Monday, March 23, 2020

១. ថ្ងៃកំណើត កូនស្រីខ្ញុំ


ខ្ញុំជាបុគ្គលិកថ្មីនៃក្រុមហ៊ុនដ៏ល្បីល្បាញមួយនៅភ្នំពេញគឺក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ខ្ញុំ​មាន​ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ក្នុងឃុំព្រៃគ្រី ស្រុកជលគិរី។ ខ្ញុំចូលបំពេញការងារនៅទីនេះ កាលពីឆ្នាំ​២០១៥ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ក្រោយពីចូល​​ធ្វើការ​​បាន​ជាច្រើនខែ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដែលខណៈនោះលោកប្រធានក្រុមហ៊ុន និងក្រុមការងារក្នុងការិយាល័យរបស់លោកប្រធាន ក៏នាំគ្នាធ្វើដំណើរ​ទៅ​ចូលរួមពិធីមង្គលការរបស់ខ្ញុំដែរ បើទោះបីជាផ្លូវឆ្ងាយយ៉ាងណាក៏ដោយ។ ភរិយា របស់ខ្ញុំមានស្រុកកំណើត​នៅខេត្តពោធិសាត់ ស្ថិតនៅឆ្ងាយពីទីរួមខេត្ត ចូលជ្រៅទៅតាមបណ្តោយ ស្ទឹងពោធិសាត់ ប្រមាណ២០​គីឡូ​ម៉ែត្រ។
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ ពួកខ្ញុំរស់នៅឆ្ងាយពីគ្នា ព្រោះខ្ញុំជាប់ធ្វើការនៅភ្នំពេញ ហើយ​អាចទៅលេងផ្ទះរយៈពេលចន្លោះពីរខែ ទៅបីខែម្តងប៉ុណ្ណោះ។
ចាប់តាំងពីរថ្ងៃរៀបការ​មក ទោះបីជាពួកយើងមិនបានរស់នៅក្បែរគ្នាក៏ពិតមែន តែពួកយើង ហាក់​បីដូចនៅក្បែរគ្នាជានិច្ចដែរ ព្រោះពួកយើងតែងតែឆាតរកកគ្នាតាមរយៈមីស្សិនជឺរជារៀងរាល់ យប់ បន្ទាប់ពី​ខ្ញុំត្រឡប់មកពីធ្វើការវិញ។ មួយខែ ពីរខែ បីខែ បួនខែ រហូតដល់ខែទីប្រាំបួន ខ្ញុំមិនដែលទទួលបានដំណឹង​អវិជ្ជ​មានណាមួយពីភរិយាខ្ញុំឡើយ ប៉ុន្តែនៅដើមខែប្រាំបួន នៃការមានផ្ទៃពោះរបស់គាត់ គឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៦ ភរិយាខ្ញុំបានទូរស័ព្ទមកខ្ញុំ គាត់បានប្រាប់ខ្ញុំថា គាត់មានអាការៈមិនសូវស្រួលពោះ ព្រោះជិត​គ្រប់​ខែ​សម្រាល។ ភរិយាខ្ញុំបន្ដប្រាប់ខ្ញុំថា កូនក្នុងផ្ទៃរើ និងធាក់ខ្លាំង។ ពេលទទួលបានទូរស័ព្ទពីគាត់ធ្វើឱ្យ​ខ្ញុំញ័រ​ដៃ​ញ័រជើងធ្វើការសឹងមិនកើត មានអារម្មណ៍ថា ព្រួយបារម្ភផង អរផង រំភើបផង ព្រោះជាកូនដំបូងរបស់ខ្ញុំ និង​គាត់។
ក្រោយពីទទួលដំណឹងនេះហើយ ខ្ញុំក៏ប្រាប់ព័ត៌មាននេះដល់ក្រុមការងារ និងជាពិសេស បានជម្រាប​ដំណឹងនេះ ដល់លោកប្រធានក្រុមហ៊ុនផងដែរ។ ក្រុមការងារទំាងអស់ពួកគេបង្អាប់ចម្អន់ខ្ញុំលេងផង អបអរ​សាទរ​ខ្ញុំផង ឯលោកប្រធានគាត់មិនមានប្រតិកម្មអ្វីធំដុំនោះទេ តែគាត់សួរអំពីសុខទុក្ខភរិយាខ្ញុំ ហើយខ្ញុំជម្រាប​គាត់ថា ភរិយាខ្ញុំប្រាប់ថា កូនធាក់ខ្លំាងហាក់ខុសពីធម្មតា។
ខ្ញុំប្រញាប់ប្រញាល់ឡើងរថយន្ត​តាក់​ស៊ីពីភ្នំពេញទៅពោធិសាត់ដោយតក់ក្រហល់ ត្រហេបត្រហប។
ម៉ោងជាងបួនរសៀលទើបរថយន្តតាក់ស៊ីបានចេញដំណើរពីចំណតផ្សារថ្មី ព្រោះរថយន្តរង់ចាំអ្នក​ជិះពេញទើប​
ចេញដំណើរ។
ទោះបីនៅពេលនេះ ខ្ញុំកំពុងស្ថិតនៅលើរថយន្តដែលទើបតែនឹងវិលកង់យឺតៗក៏ដោយ តែចិត្តខ្ញុំបាន​ហោះ​ហើរទៅដល់ពោធិសាត់បាត់ទៅហើយ។ ខ្ញុំស្រមៃឃើញទឹកមុខដ៏ខ្សោះកម្លាំងរបស់ភរិយាខ្ញុំ ស្រមៃឃើញ​រង្វង់មុខដ៏គួរឱ្យស្រឡាញ់របស់កូនខ្ញុំ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ ហើយក៏ព្រួយបារម្ភខ្លំាងណាស់ដែរ តែអ្វីទំាង​នេះ បានត្រឹមតែនៅក្នុងចិត្តរបស់ខ្ញុំប៉ុណ្ណោះ។
ស្ថិតក្នុងរថយន្តដ៏​ចង្អៀត​ណែន ពេលរថយន្តចាប់ផ្តើមវិលកង់ទៅមុខ ចិត្តខ្ញុំសែនពុះកញ្ជ្រោលឡើង និងបន់ឱ្យតែដល់ផ្ទះទេ។ ខ្ញុំបន់ស្រន់ក្នុងចិត្តកុំឱ្យភរិយាខ្ញុំ គាត់កើតអ្វីឱ្យសោះ សូមឱ្យកូនរបស់ខ្ញុំកើតមកសុខ​ភាពល្អ និងបន់សូមកុំឱ្យរថយន្តខូចតាមផ្លូវ។ ប្រហែលជាងពីរម៉ោងក្រោយមក រថយន្តក៏បានមកដល់ទីរួមខេត្ត​កំពង់ឆ្នាំង ខ្ញុំបន់លោកយាយទេពម្តងទៀត សូមឱ្យជួយជំរុញម្ចាស់រថយន្តតាក់ស៊ី និងអ្នកជិះកុំឱ្យឈប់នៅ​តាម​ផ្លូវនាំឱ្យខកខានដំណើររបស់ខ្ញុំ។ មែន ដូចបំណងរបស់ខ្ញុំ គឺរថយន្តពុំបានឈប់ច្រើននៅតាមផ្លូវនោះទេ គ្រាន់​តែសម្រាកម្តង ដើម្បីឱ្យអ្នកដំណើរចូលបន្ទប់ទឹកតែប៉ុណ្ណោះ។
ពេលទៅដល់ផ្ទះភ្លាម ខ្ញុំស្ទុះភ្លែតទៅរកភរិយាសំណព្វចិត្ដរបស់ខ្ញុំ តែពេលនោះ គាត់ខ្សោយខ្លាំងណាស់ គាត់បែកញើសថ្ងាសជោកដូចគេងូតទឹក។ គាត់នៅគេងឱបពោះថ្ងូរដោយការឈឺចាប់លើកន្ទេល។ ម្តាយក្មេកខ្ញុំ​បានប្រាប់ខ្ញុំថា ប្រពន្ធខ្ញុំប្រហែលជិតកើតហើយ ព្រោះឈឺពោះតាំងពីព្រឹកមកម្ល៉េះ តែឈឺមិនសូវខ្លាំង។ ម្តាយ​ក្មេកខ្ញុំប្រាប់ខ្ញុំទៀតថា ឆ្មបបុរាណមិនហ៊ានបង្កើតទេ ព្រោះគេខ្លាចគ្រោះថ្នាក់ ដោយសារភរិយាខ្ញុំទើបតែមាន​កូនលើកដំបូងផង។ ខ្ញុំដំអក់បន្ដិច ហើយសម្លឹងមើលទៅភរិយាខ្ញុំដោយក្តីអាណិត រួចខ្ញុំជម្រាបម្តាយក្មេកខ្ញុំវិញ។ អ៊ីចឹងមានតែយកគាត់ទៅមន្ទីរពេទ្យបង្អែកខេត្តតែម្ដងទៅម៉ែ។
ម្តាយខ្ញុំយល់ស្របចំពោះការលើកឡើងរបស់ខ្ញុំ ហើយខ្ញុំហៅកង់បីអ្នកភូមិឱ្យជូនពួកខ្ញុំឡើងមក​ទីរួម​ខេត្ត និងឆ្ពោះទៅកាន់មន្ទីរពេទ្យដែលនៅមិនឆ្ងាយប៉ុន្មានពីទីរួមខេត្ត។ ខ្ញុំបីភរិយាខ្ញុំឱ្យគាត់អង្គុយលើ​កង់បី​បានស្រួល ចំណែកឯខ្ញុំអង្គុយឱបគាត់ពីចំហៀង ឯម្តាយក្មេកខ្ញុំជិះម៉ូតូមួយផ្សេងទៀត ដើម្បីយកអីវ៉ាន់មកតាម​ក្រោយ។ មិនយូរប៉ុន្មានតាមរយៈផ្លូវដ៏រលាក់ និងបត់បែនតាមមាត់ស្ទឹងពោធិសាត់ ពួកយើងក៏បានមកដល់​មន្ទីរពេទ្យបង្អែកខេត្ត។
គ្រាន់តែកង់បីឈប់ភ្លាម ខ្ញុំចុះយ៉ាងរហ័ស រួចបីនាងរត់ចូលសំដៅទៅក្នុងមន្ទីរពេទ្យ ដោយប្រាប់ពូកង់​បីថា ចាំបន្តិចចាំយកលុយ។
ខ្ញុំដាក់ភរិយាដ៏ស្រស់ស្អាតខ្ញុំលើកៅ​អីក្នុង​បន្ទប់​​រង់ចាំខ្ញុំដកលុយហុចទៅពូកង់បី ដែលចូលមកជាមួយ ។
ទើបតែឱ្យលុយគេមិនទាន់រួចពីដៃផង ទូរស័ព្ទខ្ញុំក៏រោទិ៍ឡើង។ មិនបង្អង់យូរ ខ្ញុំក៏ចាប់លើកទូរស័ព្ទ​មើលលេខ​
ភ្លាម​មុននឹងលើ់ក។
.អូហ៍! លោកឧកញ៉ា ប្រធាន គួច ម៉េងលី...
