ខ្ញុំឈ្មោះ អឿ ស៊ីណា ជា និស្សិត ម្នាក់ ក្នុងចំណោម សិស្ស និស្សិត ជាច្រើន នាក់ ទៀត ដែល ទទួល បាន អាហារូបករណ៍ ពី លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េ ងលី ។
នៅពេលឮដំណឹងពីការផ្តល់អាហារូបករណ៍នេះ គ្រួសារខ្ញុំមានម្តាយឪពុក និងភរិយាខ្ញុំ មានអារម្មណ៍រំភើប និងរីករាយក្រៃលែង ប៉ុន្តែសម្រាប់ខ្ញុំវិញ ខ្ញុំមានការមន្ទិលក្នុងចិត្តខ្លះៗដែរ ព្រោះកាលពីពេលកន្លងមក ខ្ញុំឮលោកឧកញ៉ាតែងតែមានប្រសាសន៍ថា ដើម្បីជោគជ័យក្នុងជីវិត ឬជោគជ័យលើវិថីអប់រំ សិស្ស និស្សិត គួរកុំត្រេកអរនឹងអាហារូបករណ៍ច្រើនពេក ព្រោះ ការទទួលបានអាហារូបករណ៍ងាយៗពេក វាមិនប្រាកដថា នឹងធ្វើឱ្យយើងរៀនចេះនោះទេ។ សាលាខ្លះផ្តល់អាហារូបករណ៍ ដោយមានឯកឧត្តមនេះ ឯកឧត្តមនោះ ជាអ្នកផ្តល់ឱ្យ ម្ល៉ោះហើយគុណតម្លៃ ឬគុណសម្បត្តិ នៃការសិក្សាមិនសូវមាន។ ប៉ុន្តែ ពេលនេះ ខ្ញុំបានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តើខ្ញុំគួរគិតយ៉ាងណា? ចំពោះការលើកឡើងរបស់គាត់ខាងលើ។
ពាក្យអាហារូបករណ៍ដែលលោកឧកញ៉ាបានលើកឡើងខាងនេះ គឺជារឿងសំខាន់ណាស់កូនខ្មែរគួរតែយល់ដឹង ដោយហេតុថា អាហារូបករណ៍ដែលបានមកពីអំពើរពុករលួយ ទាំងខ្សែរយៈ បក្សពួកនិយមនេះ ធ្វើឱ្យបាត់បង់នូវគុណភាពអប់រំនៅកម្ពុជា។ លោកឧកញ៉ាធ្លាប់មានប្រសាសន៍ថា ចូលកុំឱ្យទទួលយកអាហារូបករណ៍ណាដែលបានមកដោយងាយៗពេក វាអាចនឹងធ្វើឱ្យយើងខូចអនាគតក៏ថាបាន។ ដូចអ្នកខ្លះរៀនច្រើនមុខវិជ្ជាដោយអាងថារៀនមិនអស់ប្រាក់ ព្រោះមានម៉ែឪជាអ្នកធំក្នុងក្រសួងណាមួយ ហើយពួកគាត់ទាំងនោះបានបង្ខំឱ្យរៀនអាហារូបករណ៍។ ព្រោះអាហារូបករណ៍ដែលគេឲ្យមកហើយ បើបោះចោលដូចជាស្តាយ ម្លោះហើយមានតែឱ្យកូនរៀន។ អ៊ីចឹងរៀនបីបរិញ្ញាបត្រស៊ីអាហារូបករណ៍ពុករលួយ។ ដូច្នេះហើយ រៀនទាំងបី នាំឲ្យអត់ចេះទាំងបី ល្ងង់ទាំងបី អត់មានជំនាញទាំងបី លុះថ្ងៃក្រោយឆ្កួតខួរក្បាល មិនដឹងធ្វើមុខវិជ្ជាមួយណាច្បាស់លាស់ទេ។ បើធ្វើការខាងវិស្វករលំៗគិតស្តាយខាងជំនួញ បើធ្វើការខាងជំនួញគិតស្តាយមេធាវី ចុះឡើងៗនាំឲ្យបរាជ័យ។ ដូច្នេះ បើមានលទ្ធភាពហើយកុំចង់បានអាហារូបករណ៍ធ្វើអីទៀត ទុកឲ្យគ្នាអ្នកគ្មានលទ្ធភាពខ្លះទៅ ឲ្យគ្នាបានរៀនសូត្រផង។
