ជីវិតកវី អឿ ស៊ីណា
ក្នុងវ័យ២៨ឆ្នាំ
លោក អឿ ស៊ីណា គឺជាអ្នកវាយអត្ថបទភាសាខ្មែរ និងជាអ្នកនិពន្ធសៀវភៅមួយរូប
នៅក្នុងគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។
ស្ថិតក្នុងគ្រួសារកសិករ និងនេសាទត្រី នៅភូមិកោះធំ ឃុំព្រៃគ្រី
ស្រុកជលគិរី ខេត្ដកំពង់ឆ្នាំង លោក អឿ ស៊ីណា ជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់
ដែលបានរើបម្រះចេញពីការធ្វើស្រែ និងការនេសាទត្រី ដោយតស៊ូរៀនសូត្រ រហូតជាប់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្ដខ្មែរ
និងបច្ចុប្បន្នបានបន្ដសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអក្សរសិល្ប៍ នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ
ដោយមានការជ្រោមជ្រែងពីលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ហើយថ្មីៗនេះ លោកបានចេញផ្សាយស្នាដៃពាក្យកាព្យមួយ
ដែលមានចំណងជើងថា «កម្រងកំណាព្យវេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ»។
ដំណើរជីវិតរបស់កវីមកពីជនបទម្នាក់នេះ
បានជួបនូវបញ្ហា និងឧបសគ្គជាច្រើន ទម្រាំតែបានក្លាយជាកវីនិពន្ធ និងមានការងារល្អដូចសព្វថ្ងៃ។
ថ្វីដ្បិតតែកើតចេញពីគ្រួសារកសិករ និងនេសាទត្រី ដែលមានជីវភាពមិនសូវសម្បូរហូរហៀរ
ប៉ុន្តែឪពុកម្ដាយរបស់ស៊ីណា បានយកចិត្តទុកដាក់ និងឱ្យតម្លៃខ្ពស់លើការសិក្សារបស់កូនៗ
តែដោយសារតែជីវភាពខ្សត់ខ្សោយពេក កាលពីនៅថ្នាក់វិទ្យាល័យ លោក អឿ ស៊ីណា
បម្រុងនឹងបញ្ឈប់ការសិក្សារបស់ខ្លួន ដោយងាកទៅធ្វើការងារ ស៊ីឈ្នូលច្រូតស្រួវ
ស្ទូងស្រូវ និងស៊ីឈ្មួលលីស្រូវ លើកប្រហុកឡើងរថយន្តឱ្យគេ
ប្ដូរបានកម្រៃក្នុងមួយបាវ បានតែ១០០០រៀលប៉ុណ្ណោះ។ ទំនេរពីការនេះ គឺទៅនេសាទត្រីដើម្បីចិញ្ចឹមគ្រួសារ។
ក្នុងសម្លៀកបំពាក់ខោខ្មៅ
អាវស មានពាក់ក្រវ៉ាត់ ក ពណ៌ខ្មៅផងនោះ ស៊ីណា
បានរៀបរាប់ពីដំណើរជីវិតយ៉ាងដូច្នេះ៖
«ទម្រាំតែមានថ្ងៃនេះ ខ្ញុំបានឆ្លងកាត់ទុក្ខវេទនា សេចក្ដីលំបាកលំបិនគ្រប់បែបយ៉ាង
ហើយភាពលំបាកនេះហើយ ដែលធ្វើឱ្យខ្ញុំមានថ្ងៃនេះ ព្រោះវាជាកម្លាំងចិត្ដជំរុញឱ្យខ្ញុំយកឈ្នះ
បើទោះជាឧបសគ្គនោះយ៉ាងម៉េចក៏គឺខ្ញុំត្រូវតែដើរទៅមុខជានិច្ច គឺដើរដោយស្មារតីការខំប្រឹងដោយខ្លួនឯង
ឬថាខ្លួនទីពឹងខ្លួន បើខ្លួនឯងមិនប្រឹងខ្លួនឯង
តើមានអ្នកណាគេជួយប្រឹងជំនួសយើង។»
អនុស្សាវរីយ៍មួយដែលធ្វើឱ្យកវីវ័យ២៨ឆ្នាំរូបនេះ
ចាំមិនភ្លេចនោះ គឺជីវិតផ្សារភ្ជាប់នឹងការសិក្សា ព្រោះតែកត្ដាជីវភាពគ្រួសារលំបាកពេក
ហើយសាលារៀនក៏នៅឆ្ងាយពីផ្ទះផង ជារៀងរាល់ថ្ងៃ ស៊ីណាត្រូវក្រោកពីដំណេកនៅម៉ោង៤ទៀបភ្លឺ
ដើម្បីរៀបចំខ្លួនដើរពីផ្ទះទៅសាលា និងត្រឡប់ពីសាលាវិញ ត្រូវទៅនេសាទត្រី
ហើយជួនកាលទៅស្រែ ដើម្បីជួយស្រែភ្លឺរបស់ឪពុកម្ដាយ។ ជួនកាលឆ្លៀតទៅស៊ីឈ្នួលហ៊ុមសម្រាស់
(ព័ទ្ធចាប់ត្រី) ឱ្យគេពេញមួយយប់រហូតភ្លឺក៏មានដែរ។
ស៊ីណា
បញ្ជាក់ថា ដោយសាររវល់តែនឹងក្រពះពេក មិនសូវបានទៅរៀន មិនជាបានចូលរួមសកម្មភាពសង្គមប៉ុន្មានទេ
តែការរៀនសូត្ររបស់ស៊ីណា ក៏រៀនមិនអន់ជាងសិស្សដទៃប៉ុន្មានដែរ។
