ​ មិន​ធ្វើ​ដូច​ពេលមុន​ឡើយ​ គឺ​មិន​ប្រាប់​ដល់​មន្រ្ដី​របស់​ព្រះអង្គ​ឡើយ​។ ព្រះអង្គ​បាន​បន្លំ​ខ្លួន​ជា​អ្នកស្រុក​ធម្មតា​ ហើយ​សួរ​ទៅ​នាយ​កណ្តុរ​ ដោយ​មិន​សួរ​ទៅ​នាយ​គោ​ និង​នាយ​ក្របី​ដូចមុន​ទេ​ ព្រោះ​ព្រះឥន្ទ​ដឹង​ថា​ បើ​សួរ​នាយ​គោ​ នាយ​ក្របី​ អាច​ត្រូវ​នាយ​ភេ​ រៀបចំ​បទ​កុហក​ព្រះអង្គ​ដូចមុន​ទៀត​។ ​ព្រះឥន្ទ​សួរ​ទៅ​នាយ​កណ្ដុរ​ថា​ ឆ្នាំនេះ​ តើមាន​ផលវិបាក​អ្វីខ្លះ​ ចំពោះ​ការ​ធ្វើស្រែ​ចម្ការ​?

នាយ​កណ្ដុរ​ឆ្លើយ​ថា​ ផល​លំបាក​ចំពោះ​ពួក​ខ្ញុំ​គឺ​ពិតជា​មាន​ ហើយ​លំបាក​ខ្លាំង​ទៀតផង​ ហើយដោយ​សារ​មានផល​លំបាក​ពេក​នេះ​ហើយ​ ទើប​ប៉ុន្មាន​ថ្ងៃមុន​ នាយ​គោ​ និង​នាយ​ក្របី​បាន​ទទួល​ដំណឹង​ពាក់ព័ន្ធ​នឹង​គ្រឿង​តង្វាយ​យក​ទៅ​ថ្វាយ​អ្នកតា​ម្ចាស់​ស្រុក​ ដើម្បី​សុំ​ទឹកភ្លៀង​មក​ខ្លះ​ៗ នឹង​បាន​ធ្វើស្រែ​ចម្ការ​ តែម​កដល់​ថ្ងៃនេះ​ទៅ​ហើយ​ នៅ​មិនទាន់​ឃើញ​មាន​ភ្លៀង​ធ្លាក់​ទៀត​ តង្វាយ​ក៏បាន​ថ្វាយ​រួច​ដែរ​ហើយ​។

ស្តាប់​សម្តី​នាយ​កណ្តុរ​និយាយ​រួចហើយ​ ព្រះ​ឥន្រ្ទ​ ភ្ញាក់​ព្រះ​កាយ​ព្រើត​ ព្រោះ​ព្រះឥន្ទ​មិនដឹង​ថា​ ចាប់ពី​ទីប្រឹក្សា​ ជំនួយការ​ រហូតដល់​ថ្នាក់ក្រោម​បំផុត​របស់​ព្រះអង្គ​ គ្មាន​នរណា​ម្នាក់​ស្មោះត្រង់​នឹង​ព្រះអង្គ​ឡើយ​ និង​ហ៊ាន​លះបង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​អ្នកដទៃ​ទេ​ បែរជា​សម្បូរ​អ្នក​កេងប្រវ័ញ្ច​ប្រយោជន៍​ពី​គេ​ទៅវិញ​។ បន្ទាប់ពី​ទទួល​បាន​ដំណឹង​នេះ​ហើយ​ ព្រះឥន្ទ​ក៏​ត្រឡប់ទៅ​ឋាន​លើ​វិញ​។ នៅពេល​ទៅដល់​ឋាន​លើ​ព្រះឥន្ទ​ ក៏បាន​កោះហៅ​ មន្រ្ដី​ទាំងអស់​ ដើម្បី​ធ្វើការ​ប្រជុំ​ពី​បញ្ហា​នេះ​ដែល​កើតមានឡើង​។