អាហារូបករណ៍ហ្នឹងហើយដែលថា កូនអ្នកក្រត្រូវបានបែរជាអត់បាន តែមកបានកូនអ្នកមានលុយចាយមិនអស់ទៅវិញ។ ហើយដល់ពេលយកទៅអត់ប្រឹងរៀនសូត្រទេ បំផ្លាញអនាគតខ្លួនឯង គ្រួសារ ហើយប្រទេសជាតិថែមទៀត។ កុំចង់បានអាហារូបករណ៍ធ្វើអ្វី បើយើងមានលទ្ធិភាពបង់បានយើងបង់ទៅ ថ្ងៃក្រោយយើងរកបានលើសហ្នឹង១លានដង វាមិនច្រើនប៉ុន្មានទេ ចែករំលែកទៅឲ្យកូនអ្នកក្រទៅ កុំដណ្ដើមគ្នា ធ្វើបុណ្យធ្វើទានខ្លះទៅ ចែករំលែកខ្លះទៅ។ មកពីចង្អៀតចង្អល់នេះហើយបានជាធ្វើឲ្យប្រទេសយើងគ្មានការលូតលាស់។ អ្នកក្រមិនសូវជាសុំអាហារូបករណ៍ទេ ប៉ុន្ដែមហាសេដ្ឋីភាគច្រើនចង់បានអាហារូបករណ៍ មានសែនមានចាយមិនអស់ ស៊ីផឹកមួយថ្ងៃៗ ចូលបា ចូលខារ៉ាអូខេ អស់ម្ដង១ពាន់២ពាន់ដុល្លារ ហើយចង់បានអាហារូបករណ៍ដប់ម្ភៃភាគរយហ្នឹងទៀតដើម្បីយកឲ្យកូន។ យកធ្វើអី? លុយចាយមិនអស់ហើយ ដល់ពេលកូនមកសុំលុយបង់សាលាធាក់គ្នាមួយជើង បោចសក់ហើយឡូឡា ប៉ុន្ដែចាយវាយលើស្រីញី ខារ៉ាអូខេវិញមិនចេះគិត។ ចុះបើថ្ងៃក្រោយកូនខ្មែរយើងមានវប្បធម៌បន្ដអ៊ីចឹងទៀត តើលូតលាស់ឬក៏អត់? មិនលូតលាស់ទេ ទាល់តែអ្នកណាគេដូរ អ្នកណាគេកែ។ យើងមិនអាចទៅកែចាស់ៗទេ មិនអាចទៅកែសង្គមទាំងមូលបានទេ ប៉ុន្ដែយើងម្នាក់ៗត្រូវចេះកែចាប់ពីខ្លួនឯងទៅ ហើយត្រូវចាំថា ការអប់រំគឺជាគ្រឹះនៃការអភិវឌ្ឍខ្លួនឯង គ្រួសារ សង្គម និងប្រទេសជាតិ។
ដោយឡែកចំពោះខ្ញុំវិញ ខ្ញុំហាក់ទទួលបានពីលោកឧកញ៉ាដោយងាយៗដែរ។ គិតអស់មួយស្របក់ធំ ទើបខ្ញុំនឹកឃើញពីសកម្មភាពធ្វើការងាររបស់ខ្ញុំ ប្រហែលជាគាត់គិតថា ខ្ញុំជាមនុស្សដែលឧស្សាហ៍ ព្យាយាម តស៊ូធ្វើគ្រប់កិច្ចការងារ ពិសេសគឺភាពស្មោះត្រង់របស់ខ្ញុំ។ មួយទៀតលោកឧកញ៉ា ក៏បានដាក់លក្ខខណ្ឌនៃអាហារូបករណ៍មួយចំនួនដែលនិស្សិតដទៃ ទទួលបានពីលោកឧកញ៉ាគឺជាលក្ខខណ្ឌខ្ពស់ណាស់ មិនងាយអ្នកណាយកបានទេ។ សម្រាប់សិស្ស ឬនិស្សិតដទៃទៀត ដែលទទួលបានអាហរូបករណ៍នេះ គឺតម្រូវឱ្យមាន លក្ខខណ្ឌខ្ពស់ ដូចជា ត្រូវតែជាសិស្សពូកែក្នុងថ្នាក់ក្នុងសាលា ឬទូទំាងប្រទេស ហើយមានកិរិយាមារយាទ ថ្លៃថ្នូរ ទំាងនៅផ្ទះ និងនៅសាលា។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងសន្និសីទសារព័ត៌មានមួយស្ដីពី ដំណើរឆ្ពោះទៅរកភាពជោគជ័យក្នុងអាហារូបករណ៍ដែលរៀបចំឡើងដោយក្រុមហ៊ុន