ខ្ញុំដកដង្ហើមធំ ហើយចុចទទួលយ៉ាងតក់ក្រហល់។ ខ្ញុំគិតក្នុងចិត្តថា ប្រហែលជាលោកប្រធាន​ទូរស័ព្ទចង់​ហៅខ្ញុំត្រឡប់ទៅធ្វើការវិញហើយមើលទៅ ប៉ុន្តែពេលដែលខ្ញុំចុច ទទួល លោកប្រធានមានប្រសាសន៍ដោយ​ការព្រួយបារម្ភចំពោះភរិយាខ្ញុំថា ក្មួយ! ក្មួយស្រីយ៉ាងម៉េចហើយ? សម្រាលហើយឬនៅ? ខ្ញុំតបទៅលោក​ប្រធាន​វិញទំាងញ័រមាត់ថា បាទលោកប្រធាន មិនទាន់សម្រាលទេ ឥឡូវនេះ ខ្ញុំនិងគាត់កំពុងនៅមន្ទីរពេទ្យ​បង្អែកខេត្ត។ គាត់បែកទឹកភ្លួសយូរពេក ទើបឆ្មបបុរាណមិនហ៊ានបង្កើតទេកាលពីនៅផ្ទះ។
.អូហ៍ គ្រោះថ្នាក់ណាស់ (លោកប្រធានប្រាប់ខ្ញុំ) ក្មួយប្រញាប់ជម្រាបគ្រូពេទ្យឱ្យដឹងពីរឿងនេះទៅ កុំអែអង់ទៀត ព្រោះខ្លាចក្រែងបញ្ហាច្រើនជាងនេះ។
.បាទ. បាទលោកប្រធាន ខ្ញុំយល់ហើយ
បន្ទាប់មកលោក​ប្រធាន បានស្នើឱ្យខ្ញុំយកទូរស័ព្ទទៅជូនអ្នកគ្រូពេទ្យដែលប្រចាំការ ដើម្បី និយាយ។ ខ្ញុំមិនដឹងថា លោកប្រធានពិភាក្សាគ្នាដូចម្តេចខ្លះទេ ជាមួយអ្នកគ្រូពេទ្យនោះ ព្រោះលោកប្រធានក៏ជាវេជ្ជ​បណ្ឌិតផ្នែកជំងឺទូទៅនៅសហរដ្ឋអាមេរិកដែរ តែខ្ញុំឃើញអ្នកគ្រូពេទ្យតែងតែ ងក់ក្បាល ហើយមើលមក​ខ្ញុំនិងភរិយាដែលកំពុងអង្គុយរង់ចាំ។ បន្តិចក្រោយមក អ្នកគ្រូពេទ្យបាន ដាក់ទូរស័ព្ទចុះ ហើយនាំពួកយើងទៅ​កាន់​បន្ទប់សម្រាល។
ក្នុងបន្ទប់សម្រាលដែលគ្មានម៉ាស៊ីនត្រជាក់ អ្នកគ្រូពេទ្យបានចូលមកជួយពិនិត្យមើ​លអាការៈភរិយា​ខ្ញុំកាន់តែច្រើន ហើយបានយកស៊េរ៉ូមមកបន្តោកឱ្យភរិយាខ្ញុំ រៀបចំឧបករណ៍សម្រាល និងសង្រ្គោះ ហើយនិ​យាយលើកទឹកចិត្តខ្ញុំ និងភរិយាខ្ញុំថា មិនអីទេ កុំបារម្ភអី ព្រោះអាការៈ ភរិយាខ្ញុំមិន ទាន់ដល់ដំណាក់​កាល​គ្រោះ​ថ្នាក់ទេ ។ គាត់គ្រាន់តែបែកទឹកភ្លោះយូរប៉ុណ្ណោះ។ សកម្មភាពដ៏មមាញឹករបស់ក្រុមគ្រូពេទ្យ ខ្ញុំគិតថា អាចជាចំណែកតូចមួយរបស់លោកប្រធានខ្ញុំដែលមិនមែនជាការប្រើអំណាច ឬលុយកាក់នោទេ តែអាចជា​មនោ​សញ្ចេតនា និងក្នុងនាម ជាអ្នកជំនាញលើផ្នែកសុខភាពដូចគ្នា យល់ពីទុក្ខធុរៈអ្នកជំងឺដូចគ្នា ព្រោះខ្ញុំយល់​យ៉ាងច្បាស់ថា លោកឧកញ៉ាប្រធានមិនមែនជាមនុស្សចូលចិត្តប្រើឥទ្ធិពលអំណាច ឬលុយកាក់ជំនួសឱ្យការ​ទៀងត្រង់ និងថ្លៃថ្នូរឡើយ។
ខណៈក្រុមគ្រូពេទ្យ កំពុងមមាញឹកដៃជើង ជួយភរិយាខ្ញុំ លោកប្រធានក៏មកដល់។
ពុទ្ធោ !!! ម៉ោងជិតប្រាំពីរយប់ទៅហើយ (ខ្ញុំលាន់មាត់ក្នុងចិត្ត) ខ្ញុំលើកដៃសំពះលោកប្រធាន រួចនិ​
យាយ​ទៅកាន់គាត់ ដោយការរអែងចិត្ត។
.លោកប្រធាន អញ្ជើញមកដែរ...
លោកប្រធានមិនឆ្លើយតបទេ ដោយគ្រាន់តែញញឹមងក់ក្បាល រួចចោលភ្នែកមើលទៅក្រុមគ្រូ​ពេទ្យ​ដែលកំពុងញាប់ដៃញាប់ជើងជួយភរិយាខ្ញុំ ដោយវិជ្ជាជីវៈ។ បន្តិចមក អ្នកគ្រូពេទ្យ វ័យក្មេង រាងស្គមម្នាក់​បាន​ប្រាប់ឱ្យពួកយើងចាកចេញពីបបន្ទប់សម្រាល រួចវាំងនន និងទ្វារបន្ទប់សម្រាលបានបិទ។
គ្រាន់តែទ្វារ​​បន្ទប់​សម្រាលបិទភ្លាម អារម្មណ៍របស់ខ្ញុំ ក៏កាន់តែស្មុគស្មាញខ្លាំងឡើង បេះដូងខ្ញុំ​កក្រើក​ស្ទើរតែផ្ទុះចេញមកកក្រៅ ដោយសារតែអន្ទះសារចង់ឃើញមុខភរិយា ចង់ឃើញមុខកូនសំណព្វចិត្ដ ជាពិសេស​ព្រួយបារម្ភខ្លាចភរិយាខ្ញុំមានបញ្ហាផង។ ទំនងដោយឃើញអាការៈរបស់ខ្ញុំ ដែលបារម្ភពីភរិយាហួសហេតុ លោក​​​​​ឧកញ៉ាប្រធានបានយកដៃទះស្មាខ្ញុំតិចៗ រួចមានប្រសាសន៍លើកទឹកចិត្តខ្ញុំថា កុំបារម្ភអី គ្រូពេទ្យយើង​គេមានជំនាញណាស់ គេចេះសង្រ្គោះហើយ។ គេបារម្ភជាងក្មួយទៅទៀត ក្មួយកុំបារម្ភពេកអី។
ឮ​ប្រ​សាសន៍នេះ ខ្ញុំសែនមហារំភើប និងត្រេកអរ ព្រោះជឿថាភរិយាខ្ញុំ នឹងគ្មានបញ្ហាអ្វីកើត ឡើង​ឡើយ។ ប្រមាណជាសែបសិបនាទីក្រោយមក សំឡេងទារកយំ បានបន្លឺឡើងពីក្នុងបន្ទប់សង្រ្គោះ។ លោក​ប្រ​ធាន​បានបង្ហើបនូវស្នាមញញឹមពីបបូរមាត់គាត់ មើលមុខខ្ញុំ ខ្ញុំក៏ញញឹមស្ងួតតបទៅគាត់វិញដែរ។ ភ្លាម​នោះ​អ្នកគ្រូពេទ្យបានបង្ហើបទ្វារបន្ទប់ឱ្យពួកយើងចូល។ ខ្ញុំ និងលោកប្រធានក៏បាន ចូលទៅក្នុងបន្ទប់សម្រាល​តាម​អ្នកគ្រូពេទ្យ។ គ្រាន់តែក្រឡេកឃើញភ្លាម ខ្ញុំអរស្ទើរហោះ ខ្ញុំរំភើបរកអ្វីមកនិយាយពុំបាន។ កូនរបស់ខ្ញុំ​ត្រូវ​បានអ្នកគ្រូពេទ្យបីយកមកឱ្យខ្ញុំ បន្ទាប់ពីវះកាត់រួចភ្លាម កូនខ្ញុំស្រស់ណាស់។
.ក្មួយស្រី និងកូនអស់អី​ហើយ (លោកប្រធានមានប្រសាសន៍ដោយញញឹម ថែមទំាងហុចស្រោម​សំបុត្រ ដែលមានទឹកប្រាក់មួយចំនួននៅក្នុងនោះផងទៅឱ្យភរិយាខ្ញុំ ដែលកំពុងគេងលើគ្រែ)។
.នេះ ពូចងដៃក្មួយ និងកូនស្រី...(លោកប្រធាន មានប្រសាសន៍បន្ត)
.បានហើយ អស់អីហើយ ខ្ញុំត្រឡប់ទៅវិញហើយ (លោកប្រធានបញ្ជាក់បន្ថែម)។ មានប្រសាសន៍ចប់ លោកប្រធានក៏ចាកចេញមកក្រៅបន្ទប់។ ខ្ញុំក៏ជូនលោកប្រធានចេញមកក្រៅ ហើយសួរទៅលោកប្រធានថា លោកប្រធានអញ្ជើញទៅភ្នំពេញវិញទំាងយប់នេះឬ?
.បាទ ត្រូវហើយ ព្រោះស្អែកខ្ញុំ ត្រូវឡើងទៅបាងកកជួបដៃគូជំនួញ (លោកប្រធាននៅតែ ញញឹម)។  លុះចេញមកដល់ខាងក្រៅ លោកប្រធានបានដកស្រោមសំបុត្រ ពីក្នុងហោប៉ៅ ហុចមកឱ្យ ខ្ញុំមួយផ្សេងទៀត ដែលមានទឹកប្រាក់៨០០ដុល្លារ ដោយលោកប្រធានមានប្រសាសន៍ថា លុយនេះ ទុកបម្រុង ក្រែងត្រូវការប្រើ​ប្រាស់បន្ទាន់ ហើយពេលខ្ញុំមិននៅ ប្រសិនបើមានធុរៈត្រូវការលុយ កាក់អីចាំបាច់ ត្រូវទាក់ទងទៅមូលនិធិខ្ញុំ
គឺមូលនិធិម៉េងលី ជេ. គួច ភ្លាម គេនឹងផ្ទេរថវិកាឱ្យក្មួយភ្លាមហើយ។
.បាទ ក្មួយសូមអរគុណលោក​ប្រធានខ្លាំងណាស់ (ខ្ញុំលើកដៃសំពះលោកប្រធាន ដោយទឹកភ្នែករលីង​រលោង) លោកប្រធានយកដៃអង្អែលក្បាលខ្ញុំ ហើយមានប្រសាសន៍ថា កើតមកជាកូនប្រុសកុំទន់ជ្រាយ។ កុំ​គ្រាន់តែរឿងបន្តិចបន្តួចស្រក់ទឹកភ្នែក។ ពោលចប់ហើយ លោកប្រធាន ក៏ប្រញាប់ដើរទៅឡើងរថយន្តរួច​អ្នក​បើកបរក៏បើកចេញទៅ។
ពេលលោកប្រធានចេញទៅផុត ខ្ញុំក៏ត្រឡប់មកកាន់បន្ទប់សម្រាលវិញ ដោយក្នុងចិត្តរបស់ខ្ញុំ នៅតែ​ដក់ជាប់អំពីអំពើរដ៏សប្បុរសរបស់លោកប្រធាន។ ខ្ញុំមិនមែនជាមនុស្សអស្ចារ្យ មិនមែនជា មនុស្សដែលល្អប្រ​សើរ​នៅក្នុងក្រុមហ៊ុនឡើយ តែការយកចិត្តទុកដាក់លោកប្រធាន គឺពិតជាគុណ បំណាច់មហាធំធេង​ណាស់​សម្រាប់ខ្ញុំ។ លុយកាក់ខ្ទង់ពាន់ដុល្លារនេះ សម្រាប់គេអ្នកមាន គឺគ្មានអ្វីគួរឱ្យអស្ចារ្យទេ តែសម្រាប់ខ្ញុំ និង​គ្រួសារពិតជាមានន័យ និងពិតជាមានតម្លៃណាស់ ព្រោះវាអាចជួយឱ្យខ្ញុំ ដោះស្រាយបញ្ហាបានមួយគ្រាដែរ។  ទឹកចិត្តដ៏ល្អ និងមានគុណធម៌របស់លោកប្រធាន តាមខ្ញុំដឹងមិនមែនមានសម្រាប់តែខ្ញុំម្នាក់ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បុគ្គលិកគ្រប់រូបដែលបម្រើការងារនៅក្នុងក្រុមហ៊ុនលោកប្រធាន ជាពិសេស បុគ្គលិកដែល​ខ្សត់ខ្សោយទ្រព្យធន គឺលោកប្រធានតែងតែយកចិត្តទុកដាក់ជាងគេ។ លោកប្រធាន បានទិញធានារ៉ាប់រងគ្រោះថ្នាក់អាយុជីវិត​សម្រាប់​បុគ្គលិកគ្រប់ផ្នែក។ លោកប្រធានបានផ្តល់ការ សម្រាកមាតុភាពរយៈពេល៣ខែដល់ស្រ្តី ដែលបម្រើ​ការ​ងារក្នុងក្រុមហ៊ុន និងការឈប់សម្រាក ផ្សេងៗទៀត។ ខ្ញុំពិតជាមានសំណាងណាស់ ដែលបានបំពេញការ​ងារនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់លោកប្រធាន។ ខ្ញុំយល់ថា នៅក្នុងលោកនេះ មិនខ្វះទេ ក្រុមហ៊ុនល្អៗ សម្រាបយើងធ្វើការ តែប្រធានក្រុមហ៊ុនល្អ មានចិត្តសប្បុរស ដូចលោកប្រធាន គឺអាចពិ​បាក​រក។ ថវិកា ដែលលោកប្រធានបានផ្តល់ឱ្យខ្ញុំ គឺខ្ញុំរក្សាទុកសម្រាប់កូនស្រីរបស់ខ្ញុំ ទំាងការព្យាបាល និងទិញ​អា​ហារបំប៉ន​សម្រាប់​គាត់។ ខ្ញុំគិតថា កូនស្រីខ្ញុំ មិនត្រឹមតែមានសំណាង ដែលបានចាប់កំណើតជាមួយខ្ញុំទេ តែ​ក៏​មាន​សំណាងជាងខ្ញុំទៅទៀត ព្រោះបានលោកឧកញ៉ា ប្រធានគួច ម៉េងលី មកសួរសុខទុក្ខ និងយក​ចិត្ត​ទុក​ដាក់។
ដើម្បីតបស្នងចំពោះគុណបំណាច់នេះ ខ្ញុំនិងភរិយា បានបួងសួងសូមវត្ថុស័ក្តិសិទ្ធក្នុងតាមថែរក្សា​លោក​ប្រធាន និងក្រុមគ្រួសារ ឱ្យលោកប្រធានជួបប្រទះតែជ័យជម្នះលើមុខជំនួញ និងមានសុខភាពល្អជារៀង​រហូត។ អរគុណលោកប្រធាន!!!...