នៅ​ប្រជុំ​នេះ​ ព្រះ​បាន​ធ្វើការ​ស៊ើបអង្កេត​រក​ជន​ណា​ដែ​លប្រ​ព្រឹ​ត្ដិ​អំពើខុស​ច្បាប់​ទាំងនេះ​ មក​ផ្ដន្ទាទោស​តាមច្បាប់​ ហើយ​អ្នក​ដែល​ត្រូវ​សួរចម្លើយ​មុនគេ​នោះ​ គឺ​នាយ​ភេ​ដែល​ជាទី​ប្រឹក្សា​យោបល់​ផ្ទាល់​របស់​ព្រះអង្គ​ និង​ជា​អ្នក​ដែល​ព្រះអង្គ​ទុក​ចិត្ដ​បំផុត​ ណាមួយ​នាយ​ភេ​បាន​យក​អំណាច​របស់​ព្រះឥន្ទ​ទៅ​គាបសង្កត់​ អ្នកមាន​អំណាច​តូចជាង​ខ្លួន​ ហើយ​ទៅ​ប្រព្រឹត្ដិ​អំពើ​ដែល​ខុសច្បាប់​នឹង​ឋាន​លើ​ទៀតផង​។ ក្រោយ​សួរចម្លើយ​ នាយ​ភេ​បាន​សារភាព​ពី​ទោសកំហុស​របស់​ខ្លួន​ និង​ប្រាប់​ពី​បក្ខពួក​ដែល​រួមដៃ​ជាមួយ​ខ្លួន​ទាំងអស់​។

បន្ទាប់ពី​នាយ​ភេ​ បាន​សារភាព​នូវ​ទោសកំហុស​របស់​ខ្លួន​រួចហើយ​ ព្រះអង្គ​បាន​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ទោសកំហុស​របស់​បក្សពួក​នាយ​ភេ​ទាំងអស់​ មក​ធ្វើការ​ដាក់ទោស​តាមច្បាប់​របស់​ឋាន​លើ​។ ក្រោយពី​ព្រះអង្គ​ធ្វើការ​កាត់ទោស​រួចហើយ​ ទើប​ព្រះអង្គ​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ឋាន​ក្រោម​ខឹងសម្បា​រលែង​គោរព​បូជា​ ចំពោះ​ព្រះអង្គ​ គឺ​ដោយសារតែ​ទីប្រឹក្សា​ព្រះអង្គ​ផ្ទាល់​ ឃុប​ឃិត​ជាមួយ​អ្នកតា​ម្ចាស់ទឹកម្ចាស់ដី​គ្រប់តំបន់​ ប្រព្រឹត្ត​អំពើពុករលួយ​ កេងប្រវ័ញ្ច​ និង​ធ្វើបាប​គេ​នេះឯង​។


ក្រោយពី​យល់​នូវ​រឿងហេតុ​ពីក្រោយខ្នង​នេះ​ទាំងអស់​ហើយ​ ព្រះអង្គ​បាន​ប្រកាស​នូវ​ច្បាប់​ថ្មី​នៅ​លើ​ឋានសួគ៌​ថា​ ក្នុងនាម​ខ្លួន​ជា​ទេវតា​ គួរ​ណាស់​ត្រូវ​មានគំនិត​បម្រើ​ប្រជាពលរដ្ឋ​ប្រជាកសិករ​ បម្រើ​​​រា​ស្រ្ដដោយ​ក្ដី​ស្មោះត្រង់​ មិន​គួរណា​យក​នូវ​គ្រឿង​តង្វាយ​ ឬលាភសក្ការៈ​ពី​ប្រជាកសិករ​នោះ​ទេ​ ខណៈ​ពួកគេ​កំពុង​រស់​ទាំង​រងទុក្ខ​លំបាក​។ ជា​ទេវតា​ ជា​មន្រ្ដី​នៅ​ឋាន​លើ​ មិនមែន​ជា​ខ្មោច​ព្រាយ​បី​សាច​ដែល​ត្រូវតែ​ទទួលសំណូក​សំណែន​តាមរយៈ​ការ​សែនព្រេន​ឱ្យ​នោះ​ឡើយ​។
ដល់​រដូវ​ធ្វើស្រែ​ចម្ការ​ អ្នក​ដែល​មាន​តួនាទី​រឿង​ទឹកភ្លៀង​ ត្រូវ​ផ្តល់​ទឹកភ្លៀង​ឱ្យ​បាន​គ្រប់គ្រាន់​ទៅដល់​ប្រជាកសិករ​ មិន​ត្រូវ​អល់អែក​ដើម្បី​បាន​សំណែន​ ឬបង្គាប់​ឱ្យ​គេ​យក​សំណែន​មក​សែន​ ឬធ្វើ​ឱ្យ​គេ​ឈឺចាប់​នោះ​ទេ​។ ព្រោះ​សំណែន​ទាំងអស់​នោះ​ គឺ​បាន​មក​ពី​ញើស​ឈាម​ដ៏​លំបាក​របស់​ប្រជាកសិករ​ក្នុង​ការ​ធ្វើស្រែ​កចម្ការ​។