ANUSSA Event Planner Co., Ltd លោកឧកញ៉ា គួច ម៉េងលី ប្រាប់ពីរបៀប ឬគន្លឹះសំខាន់ៗមួយចំនួន ក្នុងទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសរបស់និស្សិតកម្ពុជា។ លោកថា ពិន្ទុ GPA ខ្ពស់ ចេញពីសាលាក្នុងស្រុក ជាកត្តាសំខាន់មួយក្នុងការដាក់ពាក្យសុំអាហារូបករណ៍ ប៉ុន្តែប្រទេសម្ចាស់អាហារូបករណ៍ផ្ទាល់ក៏ដូចជានៅតាមស្ថានទូតនីមួយៗ គេមិនចង់បានត្រឹមតែពិន្ទុខ្ពស់តែមួយមុខនោះទេ។ មានលក្ខខណ្ឌជាច្រើនផ្សេងទៀត ដែលសំខាន់ជាងនេះ ដូចជា បុគ្គលិកលក្ខណៈល្អរបស់បេក្ខជន មានប្រជាប្រិយភាព រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ ជាយុវជនឈានមុខ និងធ្លាប់សកម្មនៅតាមក្លឹបសិក្សាផ្សេងៗ ក៏ដូចជាធ្លាប់បានចូលរួមនៅក្នុងសកម្មភាពចុះជួយសង្គមជាដើម។ នៅមានគន្លឹះសំខាន់ផ្សេងទៀត ដែលសិស្ស និស្សិតគួរតែចាប់អារម្មណ៍ផងដែរនោះ គឺទាក់ទងជាមួយខ្លឹមសារនៃការសរសេរអធិប្បាយ រៀបរាប់ពីខ្លួនឯង និងគោលបំណងដែលយើងចង់បានអាហារូបករណ៍ទៅសិក្សាប្រទេសរបស់គេនោះ។ ត្រូវសរសេរខ្លឹមសារយ៉ាងណា ឲ្យគេយល់ថា ក្រោយពីបញ្ចប់ការសិក្សា យើងនឹងនាំយកចំណេះដឹងទាំងអស់នោះ មកចែករំលែក អភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនវិញ។
បើក្រឡេកទៅមើលប្រវត្ដិការងារមុនពេលខ្ញុំបានអារូបករណ៍នេះវិញ គឺថា ខ្ញុំចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្នែកខាងវាយអត្ថបទភាសាខ្មែរ នៅពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ មកម្ល៉េះ។ ខណៈនោះ ខ្ញុំពិតជាមានសេចក្ដីរាយបំផុតនៅពេលបានចូលបម្រើការងារពេញម៉ោង និងត្រូវជំនាញជាលើកដំបូងក្នុងជីវិតខ្ញុំ។ ខ្ញុំជាមនុស្សម្នាក់ដែលមិនទាន់ស្គាល់សង្គមរាក់ជ្រៅយ៉ាងម៉េចសោះ ដ្បិតខ្ញុំបានសិក្សានៅភ្នំពេញ៤ឆ្នាំក៏ពិតមែន។ហើយគ្រប់ការងារដែលខ្ញុំបានធ្វើកន្លងមក កាលពីកំពុងរៀនថ្នាក់បរិញ្ញាបត្រ ជាការងារដែលមនុស្សទូទៅ អ្នកណាក៏អាចធ្វើបាន ទោះមានចំណេះដឹង ឬមិនមានចំណេះដឹងក្ដី វាជាការងារផ្នែករត់តុអាហារក្នុងហាងមួយកន្លែង តែនេះវាក៏បានផ្ដល់នូវបទពិសោធមួយដ៏ល្អដែលធ្វើឱ្យខ្ញុំមានសេចក្ដីហាន និងចេះអត់ទ្រាំគ្រប់កាលៈទេសៈមិនថាការងារនោះលំបាកប៉ុនណា។