(ដោយ អឿ ស៊ីណា ៣០ សីហា ២០១៨)








២.ចិញ្ចៀនមួយវង់

ក្នុងរាត្រីដ៏ស្ងប់ស្ងាត់ ក្រោមពន្លឺព្រះចន្ទមួយចំណិត ដែលខ្យល់​បក់មក​រសៀកៗ ឯ​រលក​ប្រដេញគ្នាមិន​ឈប់​ដោយអំណាចខ្យល់ បន្ទាប់ពីប្រឡងបាក់ឌុបរួច ​ក្មេង​ប្រុស២​នាក់​ជាបង​ប្អូនកំពុងស្ថិតនៅលើ​កូនទូកតូច​មួយ ​ក្នុងលំហរ​ដ៏ធំ​ល្វឹង​ល្វើយ​ នៃ​ផ្ទៃទឹកបឹងដ៏ធំល្វឹង​ល្វើយ។ នៅលើកូនទូកនេះ មាន​ត្របៀតផ្លែសន្ទួច៥​ មាន​កន្ទេរ​មុង​ខ្នើយ​ និងមានម៉ាស៊ីន​កាវ៉ា​កាគី​​​កម្លាំង​៦សេស​មួយ​គ្រឿង​។
ក្មេង​ប្រុស​ពីរ​នាក់នេះ ម្នាក់ឈ្មោះ រ៉ាឌី ជាកូន​ច្បង ចំណែក​ឈ្មោះ ផល្លាជាកូន​ទី​២។ ពួកគេទំាងពីរ រស់​នៅក្នុងត្រកូលកសិករក្រីក្រ មានបងប្អូន៦នាក់។  គ្រូសារពួកគេ ធ្វើកសិ​កម្ម​ផង ប្រកបរបរនេសាទត្រី នៅភូមិ​កោះ​ធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្ដកំពង់ឆ្នាំងផង។ ទោះបីខិតខំយ៉ាងណា ក៏ជីវភាពក្នុងគ្រួសារពួកគេ មាន​ការខ្វះខាត ដដែល។
ជារៀងរាល់យប់ពួកគេតែងមកទីនេះ ដើម្បីនេសាទ ហើយយប់នេះក្រោយពីបិទ​នុយ​សន្ទូចរួច រ៉ាឌី ហាក់រសាប់រសល់ដេកមិនលក់។ រ៉ាឌី នឹកគយ់ទៅដល់រឿងរ៉ាវជាច្រើន ក្នុង​ជីវិត។ បន្តិចក្រោយមក កំពុងតែ​ស្លុង​អារម្មណ៍ ស្រាប់តែដៃរ៉ាឌី ដែលកំពុងដាក់លើគែមទូក រអិលធ្លាក់ទៅក្នុងទឹក។ រ៉ាឌីភ្ញាក់ខ្លួនក្រញាង ពេល​ដៃរបស់គេ ប៉ះត្រូវទឹក ព្រោះរ៉ាឌីគិតថា ទូករបស់គេ ជិតលិចទៅក្នុងទឹកទៅហើយ។ រ៉ាឌីស្ទុះយ៉ាង​រហ័សពី​កម្រាល​ទូក រួចដាស់ប្អូន​ប្រុសរបស់គេឱ្យក្រោកឡើង។ ផល្លា ប្អូនប្រុសរបស់រ៉ាឌី ក៏ស្ទុះឡើងភ្លែតតាម​រ៉ាឌីដែរ។ ទំាង ពីរនាក់ប្អូន នាំគ្នាប្រញាប់ប្រញាល់បាចទឹកចេញពីទូក លុះបាចរួចហើយ រ៉ាឌីក៏បបួលផល្លា សារសន្ទូច ដើម្បីត្រឡប់ទៅផ្ទះវិញ ទោះបីម៉ោងទើបតែបីរំលងអាធ្រាត្រក៏ដោយ ព្រោះរ៉ាឌី អារម្មណ៍មិនល្អ ដេកមិនលក់ និងទឹកចូលទូកច្រើន។ ប៉ុន្តែ ពេលពួកគេចាប់ផ្តើមសន្ទូច រ៉ាឌី បែរជាលាន់មាត់ប្រាប់ប្អូនប្រុសថា ចុម...យប់នេះ ម៉ោងតែបី តែត្រីសន្ទូចច្រើនណាស់ ច្រើន​ជាង រាល់សព្វដងទៅទៀត។ រ៉ាឌី ប្រាប់ឱ្យផល្លា ប្រញាប់ដោះត្រី ដើម្បីយកទៅលក់នៅផ្សារ​បានមុនគេ។​ រ៉ាឌី ហាក់ស្តាយ ចំពោះការប្រញាប់សារសន្ទូចនេះ ព្រោះត្រីកំពុងស៊ី  តែបន្ទាប់ ពីសារសន្ទូចហើយ ពួកគេក៏បញ្ឆេះម៉ាស៊ីន បើកសំដៅមករកផ្សារ។ ព្រឹកនេះ មិនដល់ម៉ោង ៨ផង ពួកគេក៏លក់ត្រីអស់ ទោះត្រីច្រើនជាងមុន។​ ពួកគេត្រឡប់ទៅផ្ទះ ដោយរីករាយ ។
ឆ្នាំនេះ រ៉ាឌី មានអាយុ១៨ឆ្នាំ និង​ជាសិស្ស​រៀនថ្នាក់ទី​១២ នៅវិទ្យាល័យក្នុងឃុំ ។ ​រ៉ាឌី​​ក៏ជាសិស្ស​រៀន​ពូកែ កម្រិតមធ្យមនៅក្នុងថ្នាក់ ទោះបីរ៉ាឌីគ្មាន​ប្រាក់រៀនត្រៀម  ឬគ្មានពេល​រៀន​ត្រៀម​ក្តី។
កាលពីមុនថ្ងៃ​ប្រឡងថ្នាក់​ទី​១២មកដល់មួយថ្ងៃ រ៉ា​ឌី ដែលមាន​ប្រាក់ត្រឹមតែ​៥ម៉ឺន​រៀល សម្រាប់ធ្វើ​
ដំណើរទៅ​ប្រឡង​រយៈពេល​២ថ្ងៃកន្លះ និងត្រឡប់មកវិញ បានលុតជង្គង់ សំពះលា​ម្តាយ និងឪពុកជិះកង់ចាស់​ទៅ​ទំាង​អារម្មណ៍មិននឹងនរក្នុងខ្លួន។ រ៉ាឌី មិនបាន​ចាយ​​វាយលុយនោះលើ​អ្វីទេ ព្រោះ​ការ​ស្នាក់​នៅ និងអា​ហារថ្ងៃត្រង់ និងពេលល្ងាច គឺរ៉ាឌី បានទៅ​ទូល​សុំព្រះសង្ឃ ដែលនៅវត្ត​ក្បែរ​មណ្ឌលប្រឡង។  ដើម្បីបានបាយ​ថ្ងៃត្រង់ រ៉ាឌីក៏​ត្រូវស្រូតចេញដំណើរ​ពីប្រឡង យ៉ាងប្រញាប់ប្រញាល់ដែរ ព្រោះបើមិនដូច្នេះ បាយថ្ងៃត្រង់​នឹង​ត្រូវ​គេទទួលទានអស់។  រ៉ាឌី តែងធ្វើរបៀបនេះ រហូតប្រឡងចប់។
បន្ទាប់ពីប្រឡងចប់ រ៉ាឌី ក៏ត្រឡប់ទៅផ្ទះវិញ ហើយបន្តការធ្វើនេសាទ​នៅកណ្តាល​បឹង​ដដែល។ ពេល​មកដល់ផ្ទះវិញ រ៉ាឌី លុតជង្គង់ និងលើកដៃសំពះលោកឪពុកអ្នកម្តាយ​របស់គេ ជាការគួរសម ដើម្បីសុំពរជ័យ ក្នុងការប្រឡងនេះ ប៉ុន្តែ រ៉ាឌី ជឿជាក់លើសមត្ថ​ភាព​របស់​គេច្រើនជាង ការជឿលើព្រេងសំណាង។ មិនយូរ​ប៉ុន្មាន ថ្ងៃប្រកាសលទ្ធផល ក៏បានមក​ដល់ ហើយដោយសារកត្តាជីវភាព​គ្រួសារ ចំពោះរ៉ាឌី ការទៅនេសាទ គឺសំខាន់ជាង លទ្ធផល​ប្រ​ឡង។ រ៉ាឌី មិនបានអើពើចំពោះមិត្តភក្តិ ដែលមកប្រកូកប្រកាសបបួលទៅមើល​ឈ្មោះ​​ប្រ​ឡងនោះទេ។ ប៉ុន្តែ ពេលត្រឡប់មកពីនេសាទវិញ រ៉ាឌី ហាក់រំភើបក្នុងចិត្តតិចតួច​ដែរ បន្ទាប់ ពីម្តាយ​ឪពុកគេប្រាប់ថា គេប្រឡងជាប់ហើយ។ រ៉ាឌី គ្រាន់តែញញឹម លើកទឹក​ចិត្តម្តាយឪពុក តែគេមិន​ត្រេកត្រ​អាល​ពេកឡើយ ព្រោះគេគិតថា ក្រោយប្រឡងជាប់សញ្ញា​បត្រនេះ ហើយតើត្រូវទៅរៀនអ្វីបន្តទៀត នៅសាកល​វិទ្យាល័យ ? បើជីវភាពក្រខ្សត់បែប​នេះ​នោះ។ ប៉ុន្តែ អ្វី ដែលធ្វើឱ្យរ៉ាឌី រំភើបខ្លាំងនោះ គឺដំណឹង​ដែលគេលឺថា រូបគេ ជាប់អា​ហារូបករណ៍ ទៅបន្តការសិក្សានៅភ្នំពេញហើយ។
ពេលទទួលដំណឹងនេះ រ៉ាឌី ឈរទ្រឹងមួយកន្លែង ហើយទឹកភ្នែកគេក៏ហូរ។ រ៉ាឌី លុត ជង្គង់ចំពោះលោក​ពុកអ្នកម្តាយគេម្តងទៀត រួចនិយាយថ្លែងអំណរគុណអ្នកមានគុណទំាង ពីរដោយក្តីរំភើប និងបង្កប់ការគិត​ពិចារណា។
ម្ដាយ​រ៉ាឌី ចាប់រ៉ាឌីឱ្យក្រោកឡើង រួចសួររ៉ាឌីថា ម៉េចក៏កូន ធ្វើមុខអ៊ីចឹង​? រ៉ាឌីឆ្លើយ ទំាងអួលដើមក​ថា កូនគិតថា តើកូនអាចទៅរៀនបន្តដោយរបៀបណា? ​ ព្រោះគ្រួសា​រយើង​ខ្វះខាតខ្លាំងណាស់ កូនចង់នៅជួយ​ការងារពុកម៉ែវិញ។
ស្តាប់កូននិយាយដូច្នេះ ម្តាយរ៉ាឌីតបទៅកូនវិញដោយញញឹមថា មិនថ្វីទេកូន ព្រោះ​​ពេលនេះ ម៉ែសន្សំ​បានលុយខ្លះ ដែលកូននេសាទបាន ទិញចិញ្ចៀនមួយវង់ ទម្ងន់ពីរជី។ កូន​​​អាចយកវាទៅប្រើការបាន។  រ៉ាឌី សម្លឹង​​មើលទៅឪពុក ដែលឈរនៅក្បែរនេះដែរ។ ឪ ពុក​រ៉ាឌីញញឹមលើកទឹកចិត្ត។ ឯរ៉ាឌី បន្ទាប់ពីឃើញទឹក​ចិត្ត​ម្តាយឪពុកបែបនេះ គេក៏រលីង​រលោងទឹកភ្នែក រួចសម្រេចចិត្ត ទៅបន្តការសិក្សានៅភ្នំពេញទៀត។  រ៉ាឌី បាន​ត្រៀម​លក្ខណៈ​ខ្លះៗ ដើម្បីមកភ្នំពេញ ក្នុងនោះមានបង្ចិវខោអាវ កង់ចាស់  និងសៀវភៅសរសេរ​មួយ​ចំនួន​