ក្រោយបញ្ចប់ថ្នាក់ទី១២
យុវជនស៊ីណា បានបន្តសិក្សានៅភ្នំពេញ ដូចទៅនឹងយុវជនមួយចំនួន
ដែលតែងតែជួបប្រទះបទពិសោធថ្មីៗនៃជីវិត។ ស៊ីណា
កាលបានបន្តសិក្សានៅភ្នំពេញ ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ
នៅសាកលវិទ្យាល័យភូមិន្ទ ក៏ព្រោះបានជាប់អាហារូបករណ៍ពីធនាគា world Bank សហការជាមួយរដ្ឋាភិបាល។
ទោះបីមានវាសនាបានបន្តសិក្សានៅក្រុងភ្នំពេញ តែជីវិតរស់នៅក្នុងទីក្រុងភ្នំពេញ
រឹតតែពិបាកទៅទៀត ព្រោះខ្លួនមិនស្គាល់ទេពីទីក្រុងភ្នំពេញ ហើយក៏គ្មានសាច់ញាតិត្រូវពឹងពាក់ទៀត។
ម្ល៉ោះហើយស៊ីណាត្រូវបង្ខំចិត្តរស់នៅក្នុងផ្ទះជួលតម្លៃ២៥ដុល្លារក្នុងមួយខែ។
មួយរយៈក្រោយមក ស៊ីណាត្រូវស្វែងរកការងារធ្វើ ដើម្បីទប់ទល់នឹងការចំណាយផ្សេងៗ។
ការងារដំបូងរបស់យុវជនមកពីជនបទម្នាក់នេះ គឺបានត្រឹមតែជាអ្នករត់តុក្នុងភោជណីដ្ឋានប៉ុណ្ណោះ។
ការងារនេះបានបង្រៀនស៊ីណា ឱ្យស្គាល់ពីសង្គមមួយ ដែលពោរពេញដោយភាពស្រស់ស្អាតសម្រាប់អ្នកមាន
តែជាភក់ជ្រាំសម្រាប់អ្នកក្រ។ ដោយចង់ដកបទពិសោធថ្មី ស៊ីណាបានធ្វើការងារស្ម័គ្រចិត្ត
ក្នុងស្ថានីទូរទស្សន៍មួយ ជាអ្នកសរសេរព័ត៌មាន ដោយសង្ឃឹមថា នឹងធ្វើឱ្យជីវិតរបស់ខ្លួនបានភ្លឺស្វាងតទៅមុខ។
រហូតក្រោយបញ្ចប់ការសិក្សា
នៅឆ្នាំ២០១៥ និងបានចូលបម្រើការការងារ នៅក្នុងក្រុមហ៊ុន ម៉េងលី ជេ.
គួច អេឌ្យូខេសិន ផ្នែកវាយអត្ថបទជាភាសាខ្មែរ ទើបយុវជនស៊ីណាបានរកឃើញពីជំនាញដែលខ្លួនស្រឡាញ់ពិតប្រាកដ
បើទោះបីជាជំនាញនោះពុំសូវមានអ្នកឱ្យតម្លៃ និងទីផ្សារការងារមិនសូវទូលំទូលាយក៏ដោយ
ក៏យុវជន អឿ ស៊ីណា ផ្ចិតផ្ចង់ជាមួយនឹងការងាររបស់ខ្លួនជានិច្ច។
ដោយសេចក្ដីសន្ដោស ស៊ីណា ត្រូវបានម្ចាស់ក្រុមហ៊ុន គឺលោកឧកញ៉ា
វេជ្ជបណ្ឌិត គួច ម៉េងលី ផ្តល់អាហារូបករណ៍ ឱ្យបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត
គឺជំនាញអក្សរសិល្ប៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គ្រឹះស្ថាន ម៉េងលី
ជេ. គួច យប់ដើម្បីអានសៀវភៅ និងធ្វើកិច្ចការស្រាវជ្រាវ។
លោក
អឿ ស៊ីណា មិនមែនត្រឹមតែជាអ្នកវាយអត្ថបទភាសាខ្មែរឱ្យលោកឧកញ៉ា
វេជ្ជបណ្ឌិត គួច ម៉េងលី ប៉ុណ្ណោះទេ ថែមទាំងបានរួមដំណើរអមលោកឧកញ៉ា គួច
ម៉េងលី ក្នុងសកម្មភាពចែករំលែកផ្នត់គំនិតដល់យុវជន សកម្មភាពសប្បុរសធម៌
ការធ្វើទានជាដើម។ គ្រានេះហើយ ដែលស៊ីណា និពន្ធកម្រងកំណាព្យ
កម្រងរឿងខ្លី រៀបរាប់ពីសកម្មភាពរបស់លោកឧកញ៉ា គួច ម៉េងលី ធ្វើសប្បុរសធម៌ទាំងផ្នែកអាណាចក្រ
និងពុទ្ធចក្រ។ ក្រៅពីសៀវភៅកម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី
និងខ្ញុំ លោកបានសសេររឿងខ្លីជាច្រើនរឿងផងដែរ ក្នុងនោះរួមមានរឿងចិញ្ចៀនមួយវង់
នំប៉័ងមួយដើម សំបុត្រម៉ែ ថ្ងៃកំណើតកូនស្រីខ្ញុំ គុណនៃទឹកចិត្ដ
ភ្ជុំបិណ្ឌឆ្នាំនេះ ទូរសព្ទដៃខ្ញុំ ដំណើរសម្សាន្ដតូចមួយ
សម្រស់បុប្ផាកោះប្រាក់ បំណងខ្ញុំ កូនដំបូង បន្លាក្នុងបាតជើង
រៀនអស់តែលុយ ស្រមោលអតីតកាល នំពងទា ៣ខ្យូ និង រឿងមនុស្ស៣ស៊ីជាដើម៕


No comments:
Post a Comment