មុនពេលខ្ញុំបានចូលសម្ភាសបម្រើការងារក្នុងក្រុមហ៊ុនមួយនេះ អារម្មណ៍ខ្ញុំភ័យផង អរផង ព្រោះអ្នកសម្ភាសខ្ញុំគឺមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្ទាល់តែម្ដង ក្នុងនោះក៏មានដែរអ្នកគ្រូ ស្រេង លាភា លេខាធិការផ្ទាល់របស់លោកឧកញ៉ាគួច ម៉េងលី និងលោកគ្រូ វេង វិសាល ជំនួយការផ្ទាល់របស់លោកឧកញ៉ា គួច ម៉េងលី គាត់ទាំងអស់គ្នាបានធ្វើតេស្ដលើសមត្ថភាពរបស់ខ្ញុំជាច្រើន ហើយបន្ទាប់ពីសម្ភាសរួចភ្លាម គាត់បានសាកល្បងឱ្យខ្ញុំចូលទៅធ្វើតេស្ដសមត្ថភាព ដោយការវាយអត្ថបទជាភាសាខ្មែរ ក្នុងការិយាល័យប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិភ្លាមៗតែម្ដង។ ពេលឃើញសកម្មភាពនៃការវាយអត្ថបទរបស់ខ្ញុំ លោកឧកញ៉ាបានសួរមកខ្ញុំថា តើក្មួយចង់ធ្វើការងារកន្លែងនេះដែរទេ? ពាក្យនេះបានធ្វើឱ្យខ្ញុំភ្លាក់ខ្លួនព្រឺត ខ្ញុំក៏បានឆ្លើយយ៉ាងលឿនថា ខ្ញុំចង់ធ្វើការងារមួយនេះណាស់ ខណៈនោះ គាត់បានមានប្រសាសន៍ថា អ៊ីចឹងស្អែកឡើងក្មួយមកបំពេញការងារនេះចុះ។ មួយឃ្លានេះអាចបញ្ជាក់ថា ខ្ញុំជាប់ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុននេះហើយ។
ពេលខ្ញុំឈានចូលបម្រើការងារជាលើកដំបូង អ្វីដែលខ្ញុំសំឡឹងឃើញមុនគេ គឺការដឹកនាំរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ គ្រប់បុគ្គលិកទាំងអស់តែងតែរួសរាយ រាក់ទាក់ និងញញឹមស្វាគមន៍ជានិច្ច មិនថាសន្ដិសុខ អនាម័យ លោកគ្រូ អ្នកគ្រូ គឺមានការគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយការហៅគ្នាថា លោកគ្រូ អ្នកគ្រូ។ បើសន្ដិសុខវិញ ញញឹម រួសរាយ រាក់ទាក់ សម្លៀកបំពាក់សមជាសន្ដិសុខ បងអនាម័យធ្វើការងារយ៉ាងយកចិត្ដទុកដាក់ ការស្លៀកពាក់របស់សមសួនជាអ្នកអនាម័យ។ ចំណែកលោកគ្រូ អ្នកគ្រូវិញ ពាក្យសម្ដីទន់ភ្លន់ និងពោរពេញទៅដោយចំណេះដឹងពេញខ្លួន ហើយការស្លៀកពាក់របស់គាត់វិញ គឺសាកសមណាស់ ជាគ្រូបង្រៀនដែលមានវិជ្ជាជីវៈ។ ហើយអ្វីដែលសំខាន់ជាងនេះគឺ គ្រប់បុគ្គលិកទាំងអស់ មិនមានការប៉ែងជើងគ្នា និយាយដើមគ្នា មើលបំណាំគ្នា ឬចាក់រុកគ្នាឡើយ តែផ្ទុយទៅវិញ គ្រប់បុគ្គលិកទាំងអស់ ពួកគាត់ឧស្សាហ៍ព្យាយាម និងចេះជួយយកអាសាគ្នា ពិសេសនោះ គឺចេះចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក។