តូច។  ធ្មេចបើក ធ្មេចបើក ថ្ងៃត្រូវឡើងមកភ្នំពេញ បានមកដល់។
ព្រឹកព្រលឹម ជាមួយនឹងសម្ពាយរបស់ខ្លួន រ៉ាឌី  ដើរទៅរកកំពង់ចម្លង ដើម្បីឆ្លងទៅ កាន់​ទីរួមខេត្ត​កំពង់​ឆ្នាំង និងបន្តឡើងរថយន្តទៅភ្នំពេញ។
ម៉ោង១២ថ្ងៃត្រង់ រថយន្តឈ្នួល បាននាំរ៉ាឌី មកដល់ភ្នំពេញ។ ដោយមិនទាន់បាន ទទួលទានបាយ​ថ្ងៃត្រង់ រ៉ាឌី ដើរដោយអាការៈហត់ហេវ សំដៅទៅរកទីវត្ត ដើម្បីសុំកន្លែង ស្នាក់អាស្រ័ដើម្បីរៀន និងទទួល​បានអាហារថ្ងៃត្រង់។ ជាដំបូងរ៉ាឌី បានសំដៅទៅរកវត្ត​ឧណ្ណាលោម ប៉ុន្តែ ពុំមានកុដ្ឋ ឬកន្លែងសម្នាក់​ណាអាច​ឱ្យរ៉ាឌីស្នាក់នៅបានឡើយ។ ទៅវត្តបទុមវត្តីក៏គ្មាន លុះទៅដល់វត្តលង្កា ដោយសាររ៉ាឌីបុំមានលិខិតបញ្ជាក់​ត្រឹម​​ត្រូវពីអាជ្ញាធរ ភូមិឃុំ រ៉ាឌី ក៏មិនត្រូវបានគេអនុញ្ញាតឱ្យស្នាក់នៅ ក្នុងវត្តលង្កាដែរ។
ដោយក្តីអស់សង្ឃឹម រ៉ាឌី បានចាកចេញពីទីវត្ត ទៅទិសខាងតំបន់បឹងកក់ ហើយទោះ បីមិនទាន់​មាន​បាយក្នុងពោះ រ៉ាឌីនៅតែបន្តដើរកកន្លែងស្នាក់នៅទៀត។ តែម្តងនេះ រ៉ាឌី ដើរ​រកផ្ទះជួល ដែលមានតម្លៃ​ថោក ដើម្បីស្នាក់នៅ។ ថ្ងៃជ្រេបន្តិចទៅហើយរ៉ាឌី បានជួបនឹង​និស្សិតម្នាក់ ដែលមានអាយុស្របាលគ្នា មកពី​ខេត្តព្រៃ​វែង។ រ៉ាឌី បានសួរទៅនិស្សិតរូប​នេះ​ថា តើម្តុំនេះ មានបន្ទប់ជួលក្នុងតម្លៃថោកសមរម្យទេ? ខ្លួនត្រូវ​ការជួល​មួយ​បន្ទប់ដើម្បីរៀន ព្រោះរ៉ាឌី រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សំណួរនេះ ត្រូវបាន​និស្សិតរូបនោះ​តបមកវិញថា បាទម្តុំនេះ ឬទីនេះមានបន្ទប់ជួលតម្លៃថោក គ្រាន់តែតូចចង្អៀតបន្តិច តែ​យើង​ជានិស្សិត មក​រៀង​ចឹង អាចទ្រាំស្នាក់នៅបាន ហើយមិនទើសទ័លទេ យើងអាចស្នាក់​នៅ​បន្ទប់ជាមួយគ្នាបាន គ្រាន់នឹងបាន​ជួយចេញថ្លៃបន្ទប់គ្នាខ្លះ។
គ្រាន់តែលឺពាក្យថា អាចស្នាក់នៅបន្ទប់ជាមួយគ្នាបាន រ៉ាឌី ត្រេកអរយ៉ាងខ្លាំង ព្រោះ យល់ថា ខ្លួន​មិនលំបាកដើររកផ្ទះជួលទៀតទេ។  អ្នកទំាងពីរ បានស្រុះស្រួលគ្នា  ក្នុងការ ស្នាក់នៅក្នុងបន្ទប់រួម ទោះតូច​ចង្អៀត ក៏ពួកគេ អត់ធ្មត់ស្នាក់នៅរួមគ្នាដែរ។
ក្រោយពីចុះឈ្មោះចូលរៀន បានពីរសប្តាហ៍ រ៉ាឌី បានឆ្លៀតពេលទៅស្វែងរកការងារ ក្រៅម៉ោងធ្វើ ហើយ​ជាលទ្ធផល រ៉ាឌី បានរកការងារធ្វើបាន ក្នុងក្លឹបរាត្រីមួយ ដោយមាន​តួនា​ទីជាអ្នករត់តុ ដោយទទួលបាន​ប្រាក់ខែ ៨០ដុល្លារក្នុងមួយខែ សម្រាប់ខែដំបូង។ ខណៈ​នេះ ទោះបីប្រាក់​កម្រៃមិនច្រើនក្តី តែវាអាចជួយ​សម្រួល សម្រាលបន្ទុករ៉ាឌី និងមិត្តរួមបន្ទប់បាន។ រ៉ាឌី នៅតែបំពេញការងារជាអ្នករត់តុ រហូតបញ្ចប់បរិញ្ញា​បត្រផ្នែកអក្សរសាស្រ្តខ្មែរ។
បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រ រ៉ាឌី មិនបានត្រឡប់ទៅស្រុកវិញភ្លាមទេ គឺនៅបន្តរៀបចំ ប្រវត្តិរូបដើរ​
ដាក់តាមក្រុមហ៊ុន ដើម្បីស្វែងរកការងារធ្វើ ស្របតាមជំនាញដែលខ្លួនរៀន។  ក្រុមហ៊ុន ឬគ្រឹះស្ថាន​សិក្សា​ជា​
ច្រើន ត្រូវរ៉ាឌី ដាក់ពង្រាយប្រវត្តិរូបរបស់ខ្លួន។ ប៉ុន្តែ រ៉ាឌី មិន​ត្រូវបានគេហៅទៅសម្ភាសទេ ធ្វើឱ្យរ៉ាឌី​អស់​សង្ឃឹម រហូតពេលមួយ ពេលរ៉ាឌីកំពុង អស់​សង្ឃឹមខ្លាំង អង្គុយសំកុកម្នាក់ឯង ស្រាប់ក្រុមហ៊ុន​​​មួយឈ្មោះថា ម៉េងលី ជេ. អេឌ្យូខេសិន ដែលជាក្រុម​ហ៊ុន​ដ៏ល្បីល្បាញមួយនៅកម្ពុជា បានទូរស័ព្ទមក ដោយប្រាប់រ៉ាឌីថា រ៉ាឌី អាច​ចូល​សម្ភាសបាននៅថ្ងៃស្អែក វេលាម៉ោង៩ព្រឹក។ ​
ដំណឹងនេះ ធ្វើឱ្យរ៉ាឌីរំភើបក្រែងលែង ព្រោះគេមិនស្មានថា រូបគេ ត្រូវបានក្រុមហ៊ុន ដ៏ល្បីល្បាញ ណាត់ជួបសម្ភាសដូច្នេះសោះ។ ដោយរំភើបពេក រ៉ាឌី បាននិយាយពាក្យថា អរគុណៗ ទៅកាន់ស្រ្តីអ្នក​ទូរស័ព្ទ​មក ជាច្រើនដង។ 
បន្ទាប់ពីដាក់ទូរស័ព្ទចុះ រ៉ាឌីត្រេកអរ រហូតភ្លេចបាយភ្លេចទឹក។ ពេលយប់គេងមិន​លក់ រសាប់រសល់ ព្រោះ​មានអារម្មណ៍ថា ភ័យផងអរផង ពេលជិត​ចូល​ដល់ពេល​សម្ភាស​​។
ស្អែកឡើងម៉ោង៨ព្រឹក រ៉ាឌីបានមកដល់ក្រុមហ៊ុនម៉េងលី ជេ.គួច អេឌ្យូខេសិន ដើម្បី​សម្ភាស​។ សន្តិ​សុខ​យាមខាងមុខ បាននាំរ៉ាឌី ទៅកាន់បន្ទប់រង់ចាំ បន្ទាប់មក ជំនួយការម្នាក់បានមក​នាំរ៉ាឌីទៅកាន់ ជាន់​ទី១៣ នៃ​អគារដ៏ខ្ពស់សន្លឹម ហៅថា អគារគួច លៀងហួ សាលប្រជុំ សូវ សុខ​ហួង។
ពេលចូលដល់ក្នុងបន្ទប់ រ៉ាឌី ហាក់ញ័រជើង ញ័រខ្លួនភ័យផងបារម្ភផង ព្រោះ សមា​ជិក អ្នក​សម្ភាស​មាន​ចំនួនច្រើន ជាពិសេស ត្រូវជួបសម្ភាសជាមួយលោកឧកញ៉ា គួច ម៉េង​លី ទៀត។ ប៉ុន្តែ ពេលសម្ភាស បែរ​ជា អ្នក​សម្ភាសសួរសំណួរងាយៗ  ហាក់ចង់ឱ្យរ៉ាឌីមក​ធ្វើការនៅទីនេះ។ លុះសម្ភាសចប់ ជំនួយការម្នាក់ បាន​ខ្សឹប​ប្រាប់រ៉ាឌីថា ការសម្ភាសនៅទី​នេះ មិនប្រើសំណួរពិបាក នាំឱ្យអ្នកមកសម្ភាសភ័យ ឬព្រួយបារម្ភទេ ព្រោះ​ត្រូវ​ការឱ្យ​មនុស្ស​មក​ធ្វើ​ការដោយកក់ក្តៅ។ រ៉ាឌី ត្រូវបានខាងផ្នែកធនធានមនុស្ស ទូរស័ព្ទប្រាប់ថា ជាប់ ក្នុង​ការ​សម្ភាសលើកចុងក្រោយនេះ ដែលតួនាទីរ៉ាឌី ជាអ្នកស្រាវជ្រាវប្រមូលទិន្នន័យក្រុម រៀបចំជាឯក​សារ​សម្រាប់​ក្រុមទំាងមូល ដោយរ៉ាឌី ទទួលបានប្រាក់ខែខ្ពស់ជាងមុន៤ដង។ រ៉ាឌី​មហាសែនសប្បាយចិត្ត ព្រោះគិត​​ថា ខ្លួនអាចចិញ្ចឹមខ្លួនរស់ហើយ ហើយអាចសន្សំ​ប្រាក់​ខ្លះផ្ញើទៅម្តាយផងដែរ។ រ៉ាឌី​ ក៏ពេញចិត្ត និងស្រលាញ់​ការ​ងារ ដែលក្រុមហ៊ុនតម្រូវឱ្យធ្វើ​ដែរ ហើយព្យាយាមធ្វើការដោយយកចិត្តទុកដាក់បំផុត។ ការ​ខិត​ខំប្រឹង​ប្រែង​របស់រ៉ាឌី ទោះបី នៅ(មានកម្រិតក្តី តែធ្វើឱ្យ លោកប្រធានក្រុមហ៊ុន គឺលោកឧកញ៉ា វេជ្ជ​បណ្ឌិតគួច ម៉េងលី ពេញចិត្តយ៉ាងខ្លាំង ហើយ​បានដំឡើងប្រាក់ខែ ៥០ភាគរយដល់រ៉ាឌី​នៅបីខែបន្ទាប់។ ក្រោយ​មកទៀត ដោយ​ឃើញ​រ៉ាឌី​ខ្វះខាត លោកឧកញ៉ា គួច ម៉េងលី ក៏បានផ្តល់ទូរសព្ទ​ម៉ាក​អាយហ្វូនហ្វាយថ្មី​មួយ​គ្រឿង ដល់​​រ៉ាឌី  និងនៅមួយឆ្នាំក្រោយទៀត លោកឧកញ៉ា ក៏បាន​ផ្តល់​​អាហារូបករណ៍ បរិញ្ញាបត្រ ជាន់ខ្ពស់ដល់រ៉ាឌីថែម​ទៀត​ផង។