ព្រះឥន្ទ​ក៏បាន​ចេញ​ព្រះរាជ​បញ្ជា​ត្រាស់​បង្គាប់​ថា​ ចាប់ពី​ពេលនេះ​តរៀងទៅ​ មន្រ្ដី​គ្រប់​ឋានៈ​ ចាប់ពី​ទីប្រឹក្សា​ ជំនួយការ​រហូត​ដល់​មន្រ្ដី​ថ្នាក់ក្រោម​ទាំងអស់​ ប្រសិន​ជា​មន្រ្ដី​ណា​មិន​មាន​ភាព​ស្មោះ​ត្រង់​ ឬមានបំណង​ធ្វើបាប​អ្នកស្រុក​ ធ្វើ​ឱ្យ​អ្នកស្រុក​ឈឺចាប់​ នឹង​ត្រូវ​កាត់ទោស​ប្រហារជីវិត​ ឬត្រូវ​ដាក់ឃុំឃាំង​អស់មួយជីវិត​។ បន្ទាប់ពី​ព្រះ​ឥន្រ្ទ​ចេញច្បាប់​ និង​អនុវត្ដ​ច្បាប់​យ៉ាង​តឹង​តែ​នមក​ ប្រជាពលរដ្ឋ​ទទួល​បាន​ទឹកភ្លៀង​បរិបូរណ៌​ក្នុង​ការ​ធ្វើស្រែ​កចម្ការ​ និង​ដំណាំ​កសិផល​ផ្សេង​ៗ។
ប្រជាពលរដ្ឋ​ អ្នកស្រុក​ក្នុង​ភូមិ​ទាំងអស់​ ពិសេស​នាយ​គោ​ និង​នាយ​ក្របី​ លែង​ចាញ់​បោ​កមន្ដ្រី​ពុករលួយ​របស់​ព្រះឥន្ទ្រ​ទៀតហើយ​ ដោយ​មាន​មន្រ្ដី​ឋាន​លើ​មាន​តួនាទី​មក​អប់រំ​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​។ អ្វី​ដែល​ពិសេស​ទៀត​នោះ​ គឺ​ព្រះ​ឥន្រ្ទ​បាន​ត្រាស់​បង្គាប់​ឱ្យ​មន្រ្ដី​ដែល​មាន​ជំនាញ​ខាង​ធ្វើស្រែ​ចម្ការ​ មក​បង្រៀន​ពី​វិធី​សា​ស្រ្ដក្នុង​ការ​ធ្វើស្រែ​ប្រកបដោយ​ទិន្នផល​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ស្រុកភូមិ​។


ព្រះ​ឥន្រ្ទ​បាន​រឹត​បន្ដឹង​ក្នុង​ការ​ប្រឡង​ជ្រើស​រើ​សម​ន្រ្ដី​គ្រប់​កម្រិត​ទាំងអស់​ គឺ​ចាប់ពី​ថ្នាក់ក្រោម​រហូតដល់​កម្រិត​ថ្នាក់លើ​យ៉ាង​ហ្មត់ចត់​ មិន​ឱ្យ​មានការ​ស៊ីសំណូក​សូកប៉ាន់​ ប្រព្រឹត្ដិ​អំពើពុករលួយ​កើត​មានឡើង​។ ដោយ​រើស​យក​អ្នក​ដែល​មាន​សមត្ថភាព​ ចំណេះដឹង​ ចំណេះធ្វើ​ មក​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ពេញលេញ​ ស្មោះត្រង់​ និង​មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​កិច្ចការ​ដែល​ទទួលខុសត្រូវ​លើ​តួនាទី​នី​មួយ​ៗ ក្នុង​ពេល​ខ្លួន​ប្រឡងជាប់​បាន​ធ្វើការ​។


ចាប់ពី​ពេល​ដែល​ព្រះឥន្ទ្រ​បាន​ធ្វើការ​រឹត​បន្ដឹង​ច្បាប់​យ៉ាង​តឹងណែន​មក​ ប្រជានុ​រា​ស្រ្ដរស់​បាន​សេចក្ដីសុខ​ រកស៊ី​ធូរធារ​ ប្រកប​រប​បាន​ភោគផល​ច្រើន​។ ប្រជា​រា​ស្រ្ដបា​ននាំ​គ្នា​គោរព​បូរ​ជា​ព្រះឥន្ទ្រ​ និង​ដឹងគុណ​ព្រះ​ឥន្រ្ទ​ជានិច្ច​៕


និពន្ធដោយ៖​ អឿ​ ស៊ី​ណា​



No comments:

Post a Comment