កាលដែលខ្ញុំហ៊ាននិយាយបែបនេះ គឺព្រោះថា នៅពេលដែលខ្ញុំចូលបម្រើការងារនេះដំបូង ខ្ញុំមិនទាន់ដឹងថា ការងារអ្វីដែលខ្ញុំត្រូវធ្វើនោះទេ តែបុគ្គលិកនៅក្នុងការិយាល័យដែលខ្ញុំធ្វើការ ពួកគាត់បានយកចិត្ដទុកដាក់ចំពោះខ្ញុំខ្លាំងណាស់ ដោយពួកគាត់ម្នាក់ៗបានពន្យល់ និងណែនាំខ្ញុំអំពីរបៀបរបបការងារដែលជាកាតព្វកិច្ចខ្ញុំត្រូវធ្វើ ពិសេសនោះ ពួកគាត់បានចែករំលែកចំណេះដឹងដែលពួកគាត់មានមកដល់រូបខ្ញុំ ដោយមិនមានការលាក់លៀមបន្ដិចឡើយ។
ដោយឃើញសកម្មភាព និងឥរិយាបទខ្ញុំ ហាក់មិនទាន់សម្របខ្លួននឹងការងារបាន លោកគ្រូ វេង វិសាល បានព្យាយាមពន្យល់ក៏ដូចជាណែនាំខ្ញុំឱ្យធ្វើខ្លួនស្របនឹងបរិបទសង្គមការងារនៅកន្លែងនេះ តាំងពីម៉ោងចេញចូល ហាមដាច់ខាតកុំឱ្យចូលយឺតម៉ោងចេញមុនម៉ោង កាន់ការងារណាឱ្យច្បាស់ការងារហ្នឹង សម្លៀកបំពាក់ឱ្យបានសមរម្យ សម្ដីសំដៅឱ្យសមជាអ្នកធ្វើការងារថ្លៃថ្នូរ និងមានចំណេះដឹងខ្ពង់ខ្ពស់ជាដើម។ នេះគឺជាមេរៀនដ៏សំខាន់មួយសម្រាប់រូបខ្ញុំ ដើម្បីបំពេញការងារឱ្យបានល្អប្រសើរ។
ដោយឃើញការខំប្រឹងប្រែង សេចក្ដីអត់ធ្មត់ ការតស៊ូព្យាយាមបំពេញការងាររបស់ខ្ញុំរយៈពេលជាង៣ឆ្នាំកន្លងមកនេះ ទើបធ្វើឱ្យលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ បានពិភាក្សាជាមួយក្រុមការងាររបស់លោក និងសម្រេចផ្ដល់នូវអាហារូបករណ៍ដល់រូបខ្ញុំ ដើម្បីជាការលើកទឹកចិត្ដ ក៏ដូចជាជំរុញឱ្យការងារកាន់តែមានភាពល្អប្រសើរជាងមុនបន្ថែមទៀត។ នៅពេលខ្ញុំទទួលបានដំណឹងនេះភ្លាម ខ្ញុំពិតរំភើបរកអ្វីនឹងថ្លែងពុំបាន ខណៈពេលនោះក្ដីសង្ឃឹម និងបំណងប្រាថ្នារបស់ខ្ញុំបានវិលត្រឡប់មកខ្ញុំវិញ។ ខ្ញុំនឹងស្មានមិនដល់ថា ការងារតូចតាចដូចរូបខ្ញុំកំពុងតែធ្វើរាល់ថ្ងៃនេះ អាចធ្វើឱ្យលោកឧកញ៉ាមើលឃើញពីគុណតម្លៃ នឹងការព្យាយាមរបស់ខ្ញុំបែបនេះសោះ ខ្ញុំស្ទើរតែមិនជឿថា នេះគឺជារឿងពិតផង។ តែបើតាមខ្ញុំដឹង លោកឧកញ៉ា គួច ម៉េងលី តែងតែបើកឱកាសដល់បុគ្គលិកគ្រប់ផ្នែក ដែលមានបំណងចង់សិក្សាបន្ដ គឺលោកនឹងផ្ដល់អាហារូបករណ៍ដល់បុគ្គលិកទាំងនោះ។