សន្តានចិត្តរបស់លោកឧកញ៉ា ធ្វើឱ្យរ៉ាឌី មានចម្ងល់ខ្លះដែរថា ហេតុអ្វី ពេលខ្លះ គេបំពេញការងារ​មិន​បានល្អទេ តែលោកឧកញ៉ា នៅតែពេញចិត្ត និងកោតសរសើររូបគេ តែក្រោយមក ទើបរ៉ាឌីទទួល​ដំណឹង​មកថា ការជួយជ្រោមជ្រែងរបស់លោកឧកញ៉ាគួច ម៉េងលី គឺលោកចង់ផ្តល់ឱកាសឱ្យយុវជនខ្មែរ ជាពិសេស​យុវជនក្រី​ក្រមកពីជនបទ បានទទួលការ អប់រំ មានការងារធ្វើ ទទួលបានបទពិសោធន៍ និងមានជំនាញ សម្រាប់​អភិ​វឌ្ឍអនាគត​ប៉ុណ្ណោះ។  ការអនុគ្រោះរបស់លោកឧកញ៉ា គឺធ្វើឡើងតាមរយៈ ការផ្តល់ឱកាសការ​ងារ អា​ហារូបករណ៍ បន្តការសិក្សា  ព្រោះលោកឧកញ៉ា យល់ឃើញថា កូនអ្នកក្រ ទោះមានឱកាស បើយើង​មិនផ្តល់​​ឱកាស ក៏គ្នាគ្មានឱកាសដែរ។ រ៉ាឌីគិតថា ខ្លួនបានមកទីគឺដោយសារចិញ្ចៀនម្តាយមួយវង់ និងមាន​លទ្ធផល​ដល់​ថ្ងៃនេះ គឺដោយសារការផ្តល់ឱកាស របស់លោកឧកញ៉ា មហាសប្បុរស គួច ម៉េងលី។ លោក​ឧកញ៉ាគួច ម៉េងលី គឺជាអ្នកមានគុណទី៣ របស់ខ្ញុំ បន្ទាប់​ពីឪពុកម្តាយគ្រូបង្រៀនរបស់ខ្ញុំ។
ដំណឹងនេះ បាន​​លេចឮ​ដល់អ្នក​ស្រុក អ្នក​ភូមិ ហើយ​ម្នាក់​ៗ​តែង​តែនិយាយថា ខ្ញុំមាន​សំណាងណាស់ បាន​ធ្វើការជា​មួយឧកញ៉ា​ គួច ម៉េងលី ​​ព្រោះ​ឧក​ញ៉ា​រូបនេះ និងក្រុមគ្រួ​សារ ជាអ្នក​ធ្វើ​បុណ​ធ្វើទានខ្លាំងណាស់ ជាមនុស្សមានប្រជាប្រិយភាព មានចំណេះដឹងគួរ​ឱ្យគោរពបំផុត។ តាំង​ពីពេលនោះមក តាមរយៈចំណេះដឹង និងការងាររបស់រ៉ាឌី អ្នកភូមិ​របស់រ៉ាឌី​បាន​ផ្លាស់ប្ដូរផ្នត់គំនិតពីការ​នេសាទត្រី មកអនុញ្ញាតឱ្យ​កូន​ចៅ​បាន​ទៅ​រៀន​​សូត្រ​យកតម្រិះ​វិជ្ជាវិញ។ ​​​ 

អឿ ស៊ីណា​
ថ្ងៃទី៣ ខែ​កញ្ញា ឆ្នាំ​២០១៨

















៣. គុណ​ទឹកចិត្ដ​​

ខ្ញុំជាក្មេងកំព្រាឪពុកម្នាក់នៅក្នុងភូមិកោះធំ ហើយ​ការសិក្សារបស់ខ្ញុំគឺបាន​តែ​​ត្រឹមថា្នក់ទី​៨តែ​ប៉ុណ្ណោះ​។ ហេតុដែលធ្វើ​ឱ្យការសិក្សារបស់ខ្ញុំបានត្រឹមនេះ គឺដោយសារម្ដាយរបស់​ខ្ញុំមានជំងឺ​​មហា​រីកសុដន់ ហើយ​ឪពុកខ្ញុំ បានទទួលមរណភាព​ចោលខ្ញុំ តាំង​ពីខ្ញុំនៅតូច​។ ​ខ្ញុំ​មាន​ប្អូន​៣​នាក់ ដែល កត្ដានេះ ក៏ជាហេតុធ្វើ​ឱ្យខ្ញុំសម្រេច​ចិត្ដ​ឈប់​រៀន​នៅត្រឹមថ្នាក់​ទី​៨។ រហូតមកដល់ពេលនេះ ខ្ញុំបាន​ឈប់​រៀន​៥​ឆ្នាំហើយ ហើយ​៥ឆ្នាំនេះ ខ្ញុំប្រកបរបរ​ដើរ​ស៊ីឈ្នួល​ឱ្យគេ​នៅក្នុងភូមិ ដូចជា ​ការដក​ស្ទូងស្រូវច្រូតស្រូវ លីសែង​​ស្រូវ លី​សែង​ប្រហុកឱ្យគេជាដើម។ នៅ​សល់ពេលទំនេរបន្ដិច​បន្ដួច ខ្ញុំ​ឆ្លៀត​ទៅរកត្រី​ខ្លះ​ ដើម្បី​លក់​បាន​កម្រៃ​មក​ចិញ្ចឹម​គ្រួសារ។ ក្នុងរយៈពេល​៥ឆ្នាំ​នេះ ខ្ញុំសម្លឹងឃើញថា គ្រួសារ​ខ្ញុំ​មិនអាច​រើស​បម្រាស់​ពីភាពក្រីក្របានទេ។ ការខ្វះខាតក្នុងជីវភាព​នៅ​តែកើត​មានឡើង និង​ធ្វើឱ្យគ្រួសារខ្ញុំកាន់តែលំបាកទៅៗ ព្រោះប្អូនៗរបស់ខ្ញុំនៅតូចៗពេក មិនអាចជួយ​អ្វីបាន។
ដើម្បីស្វែងរកប្រាក់កម្រៃផ្គត់ផ្គង់ឱ្យប្អូនៗបានរៀន និងព្យាបាលម្តាយខ្ញុំ ខ្ញុំបានសម្រេចចិត្ត​ចាក​ចេញ​ពីស្រុកកំណើតទំាងអាឡោះអាល័យតាមរថយន្តឈ្នួលមកភ្នំពេញរកការងារធ្វើ។ នៅភ្នំ​ពេញ ខ្ញុំគ្មានស្គាល់​អ្នក​​ណា​ម្នាក់ទេ ខ្ញុំបានសាកល្បងឱ្យម៉ូតូឌុបជូនខ្ញុំទៅរកកន្លែង​ធ្វើ​សំណង់ ត្រង់​ណា​ក៏បាន ឱ្យតែគេ​ត្រូវការ​កម្មករ ហើយ​ធ្វើអ្វីក៏ខ្ញុំធ្វើដែរ ឱ្យតែបានលុយជួយដល់គ្រួសារ ជាពិសេស​ព្យាបាលម្តាយខ្ញុំ។
ពូម៉ូតូ​ឌុប​បាន​​ជូន​ខ្ញុំទៅដល់ការដ្ឋានសាងសង់អគារខ្ពស់មួយ កំពុងសាងសង់នៅម្តុំផ្សារ​ដើម​គរ ដែលនៅ​ខាងមុខការដ្ឋានមានសរសេរអក្សរជ្រើសរើសកម្មករ។ ក្រឡេកឃើញសេចក្តីជូន​ដំណឹង​នេះ ខ្ញុំពិតជាត្រេកអរ​មែនទែន។
ពេលកំពុងដកលុយពីក្នុងកាបូបឱ្យម៉ូតូឌុប ស្រាប់តែទាញវ៉ាប់ទៅបាត់ គឺចោរបានឆក់កាបូប​លុយ​​ខ្ញុំ ខ្ញុំស្រែកថាចោរៗ ដើម្បីឱ្យគេជួយដេញតាម តែគ្មានអ្នកណាដេញឡើយ ព្រោះគេម្នាក់ៗ​​មើល​​ទៅ​ហាក់យក​ព្រះ​អាយុរៀងៗខ្លួន។ ការពិតកាបូបលុយនេះ គ្មានលុយប៉ុន្មានទេ តែខ្ញុំស្តាយ។ ខ្ញុំ រត់ដេញ​តាមក្រោយបន្តិច ក៏ទុច​ជំហានវិញ ព្រោះចោរបើកម៉ូតូលឿន​ទៅឆ្ងាយហើយ។
ខ្ញុំឈរស្រឡាំងកាំង ព្រោះតែចោរឆក់។ ខ្ញុំស្ទាបហោប៉ៅ រកលុយឱ្យម៉ូតូឌុប តែអ្នករត់​ម៉ូតូទំ​នង​​ជាដឹង​ថា ខ្ញុំគ្មានលុយសម្រាប់ឱ្យគាត់ទេ គាត់ក៏ប្រាប់ថា មិនបាច់ឱ្យលុយគាត់ទេ ហើយគាត់ក៏​បាន​​​​ហុចលុយ​ប្រាំពាន់​រៀលមកឱ្យខ្ញុំវិញ គ្រាន់ខ្ញុំអាចទិញបាយហូបពេលល្ងាច។ ខ្ញុំមើលមុខគាត់ និង​មិន​ទទួល​យកលុយពីគាត់ទេ។ ក្នុងចិត្តខ្ញុំ គិតថា តើចោរនេះ តាមខ្ញុំពីកន្លែងណាមក? តើគេ​មក​ឆក់​​ខ្ញុំ​នេះ គេដឹងថា ខ្ញុំកំពុងអត់ទេ? ខ្ញុំគ្មាន​អ្វី​សល់ក្រៅពីសម្ពាយខោអាវចាស់ៗប៉ុណ្ណោះ។ ពេលនោះ អា​រម្មណ៍​​របស់​ខ្ញុំដូច​ត្រូវ​បាន​គេ​ដក​ព្រលឹងពីខ្លួន​។ រំពេច​នេះ ខ្ញុំគិតថា តើខ្ញុំគួរធ្វើអ្វី? ទីមួយ​ការ​ងារ​មិន​​ទាន់សុំគេបានធ្វើ ទី២ គ្មានប្រាក់ហូបបាយ ទីបី តើទៅ​ស្នាក់​នៅឯ​ណា? បើមិនស្គាល់គេនោះ? តើខ្ញុំនឹងក្លាយជាអ្នកសុំទានគេឬ? តើខ្ញុំលើកដៃសុំទានគេរួចទេ បើកម្លាំង​ខ្ញុំដៃ​ជើង​ខ្ញុំ មាន​ល្អ​គ្រប់​គ្រាន់​ទាំងអស់​នោះ?