នេះមិនមែនជាលើកទីមួយទេ ដែលលោកឧកញ៉ាផ្ដល់អាហារូបករណ៍ដល់បុគ្គលិកនោះដូចជារូបខ្ញុំនោះ គឺលោកតែងតែផ្ដល់ឱ្យអាហារូបករណ៍បុគ្គលិកដែលមានបំណងចង់សិក្សាបន្ដ ឱ្យទៅសិក្សាបន្ដតាំងពីមុនពេលកខ្ញុំមកធ្វើការងារនៅទីនេះមកម្ល៉េះ។ មិនតែប៉ុណ្ណោះ លោកឧកញ៉ាថែមទាំងចេញច្បាប់អនុវត្ដនៅក្នុងស្ថាប័នលោករបស់ថែមទៀត គឺថា គ្រប់បុគ្គលិកណាដែលបម្រើការងារជូនស្ថាប័នចាប់ពី៣ឆ្នាំឡើងទៅ នឹងអាចបញ្ជូនកូនមកសិក្សារៀនសូត្រនៅសាលារៀន អន្ដរទ្វីប អាមេរិកាំងបាន ដោយមិនមានបង់ប្រាក់។ ហើយបើធ្វើការងារចាប់ពី៥ឆ្នាំឡើងលើ គឺអាចដាក់កូនចូលរៀនចំនួន២នាក់។ ចំពោះសិក្សាណាដែលរៀនសូត្របានពូកែ លោកថែមទាំងផ្ដល់អាហារូបករណ៍ឱ្យបន្ដថ្នាក់ឧត្ដមសិក្សាថែមទៀតផង។ តួយ៉ាងកាលពីថ្ងៃទី៧ ឧសភា ២០១៣ នៅសាលារៀនអន្តរទ្វីបអាមេរិកាំង ដែលស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានប្រកាសផ្តល់អារហារូបករណ៍ដល់ក្រុមនិស្សិតចំនួន៣រូប គឺកញ្ញា ឈឿង ផាលីណា, លោក ឌួង វីរៈ និងកញ្ញា ស៊ាង ម៉ី ដើម្បីលើកទឹកចិត្ត។ លោកឧកញ៉ាបានផ្តល់អាហារូបករណ៍ដល់កញ្ញា ឈឿង ផាលីណា និងកញ្ញា ស៊ាង ម៉ី សិក្សាថ្នាក់ឧត្តមសិក្សាផ្នែកភាសាខ្មែរ និងឱ្យ ឌួង វីរៈ សិក្សាថ្នាក់ទុតិយភូមិភាសាខ្មែរ។
នេះគឺរឿងដែលគួរសរសើរដល់ទឹកចិត្ដលោកឧកញ៉ា ដែលតែងតែគិតគូរជានិច្ចដល់កូនចៅ ដែលបំពេញការងារឱ្យគាត់។ មិនតែប៉ុណ្ណោះលោកថែមទាំងគិតដល់អនាគតកូនៗរបស់បុគ្គលិកដោយការយកចិត្ដទុកដាក់ជាទីបំផុត ប្រសិនបើបុគ្គលិកណា ធ្វើការងារបាន៥ឆ្នាំ និងមានកូនគ្រប់អាយុចូលរៀន តែមិនអាចដាក់កូនចូលរៀនបាន ដោយហេតុកូននៅស្រុក លោកក៏ផ្ដល់ជាប្រាក់អាហារូបករណ៍កូនដូចគ្នាដែរ។ លើពីនេះ គ្រប់បុគ្គលិកណាដែលចង់រៀនវគ្គខ្លី មិនថាជំនាញណានោះទេ លោកផ្ដល់ឱកាសជានិច្ច។ ហើយអ្វីដែលនឹងស្មានមិនដល់នោះគឺថា បើបុគ្គលិកណាខ្វះខាតថវិកាក្នុងការរកស៊ីលោកឧកញ៉ាបើកឱកាសឱ្យខ្ចីថែមទៀត គឺមានន័យ បើសិនប្ដីបំពេញការងារជូនស្ថាប័នលោកគឺប្រពន្ធជាអ្នករកស៊ី ឬប្រពន្ធបំពេញការងារជូនស្ថាប័នលោកប្ដីជាអ្នករកស៊ី គឺលោកនឹងឱ្យខ្ចីប្រាក់ដើម្បីធ្វើជាដើមទុនក្នុងការរកស៊ី គ្រាន់នឹងបានចំណូលអាចជួយផ្គត់ផ្គង់គ្រួសារបានខ្លះ។ ដោយឡែកប្រាក់ដែលលោកឧកញ៉ាឱ្យខ្ចីនោះ គឺមិនមានការប្រាក់ឡើយ។