កំពុងតែគិតវិលវល់ៗ ក្រឡេកមើលទៅជ្រុងម្ខាង​នៃកែងផ្លូវបែកជាបួន ខ្ញុំឃើញបុរសវ័យ​ចំណាស់​​ម្នាក់ សម្បុរស សក់ស្កូវព្រោង កំពុងទទួលទានបាយយ៉ាងឆ្ងាញ់​ក្នុងហាងអាហារ ជាមួយ​ក្រុម​​ការងារ​គាត់។ ខ្ញុំមិន  ស្គាល់គាត់ថា ជាអ្នកណាទេ តែក្រោយមកទើបខ្ញុំដឹងថា គាត់គឺលោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាន ក្រុម​​ហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលគេស្គាល់ថា ជាម្ចាស់​សាលា​​រៀន អន្តរទ្វីអាមេរិកាំង ដ៏ល្បីល្បាញ​នៅកម្ពុជាយើង។
ដោយមើលទៅទំនងថា គាត់​ជាមនុស្ស​ចិត្តល្អ ឬចិត្តសប្បុរសនោះ ខ្ញុំក៏ប្រថុយស្ពាយ​បង្វិច​ចូល​ទៅរក​គាត់។ ខ្ញុំលើកដៃសំពះគាត់ហើយ និយាយថា លោកពូ ឱ្យខ្ញុំសុំ​លុយ​បន្ដិច​បន្ដួច​មក សម្រាប់​​​ទិញ​បាយហូប ព្រោះតាំងពីព្រឹកមក ខ្ញុំមិនទាន់បានហូបបាយទេ។ មិញនេះ ចោរឆក់កាបូប​លុយខ្ញុំទៅបាត់ទៀត។
បុរសចំណាស់ មើលមុខខ្ញុំ ខ្ញុំនឹ​កក្នុងចិត្តថា គាត់ប្រាកដជាឆ្លើយថា ប្អូន ឬក្មួយមកពីណា ម្តេច​មិនរក​ការងារ​ធ្វើហើយ? តែផ្ទុយទៅវិញ គាត់​ញញឹមហើយ​សួរ​មកខ្ញុំថា ក្មួយ​មកពីណា មាន​អីវ៉ាន់​​សំពីងសំពោងផង​?  ខ្ញុំតប​ទៅ​គាត់វិញថា ខ្ញុំមកពី​ស្រុក​ជលគីរី ភូមិកោះធំ ខេត្តកំពង់ឆ្នាំង។ ខ្ញុំ គិតថា​មករកការងារធ្វើក្រែងបាន​លុយ​​​ខ្លះព្យាបាលម្តាយខ្ញុំ តែមិនទាន់បានអីផង ចោរឆក់កាបូប​បាត់​ទៅហើយ ហើយការងារមិនទាន់​រក​បាន​ទៀត។ 
ខ្ញុំ​និ​យាយ​ចប់​ភ្លាម បុរសចំណាស់បន្តញញឹមមករកខ្ញុំ ឯអ្នករួមតុជាមួយគាត់ ក៏មើលមក​ខ្ញុំដោយកែវ​​ភ្នែក​ហួស​ចិត្តដែរ។ បុរសចំណាស់ បាន​​ហៅ​អ្នក​រត់តុ​ឱ្យមកក្បែរគាត់ភ្លាម ហើយ​គាត់​ខ្សឹប​ប្រាប់​អ្នក​រត់តុ ដែល​ខ្ញុំមិន​ដឹងថា ខ្សឹបរឿងអ្វី តែគាត់បានឱ្យខ្ញុំអង្គុយនៅកៅអីក្បែរគាត់។ បុរសចំ​ណាស់តបមកខ្ញុំវិញថា គាត់​គ្មាន​ប្រាក់​ទេ។ គ្រាន់តែលឺប្រយោគនេះភ្លាម ខ្ញុំសែនស្លុតក្នុងចិត្ត ប៉ុន្តែ​​ប្រយោគបន្តរបស់គាត់ ដែលពោលថា តែ​ខ្ញុំ​មាន​បាយ​ម្ហូបឱ្យក្មួយហូប ធ្វើឱ្យកម្លាំងចិត្តរបស់ខ្ញុំ កម្រើក​​​​​ឡើងមកវិញ។  ​ខ្ញុំ​សប្បាយ​​ចិត្ដណាស់ ព្រោះយល់​ថា បន្តិចទៀតមាត់របស់ខ្ញុំនឹងបាន​ទំពារ​អាហារ ​ក្រពះខ្ញុំនឹងបានឆ្អែត។ មិនបង្អង់យូរបុរសចំណាស់ បន្ត​​សួរ​មកខ្ញុំ ​ក្មួយ​មកភ្នំពេញនេះ ចង់ធ្វើ​ការងារ​អ្វីដែរ? ខ្ញុំឆ្លើយភ្លាមមិនរារែកយូរថា ខ្ញុំ​គ្មាន​​ចំណេះ​ដឹង​អ្វីទេ​ ខ្ញុំមកនេះ គឺចង់​មករក​ការងារ​សំណង់​​ធ្វើនឹងគេ បើគ្មានការងារសំណង់ធ្វើទេ ធ្វើជាអ្នកលីសែង ឬធ្វើអ្វីក៏បានដែរ តែ​​មិន​ទាន់​បាន​អ្វី​ផង​ ក៏មានរឿងកើតឡើង។ បុរសចំណាស់នៅតែញញឹម ហើយងក់ក្បាល ​សួរ​ខ្ញុំដដែល​ថា ​ចុះ​ក្មួយ​រៀន​ដល់ថ្នាក់ទី​ប៉ុន្មាន? ខ្ញុំឆ្លើយវិញថា ខ្ញុំរៀន​បាន​ត្រឹមតែថ្នាក់ទី​៨ ប៉ុណ្ណោះ ព្រោះជីវភាព​គ្រួសារ​ខ្វះខាត​ខ្លាំង​ពេក​។ ​
គាត់​ញញឹម​មករកខ្ញុំទៀត​
.ចុះបើខ្ញុំមានការងារ​ឱ្យធ្វើ តើ​ក្មួយគិត​យ៉ាងម៉េចដែរ​? ក្មួយធ្វើទេ (គាត់សួរខ្ញុំ)
.បាទ ដូចខ្ញុំជម្រាបពូអ៊ីចឹង ការងារអ្វីក៏ធ្វើដែរ ព្រោះខ្ញុំត្រូវការយកប្រាក់ព្យាបាលជំងឺម្តាយខ្ញុំ
បុរសចំណាស់យកដៃ​អង្អែលស្មាខ្ញុំ ហើយពោលស្រាលៗថា ជីវិត​គឺបែបនេះហើយ ប៉ុន្តែ​បើក្មួយ​​ដួល​ហើយ ក្មួយ​ងើប​ ដួលហើយងើប នោះក្មួយ​នឹង​ទទួលជោគជ័យ​ក្នុង​ជីវិតនៅថ្ងៃណាមួយ។ ក្មួយកុំអាលអស់​សង្ឃឹម។  ជីវិត​នៅ​ទីក្រុងភ្នំពេញ គឺជាជីវិត​ដែល​ពោរពេញ​ដោយ​ភាពសប្បាយ ផ្អែម​ប្រៃ ល្វីងជូរចត់។ ខ្ញុំចង់​ប្រាប់​ក្មួយ​ថា ខ្ញុំ​គឺ​​ជា​មនុស្ស​ម្នាក់​ដែលកើត​ចេញ​ពីការ​សុំទាន​ដូច​ក្មួយ​ដែរ តែ​ដោយ​សារការ​តស៊ូរបស់ខ្ញុំ ការ​ព្យាយាម​របស់ខ្ញុំ​ ទើប​ធ្វើ​ឱ្យខ្ញុំ​មាន​ថ្ងៃនេះ។ ងាកមកនិយាយពីការ​ងារវិញ ការងារដែលខ្ញុំ​ចង់ឱ្យក្មួយធ្វើ គឺមិន​ទាមទារ​ចំណេះដឹង​ខ្ពង់​ខ្ពស់ទេ តែ​ទាមទារ​​​មនុស្ស​ស្មោះ​ត្រង់ សុភាពរាប​សារ រួស​រាយ​ រាក់ទាក់ ញញឹមស្វាគមន៍ ​ពិសេស​មាន​ស្មារតីទទួលខុសត្រូវ​ក្នុងការ​ការពារ​​​សុវត្ថិភាព​​ជូន​សិស្សានុសិស្ស​​ មានន័យថា ជាសន្តិសុខសាលា​រៀនរបស់ខ្ញុំ។  តើ​ក្មួយ​​​ធ្វើ​បាន​ទេ?
.បាទ ក្មួយធ្វើបាន (ខ្ញុំឆ្លើយយ៉ាងរហ័ស)
.ល្អណាស់ បើក្មួយធ្វើបាន (គាត់ឆ្លើយមកខ្ញុំវិញ) ចុះឥឡូវ ក្មួយស្នាក់នៅណា? ពូដឹងថា ពេល​នេះ​ក្មួយគ្មា​នកន្លែង​ស្នាក់នៅទេ ដូច្នេះ​តើ​ក្មួយ​​អាច​ស្នាក់នៅក្នុង​សាលា​រៀន​របស់ពូតែម្តង​បានទេ​?
ស្តាប់ប្រសាសន៍នេះ អារម្មណ៍របស់ខ្ញុំរំភើបយ៉ាង​ខ្លាំង។ បេះដូងខ្ញុំស្ទើរផ្ទុះចេញមកក្រៅ ​ពេល​​ឃើញ​សន្ដាន​ចិត្ដ​ដ៏មហាល្អរបស់គាត់។ ខ្ញុំតបទៅគាត់វិញថា បាទក្មួយ​អរគុណលោកពូខ្លាំង​ណាស់ ដែល​មាន​សន្ដាន​​ចិត្ដ​សណ្តោស​ប្រណីដល់អ្នក​ក្រ​ខ្សត់​ដូចខ្ញុំ​​។​
បន្ទាប់ពីឯកភាពគ្នាហើយ លោកឧកញ៉ាគួច ម៉េងលី បានឱ្យគេលើកអាហារមួយចានធំ មក​ឱ្យខ្ញុំ ហើយ​ឱ្យខ្ញុំហូបអាហារនេះ។
.ច្រើនខ្លាំងណាស់ ខ្ញុំហូបម៉េចនឹងអស់? (ខ្ញុំនឹកក្នុងចិត្ត)
.ហេតុអ្វីទើបតែស្គាល់គ្នា គាត់ទុកចិត្តខ្ញុំ? គាត់ចង់សាកចិត្តខ្ញុំឬ? ឬគាត់មានបំណងអ្វី?  (ខ្ញុំ​នៅតែ​គិត​ក្នុង​​ចិត្តដដែល)
ចេញ​ពីហាងអាហារមកដល់​មុខ​អគារពណ៌ក្រហមលាយ​ពណ៌សរ បណ្តោយថ្ងៃ លោក​ឧកញ៉ា ​បាន​
ប្រាប់​​ទៅប្រធាន​សន្ដិសុខ​ ដែលកំពុងឈរយាមថា ជួយ​មើល​ថែរក្មួយ​ម្នាក់នេះផង ព្រឹក​ឡើងចាំ​ចាត់ចែ​ង​ការងារ​
ឱ្យ​គេធ្វើផង។​ ខ្ញុំលើកដៃសំពះលោកសន្តិសុខ ដោយការគោរព និងរអែង​ចិត្ត​ គាត់ក៏សំពះខ្ញុំវិញដែរ។ ចំណែក​លោកឧកញ៉ា បន្ទាប់ពី​មាន​ប្រសាសន៍ផ្តែផ្តាំរួច ​គាត់ក៏​បានឡើង​​​រថយន្តដែលចតចាំមុខអគារចេញទៅបាត់។
ខ្ញុំនៅឈររេរា ឱបបង្វិចខោអាវ បន្តិចក្រោយមកលោកសន្តិសុខ ​ប្រាប់ខ្ញុំថា ប្អូន​មាន​សំណាង​​ណាស់​ បានស្គាល់​​លោកប្រធាន ព្រោះក្រុមគ្រួសារ មានឪពុកម្តាយ បងប្អូនលោកប្រធាន ជាមនុស្ស មានចិត្តសប្បុរសណាស់។ គាត់​ចូល​ចិត្តជួយមនុស្សដោយមិនរើសមុខ ជាពិសេស ជនខ្វះ​ខាត​ផ្ទះសម្បែង ខ្វះខាតថវិកា ព្យាបាលជំងឺ និង​ជីវភាពខ្វះខាតជាដើម។ និយាយ​ចប់ លោកបងសន្តិសុខ​ប្រាប់​ខ្ញុំ​ឱ្យ​ទៅ​សម្រាកក្នុង​បន្ទប់​មួយដែលមាន​គ្រែ ​ពូក​យ៉ាង​ស្អាត និងផាសុកភាព​។​ នេះជាលើកទី​មួយ​ហើយក្នុងជីវិតខ្ញុំ ដែលខ្នងរបស់អ្នកក្រដូចខ្ញុំបាន​ប៉ះទៅ​លើពូក​ដ៏ទន់ល្មើយ គួរឱ្យរំភើប។ តាំងពី ចាប់កំណើតមក ខ្ញុំមិនដែលស្គាល់ទេដែលហៅថាគ្រែល្អ បន្ទប់គេស្អាត ឬពូក​ទន់ល្មើយទេ។ លោក ឧកញ៉ា ពិតជាធ្វើឱ្យខ្ញុំស្គាល់អ្វីទៅឋានសួគ៌ជីវិតហើយ។ ខ្ញុំគេងលង់លក់យ៉ាងស្កប់​ស្កល់ ខ្នង​របស់ខ្ញុំ ពិតជាមានសេចក្តីសុខណាស់។ ខ្ញុំគិតថា បើជីវិតខ្ញុំបែបនេះរហូតទៅ មិនដឹងថា ខ្ញុំសប្បាយចិត្ត​យ៉ាង ណាទេ?
ព្រឹកព្រលឹម ម៉ោងប្រមាណ៦ ខ្ញុំក្រោកពីដំណេក ហើយបន្ទាប់ពីងូតទឹក លុបលាងមុខមាត់​ និងស្លៀ​កពាក់រួច បងៗសន្តិសុខបាននាំខ្ញុំ​មកខាងមុខសាលា​ ដើម្បីបំពេញការងារជាសន្ដិសុខ។ ដោយ​សារ​ខ្ញុំមិន​ទាន់​មាន​ឯកសណ្ឋានសន្តិសុខ បងៗ​សន្តិសុខ បានប្រាប់ឱ្យខ្ញុំបំពេញនាទីសន្តិសុខ ដោយ​ប្រើ​សម្លៀកបំពាក់​ធម្មតា​សិន តែមុននឹងបំពេញការងារ បងៗបានណែនាំខ្ញុំពីរបៀបរបប វិធី​សាស្រ្ត និងច្បាប់​ក្រុមហ៊ុនយ៉ាង​លម្អិតមកដល់ខ្ញុំ។ ជាចុងក្រោយ បងៗប្រាប់ឱ្យខ្ញុំខិតខំបំពេញការងារ ឱ្យបាន​ល្អ ព្រោះនៅក្រុមហ៊ុន​លោក​ឧកញ៉ា គួច ម៉េងលី ពេលបុគ្គលិកណាបំពេញការងារបានល្អ នឹង​ទទួល​បានការលើកសរសើរ និងប្រាក់រង្វាន់​លើកទឹកចិត្តផងដែរ។ បងៗណែនាំខ្ញុំ ដោយក្តីមេត្តា ធ្វើ​ឱ្យខ្ញុំមានក្តីសង្ឃឹម។  ខ្ញុំជឿថា កាយវិការ ដ៏គួរឱ្យ​គោរព​នេះ ធ្វើ​ឱ្យ​ខ្ញុំគិតថា​បើ​គ្មានការណែនាំពី​លោក​ឧកញ៉ាទេ ក៏មិន​អាចមានលទ្ធផលល្អដល់ថ្នាក់ក្រោមនេះ​ដែរ។  ដំបូងឡើយ អ្វីដែលខ្ញុំ​ធ្វើ គឺនៅឆ្គងខ្លាំងណាស់ បានបងៗ ជួយជ្រោមជ្រែង​ប្រាប់ណែនាំខ្ញុំរហូត។ ធ្វើការ​នៅទីនេះ ខ្ញុំពិតជាកក់​ក្តៅ​ណាស់ ព្រោះបុគ្គលិកនីមួយៗ គ្មានចរិតប៉ែងជើង ឬជាន់ពន្លិចគ្នាទេ មានតែជួយគ្នា​ដោយ​​ភាព​ស្មោះ​ត្រង់ ដើម្បី​ឈាន​ទៅរកភាព​ជោគជ័យ។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ហើយខិតខំបំពេញការងារ តាមគោល​ការណ៍​ក្រុមហ៊ុន ដែល​ដាក់ឱ្យដោយមិនឱ្យបងៗ ជាពិសេសលោកឧកញ៉ា អស់​សង្ឃឹម​ឡើយ។ មួយខែដំបូង ប្រាក់ខែរបស់ខ្ញុំ​ត្រូវ​បាន​បើកនៅថ្ងៃទី៣០ ហើយខ្ញុំបានយកថវិកានេះ​ដោយ​រំភើប​ទៅជូនអ្នក​ម្តាយ ដែលកំពុងរុកកួន​ដោយជំងឺ​​មហារីក​​រ៉ុំារ៉ៃ។ ខ្ញុំពិតជារំភើបចំពោះកន្លែងការងារ និងប្រាក់ខែ តែខ្ញុំក៏ពិតជាតក់​ស្លុត ចំពោះជីវិតអ្នកម្តាយ​ខ្ញុំដែរ។ ខ្ញុំ​មិនដឹងថា តើមានអ្វីអាច​ជួយ​ជីវិត​អ្នក​ម្តាយបានទេ?
ការខិតខំរបស់ខ្ញុំ ក៏បានលាន់លឺទៅដល់លោកឧកញ៉ា ធ្វើឱ្យលោកឧកញ៉ាសប្បាយចិត្ត ហើយ​ពេលខ្ញុំ​​ត្រឡប់មកពីស្រុកវិញ លោកឧកញ៉ា បានហៅខ្ញុំទៅជួប រួចសួរនាំខ្ញុំ បញ្ហាការងារ។ លោក​ឧកញ៉ា សួរខ្ញុំអំពី​បរិ​​យាកាសការងារ តើពិបាកឬស្មុគស្មាញទេ? តើប្រាក់ខែទទួលបាន សម​រម្យ​ទេ  បើមិនទាន់​សមរម្យ អាចចរ​ចាគ្នាបានទៀត។ ប្រយោគនេះ ធ្វើឱ្យខ្ញុំកឿង​យោបល់ ព្រោះទោះ​មិនជាច្រើនណាស់ណា តែខ្ញុំទើបតែចូល​​បំ​ពេញ​ការងារដំបូង ម្យ៉ាងមិនទាន់ ចេះកិច្ចការអ្វី​ច្រើន​ផង  ចាំបាច់អ្វីត្រូវទាមទារខ្ពស់ជាង​នេះ? ខ្ញុំតបទៅ​លោក​ឧកញ៉ាវិញថា មិនអីទេ  ប៉ុណ្ណឹង សម ល្មម​នឹងសមត្ថភាពការងារហើយ។
ទំនងឃើញទឹកមុខខ្ញុំស្ងួតស្រពោន លោកឧកញ៉ា បន្តសួរខ្ញុំថា បើល្មម ហេតុអីមើលមុខ​ដូចជា​មិន​សប្បាយ​ចិត្ត?
ខ្ញុំនៅស្ងៀមមិនចង់ឆ្លើយ ព្រោះនេះជារឿងផ្ទាល់ខ្លួន មិនត្រូវជម្រាបលោកឧកញ៉ាឱ្យដឹង​ឡើយ។ យូរ​បន្តិចទើបខ្ញុំជម្រាបគាត់ថា មុខមិនរីកនេះ មិនមែនមកពីប្រាក់ខែតិច ឬការងារច្រើនទេ តែ​មកពី ខ្ញុំមានអ្នក​ម្តាយកំពុងមានជំងឺនៅផ្ទះ ដែលត្រូវការប្រាក់ព្យាបាល និងមានប្អូនៗពីរ​នាក់​ទៀត ដែលត្រូវមើលថែជំនួស​អ្នកម្តាយ។
លោកឧកញ៉ាបើកភ្នែកធំដោយភ្ញាក់ផ្អើល ហើយសួរមកខ្ញុំភ្លាម
.ម្តាយក្មួយកើតជំងឺអ្វី? ហើយសព្វថ្ងៃគាត់សម្រាកនៅមន្ទីពេទ្យណា?
.គាត់សម្រាកនៅផ្ទះ គាត់កើតជំងឺមហារីកសុដន់ (ខ្ញុំឆ្លើយទំាងអារម្មណ៍មិននៅក្នុងខ្លួន)
. ហ៊ឹម ចុះគ្រូពេទ្យគេថាម៉េចដែរក្មួយ? (លោកឧកញ៉ា សួរដោយភ្ញាក់ផ្អើល)
.បាទ ពេទ្យប្រាប់ថា ជាដំណាក់កាលចុងក្រោយហើយ
.ផ្តល់ដំណឹងឱ្យពូយឺតបន្តិចហើយ  ចុះបើពូចង់យកគាត់មកព្យាបាលនៅភ្នំពេញបានទេ?
.បាទ លោកពូ...
សំណេះសំណាលគ្នាចប់លោកឧកញ៉ាបានផ្តល់ថវិកាផ្ទាល់ខ្លួនឱ្យខ្ញុំ ២០០ដុល្លារ និងបាន​ប្រាប់ឱ្យខាង​អ្នកបើកបររថយន្ត ជួយជូនខ្ញុំទៅផ្ទះ ដើម្បីយកម្តាយខ្ញុំមកព្យាបាល។ បន្តិចក្រោយមក អ្នកបើកបរ ក៏បើករថ​យន្ត​សាលាមកដល់ ហើយជូនខ្ញុំទៅស្រុកកំណើត។ នៅតាមផ្លូវ ខ្ញុំនៅតែគិតថា អ្នកម្តាយរបស់ខ្ញុំនឹងមាន​ឱកាស​ជា​សះស្បើយពីជំងឺដ៏សាហាវនេះ។ លុះពេលមកដល់ ខ្ញុំឃើញ មនុស្ស​ជាច្រើន មានក្មេង មានចាស់ កំពុងអ៊ូអរ ប្រសេកប្រសាច នៅមុខផ្ទះខ្ញុំ។ គ្រាន់តែរថយន្ត​ឈប់ភ្លាម ខ្ញុំលោតចុះភ្លាម រួចរត់ទៅរកម្តាយខ្ញុំ។ ប្អូនខ្ញុំដែល​យំ​សស្រាក់ បានប្រាប់ខ្ញុំ ទំាងអួលដើមក ថា ម៉ែ ស្លាប់ហើយបង...