ខ្ញុំពិតជាមានភ័ព្វសំណាងណាស់ ដែលបានមកធ្វើការងារនៅក្នុងក្រុមហ៊ុនម៉េងលី ជេ.គួច អេឌ្យូខេសិន ផ្នែកគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យម៉េងលី ជេ. គួច ហើយក៏សំណាងខ្លាំងណាស់ដែរ ដែលមានម្ចាស់ចិត្ដធម៌ សប្បុរសធម៌ ដូចជាលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ លោកតែងតែយកចិត្ដទុកដាក់ចំពោះបុគ្គលិកគ្រប់រូប ហើយការគ្រប់គ្រងរបស់លោកពោរពេញដោយ មេត្ដា ករុណា សេចក្ដីសន្ដោសប្រោសប្រណីដល់បុគ្គលិកជានិច្ច។ លោកថែមទាំងបង្រៀន បុគ្គលិក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ឱ្យចេះចែករំលែកនូវអ្វីខ្លួនមានដល់អ្នកដទៃខ្លះផង មិនថា ជាទ្រព្យសម្បត្ដិ ចំណេះដឹង ឬក៏កម្លាំងកាយចិត្ដឡើយ។ ទង្វើទាំងនេះ គឺជារូបភាពដ៏ល្អមួយ ដែលយើងគ្រប់គ្នាជាកូនខ្មែរគួរតែយកតម្រាបតាម។
កាលពីលោកឧកញ៉ានៅកុមារភាព លោកឧកញ៉ាបានប្រាប់ខ្ញុំថា ឪពុកម្ដាយ យាយតារបស់លោក រៀងរាល់ថ្ងៃសីល ពួកគាត់តែងតែធ្វើបបរ ធ្វើម្ហូប នឹងមានរៀបចំទឹក សម្ភារៈ ផ្សេងៗ នៅខាង មុខផ្ទះ ទុកគ្រាន់ចែកជូនដល់ធ្វើដំណើរតាមផ្លូវ អ្នកខ្វះខាត ហើយទង្វើរទាំងនេះហើយ ដែលធ្វើឱ្យលោកឧកញ៉ាមានទម្លាប់ជាប់ក្នុងចិត្ដ ចេះធ្វើបុណ្យធ្វើទានមកដល់សព្វថ្ងៃ ហើយរាល់ពេល ដែលលោកឧកញ៉ាបានចែកទានម្ដងៗ គឺប្រៀបបានទៅនឹងថ្នាំប៉ូវដ៏ស័កសិទ្ធ ដែលធ្វើឱ្យលោកមានកម្លាំង និងមានអារម្មណ៍ថា ស្រស់ស្រាយជានិច្ច។
ខណៈឮនូវពាក្យសម្ដីលោកឧកញ៉ាពោរបែបនេះ ធ្វើឱ្យខ្ញុំគិតថា ជីវិតខ្ញុំពិតជាមានខ្លឹមសារណាស់ នៅពេលដែលបានស្ដាប់នូវពាក្យទូលន្មានល្អៗ ការណែនាំល្អៗ ពីសំណាក់លោកឧកញ៉ាផ្ទាល់មកដល់រូបខ្ញុំ។ កាលទូលន្មានប្រៀនប្រដៅរបស់លោកឧកញ៉ាមកដល់រូបខ្ញុំ គឺកើតចេញពីសន្ដានចិត្ដសន្ដោសប្រោសប្រណី អាណិតអាសូរ ដល់អ្នកក្រខ្សត់ដូចរូបខ្ញុំ។ លោកបានមានប្រសាសន៍ថា អ្វីដែលលោកអាចជួយខ្ញុំបាន គឺមានតែផ្ដល់ជាចំណេះដឹងដល់ខ្ញុំទេ ព្រោះថា ការផ្ដល់នូវលុយកាក់ ទ្រព្យសម្បត្ដិ បន្ដិចបន្ដួច អាចនឹងបាត់បង់ទៅនៅពេលដែលយើងមិនមានចំណេះដឹងច្នៃលុយនោះឱ្យមានប្រយោជន៍។ ដូច្នេះហើយទើបលោកសម្រេចចិត្ដផ្ដល់ជាអាហារូបករណ៍ដល់រូបខ្ញុំ ដើម្បីបន្ដសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
ខ្ញុំសូមថ្លែងនូវសេចក្ដីដឹងគុណដល់លោកឧកញ៉ាប្រធាន ដែលតែងតែយកចិត្ដទុកដាក់ដល់រូបខ្ញុំ ក៏ដូចជាបុគ្គលិកគ្រប់រូប។ ខ្ញុំគ្មានអ្វីតបស្នងសង់គុណលោកប្រធានក្រៅពីការខិតប្រឹងប្រែងបំពេញការងារឱ្យរឹងរឹតតែប្រសើរជាងមុន។ ហើយក៏សូមឱ្យវត្ដុស័កសិទ្ធិក្នុងលោកជួយថែរក្សាលោកឧកញ៉ាប្រធាន សូមឱ្យជួបតែសេចក្ដី សុខគ្រប់ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ នឹងសូមឱ្យក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កាន់តែរីកចម្រើន រុងរឿង លូតលាស់ទៅមុខជានិច្ច។
ដោយឡែកម្ដាយឪពុករបស់ខ្ញុំវិញ គាត់បានចូលរួមត្រេកអរ និងមានមោទនភាពមកចំពោះរូបខ្ញុំដែលខិតខំប្រឹងប្រែងបំពេញការងារដោយការតស៊ូ ព្យាយាមធ្វើមិនរួញរារហូតទទួលបាននូវការសន្ដោសប្រោសមេត្ដាពីសំណាក់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សម្រាប់អាហារូបករណ៍ឱ្យខ្ញុំបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ។ គាត់ក៏សូមសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងក្រៃលែងសន្ដានចិត្ដរបស់លោកឧកញ៉ា ហើយក៏សូមឱ្យទេវតាទាំងពួងដែលស្ថិតនៅឋានសួគ៌ាចុះមកជួយថែរក្សា ការពារ និងជ្រោមជ្រែងឱ្យលោកឧកញ៉ា និងក្រុមគ្រួសារជួបតែសេចក្ដីសុខចម្រើន និងសូមឱ្យក្រុមហ៊ុន ម៉េងលី ជេ. គួចរបស់រីកលូតលាស់ចម្រើនរុងរឿងជានិច្ចនិរន្ដរ៍។ ពិសេសគាត់បានឱ្យខ្ញុំខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ និងតស៊ូបំពេញការងារដែលកំពុងធ្វើបច្ចុប្បន្ននេះ ឱ្យរឹងរិតកាន់តែប្រសើរជាងមុនទៀត។ ដើម្បីតបស្នងសងគុណដល់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏ជាដើម្បីអនាគតខ្លួនឯង និងប្រទេសជាតិ។
ចំណែកប្រពន្ធរបស់ខ្ញុំ គាត់បានចូលរួមសម្ដែងនូវសេចក្ដីរំភើបរីករាយ ដែលខ្ញុំបានទទួលអាហារូបករណ៍ពិសេសមួយនេះ។ គាត់បានឱ្យជាកម្លាំងចិត្ដ និងលើកទឹកចិត្ដក្នុងការរៀនសូត្ររបស់ខ្ញុំ។ ពិសេសគាត់សូមថ្លែងសេចក្ដីអរណអរគុណដល់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សូមឱ្យលោកឧកញ៉ា និងក្រុមគ្រួសារជួបតែសេចក្ដី សេចក្ដីចម្រើន និងរកទទួលមានបាន៕



No comments:
Post a Comment