គ្រាន់តែលឺពាក្យនេះ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង ។ ខ្ញុំទន់ជង្គង់លុតជង្គង់ព្រឹបទៅលើរនាបផ្ទះ ។ ខ្ញុំ វា​រ​ទៅរក
​ម្តាយដែលសម្រាន្តស្តូកស្តឹងលែងកម្រើក ហើយភ្នែកបិទជិតឈឹង។ ខ្ញុំស្រែកហៅម៉ែខ្សឹបៗ ដើម្បីជម្រាប​គាត់​ថា ម៉ែមានសង្ឃឹមហើយ ព្រោះមានឧកញ៉ាចិត្តធម៌ជួយចេញប្រាក់ព្យាបាលហើយ​។ មាត់ ម៉ែ ដែលធ្លាប់ឆ្លើយ​តប ធ្លាប់ប្រៀនប្រដៅ និងដាស់តឿនខ្ញុំ កុំឱ្យដើរផ្លូវខុស​មិនអាច​កម្រើក​បាន។ ភ្នែកម៉ែ ដែលធ្លាប់តែមើល​មុខខ្ញុំ មិនអាចមើលឃើញខ្ញុំ ដៃរបស់ម៉ែដែលធ្លាប់អង្អែលក្បាលខ្ញុំ មិនអាចកម្រើកបាន។ ខ្ញុំបានបន្ទោសខ្លួនឯង​នៅចំពោះសពម៉ែថា ខ្ញុំគឺជាកូនមិនបានការ មិនអាច​ជួយ​​អ្វី​ម៉ែបាន។ ខ្ញុំបានសំពះបាតជើងអ្នកម្តាយ និងលើក​ទូលដាក់លើក្បាល។  ខ្ញុំបានចេញ​មក​ក្រៅផ្ទះ ប្រាប់ទៅអ្នកបើកបររបស់លោកឧកញ៉ាថា  ម្តាយខ្ញុំស្លាប់ហើយ លោកបងត្រឡប់ទៅ​វិញ​ចុះ។ បងអ្នកបើករថយន្តធ្លាក់ទឹកមុខហើយ ទាញទូរសព្ទពីក្នុងហោប៉ៅ មកទូរសព្ទ​ទៅកាន់​លោក​ឧកញ៉ា តាមដំណើររឿង។ ភ្លាមនោះ បងអ្នកបើកបរបានយកទូរសព្ទមកឱ្យខ្ញុំ ដើម្បីឆ្លើយឆ្លង​ជា​មួយ​លោក​ឧកញ៉ា។ សំឡេងក្តុកក្តួលរបស់លោកឧកញ៉ា តាមទូរស័ព្ទបានប្រាប់ខ្ញុំថា ក្មួយប្រុស ពូចូល​រួម​សោក​ស្តាយផង។ ពូពិតជាស្តាយណាស់ ដែលជួយម្តាយក្មួយទាន់ពេលវេលា។
ស្តាប់ប្រាសន៍លោកឧកញ៉ា កាន់តែធ្វើឱ្យខ្ញុំក្តុកក្តួល និងយល់ពីតម្លៃនៃទឹកចិត្តដ៏ល្អបរិសុទ្ធ​របស់​​លោក​ឧកញ៉ាថែមទៀត។ លោកឧកញ៉ា បានប្រាប់ខ្ញុំថា លោកនឹងជួយថវិកាទំាងស្រុង សម្រាប់​​ពិធីបុណ្យសព។ ទឹក​ចិត្តនេះ ធ្វើឱ្យខ្ញុំកាន់តែរំភើបថែមទៀត។ លុះល្ងាចឡើង ម៉ោងប្រមាណជា៥ រថយន្តទំនើបពីរបី​គ្រឿង​បានមក​​ដល់។ ខ្ញុំងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះវត្តមានរថយន្តទំាងនេះ តែបន្តិចក្រោយមក ក៏ឃើញលោក​ឧកញ៉ា ចុះពី​លើ​រថយន្តនោះមកដែរ ទើបខ្ញុំរំសាយចម្ងល់ដោយក្តីរំភើប ព្រោះមិនជឿសោះថា ខ្ញុំជាកូនចៅ ជាបុគ្គលិក​តូច​តាច ក៏លោកឧកញ៉ា យកចិត្តទុកដាក់​មក​ចូលរួមដែរ។ ទឹកចិត្ត និងសន្តានចិត្ត ដ៏ថ្លៃថ្លារបស់​លោក​ឧកញ៉ា នៅ​តែ​ស្ថិតក្នុង​ក្រអៅបេះ​ដូងខ្ញុំ​ជា​និច្ច។


អឿ ស៊ីណា​ 
ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨

















៤. សម្រស់បុប្ផាកោះប្រាក់


ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ គឺជាថ្ងៃឈប់សម្រាកគម្រប់ខួប២៥ឆ្នាំ នៃ​ទិវា​ប្រកាសឱ្យ​ប្រើ​ប្រាស់​​រដ្ឋ​ធម្មនុញ្ញកម្ពុជាជាថ្មី។ 
ថ្ងៃនេះដែរ ខ្ញុំ ​ជីវ័ន្ដ​ និង​វាសនា ​បាន​រៀបចំដំណើរកម្សាន្ដ​​ឆ្ពោះ​ទៅ​រ​ម្មណីយដ្ឋាន​កោះ​​ប្រាក់។ កោះប្រាក់​ជារម្មណីដ្ឋាន​ដែល​មាន​ផាសុកភាព​ ខ្យល់​ត្រជាក់​បរិសុទ្ធ​​ ​ដូច​​ក្នុង​​បទចម្រៀង​របស់​លោក​ស៊ិន ស៊ីសាមុត ដែល​លោក​បាន​ច្រៀង​រៀប​រាប់​ពី​សម្រស់បុប្ផា​កោះប្រាក់​​។ 
ពួកយើង​បានណាត់ជួប​ជុំ​គ្នា​នៅ​​ម៉ោង​​៩កន្លះ ​​ក្នុងហាង​ឈ្មោះលីណា។​ ​​ខ្យុះដែលយើងជួល អង្គុយ គឺនៅ​ប្របមាត់ទឹក និងប៉ប្រះផ្ទៃទឹក  គួរឱ្យចង់អង្គុយលេង។ ទីនេះ យើងអាចអង្គុយស្រូប យក​​ខ្យល់ ទទួលទានអា​ហារ និងមើលភ្ញៀវទេសចរដទៃទៀត ជាពិសេសគូសង្សារវ័យក្មេងដ៏ស្រស់​​សង្ហាជិះទូកកម្សាន្តទៅមក។
ជីវ័ន្ដ​បាន​ទៅដល់​កន្លែង​មុនខ្ញុំ ចំណែកខ្ញុំដល់​កន្លែងណាត់​​នៅ​ម៉ោង​៩និង​៥០​នាទី​ព្រឹក។ មក​ដល់​ភ្លាម ខ្ញុំសួរ​ជីវ័ន្ដ​ថា វាសនា​មក​ដល់​ហើយ​ឬនៅ? ជីវ័ន្ដ​ថា ​វាសនា​មិនទាន់​មកដល់ទេ ព្រោះ​ម៉ូតូ​ខូច កំពុង​ឱ្យជាងជួស​ជុល​។
ដើម្បី​មើលទិដ្ឋភាព​កោះប្រាក់​ឱ្យ​បាន​ច្បាស់ និង​ស្រប​យក​ខ្យល់​ត្រជាក់​​ផងដែរ ខ្ញុំបាន​ឈរ​នៅក្រៅ​ខ្យុះ។ ពេល​ខ្ញុំកំពុងឈរនៅ​ខាង​ក្រៅ អ្នកលក់ដ៏មានសម្រស់បានមកដល់។ ខ្ញុំ​បាន​ដើរ​ទៅ​ក្បែរ​​នាង ​​​ហើយ​សួរនាងថា តើនាងមានស្រុកកំណើតនៅកោះប្រាក់តែម្តង ឬមកពីចម្ងាយ ព្រោះ​តាម​សាច់ឈាម ពណ៌សម្បុរ នាងហាក់មិនមែនជាអ្នកស្រុកនេះទេ​? នាង​ញញឹម​មករកខ្ញុំ រួចប្រាប់​ខ្ញុំដោយ​សំឡេងតិចៗ សឹងស្តាប់មិនបានថា  នាងមិន​មែន​ជា​អ្នក​ស្រុក​នេះ​ទេ ។ នាងជាមកពី​កំពង់​ចាម មកជួយលក់ដូរម្តាយមីង គ្រាន់នឹងបានកំរៃខ្លះផ្ញើ​ទៅ​ម្តាយ​នៅស្រុក។ នាងប្រាប់ថា ទោះ​បីទី​នេះមិនមែនជាស្រុកកំណើត ក៏នាង​ស្រឡាញ់ទីនេះដែរ នាងស្រ​​ឡាញ់ និងចូលចិត្តណាស់ ព្រោះ​ទីនេះ មានទេសភាពស្រស់ស្អាត អាកាស​ធាតុត្រជាក់ មាន​ខ្យល់​បរិសុទ្ធ ជា​ពិ​សេស​​អ្នកស្រុក​នេះ រួសរាយ​រាក់​ទាក់។
ការលើកឡើងរបស់នាង ស្រដៀងនឹងខ្ញុំដែរ ព្រោះមនុស្ស និងទេសភាពនៅទីនេះ ធ្វើ​ឱ្យ​ចិត្ដ​ខ្ញុំជាប់​ជំពាក់ ជាពិសេសម្ចាស់ហាងតែម្តង។ ​​តែអ្វីដែលធ្វើឱ្យខ្ញុំខកចិត្តនោះ គឺនាងមានគ្រួសារ​ទៅ​ហើយ។ គ្រាន់​តែដឹង​ថា នាងមានគ្រួសារ ខ្ញុំស្រងាកចិត្តយ៉ាងខ្លាំង។ ជាមួយគ្នានោះ ​ជីវ័ន្ដ​បាន​ប្រាប់​រឿង​ដែល​ធ្វើ​ឱ្យខ្ញុំ​ភ្ញាក់​ផ្អើលមួយ​ថា ព្រឹកនេះ គេបាន​អញ្ជើញមនុស្សដ៏សំខាន់ម្នាក់មកចូលរួមដែរ។ ខ្ញុំមិនដឹងថា មនុស្សសំខាន់នោះ ជាអ្នកណា​ទេ ខ្ញុំមានចម្ងល់ តែនៅ​ស្ងៀមរង់ចាំចម្លើយរបស់គេ។ ​ជីវន្តមិនព្រមប្រាប់ខ្ញុំថា គេអញ្ជើញ​អ្នកណាមកទេ ឱ្យខ្ញុំ​រង់ចាំ​យ៉ាង​អន្ទះសារ ចង់ដឹងថា មនុស្ស​អស្ចារ្យ និងសំខាន់នោះជាអ្នកណា? រហូតមួយសន្ទុះក្រោយមក រថ​យន្ត​ទំនើបផលិតឆ្នាំ២០១៨ ពណ៌ខ្មៅមួយគ្រឿងបានមកដល់។  ជីវន្ត គ្រាន់តែក្រឡេកឃើញរថយន្តភ្លាម ក៏ស្ទុះ​ភ្លែត​​ទៅទទួល ឯខ្ញុំនៅរេរាក្នុងខ្យុះ។ បន្តិចក្រោយមក បុរស​សង្ហា វ័យជាង៤០ឆ្នាំ បានចុះពីលើរថយន្ត រួចដើរ​មក​រកខ្យុះ ជាមួយជីវន្ត។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លំាង  ពេលឃើញបុរសនេះ ព្រោះគាត់ គឺជាលោកឧកញ៉ា គួច ម៉េង​លី ប្រធានក្រុមហ៊ុនរបស់ខ្ញុំ។  ខ្ញុំក៏គិត​ស្ងើចសរសើរ ជីវន្តផងដែរថា ពិតជាគ្រាន់បើមែន​ គេ ព្រោះមាន​ឥទ្ធិពល អាចអញ្ជើញលោកប្រធាន​ឱ្យមកកម្សាន្តនៅទីនេះបាន។  ក្នុងដំណើរបែបរហ័ស​រហួន លោកប្រធាន​ញញឹម​​បណ្តើរ ដើរតម្រង់​មកខ្ញុំបណ្តើរ ខ្ញុំលើកដៃសំពះលោកប្រធាន ជាការគួរ​សម និងស្វាគមន៍។ លោកប្រ​ធាន​ដែល​មិន​ទម្រើសខ្លួន លើក​ដៃសំពះខ្ញុំវិញ រួចលូកដៃមកចាប់​ដៃខ្ញុំ​ដោយ​ភាពកក់ក្តៅ។  ខ្ញុំបានអញ្ជើញលោក​ប្រធាន​ឱ្យអង្គុយក្នុងខ្យុះ។ ការពិតលោកប្រធាន​របស់​ខ្ញុំ មិន​មែនជាមនុស្សប្រកាន់ ឬរើសអើងអី​នោះ​ទេ  គាត់​ជា​មនុស្ស​សាមញ្ញបំផុត តែខ្ញុំ​នៅតែមិន​ហ៊ាន ឬ​ញញើត​ញញើម​ក្នុងការជួប ឬអញ្ជើញ​គាត់ក្នុង​វិធីម្តងៗ ព្រោះ​ខ្ញុំនៅតែគិត និងយល់ថា លោក​ប្រធាន​ជាប្រធាន។ យើងមិនអាចចេះតែ​យក​ភាព​សាមញ្ញរបស់គាត់មក​ធ្វើអ្វី​តាម​ការនឹក​ឃើញ​នោះ​ទេ។ យ៉ាងហោច​ក៏ត្រូវគោរព និងផ្តល់តម្លៃ ដល់​គាត់​ជាប្រធានដែរ។ ពេល​នេះ លោក​ប្រធាន​មកដល់ហើយ តែ​នៅមិនទាន់​ឃើញ​វាស​នា​មកដល់ទៀត។
ឆ្លៀត​ពេលលោកប្រធាន​កំពុងចាប់អារម្មណ៍ផ្ទៃទឹក និងទូកទេសចរ   ​ជីវ័ន្ដ​បានលួច​ផ្ញើ​សារសម្លេងទៅ​កាន់​​វាសនា ដើម្បី​សួរ​ព័ត៌មានថា គេដល់ណាហើយ?  តែជាចម្លើយ​វាសនា​ប្រាប់ថា ប្រហែល​អត់​បាន​មក​ទេ ព្រោះ​ម៉ូតូធ្វើ​មិនទាន់រួច។
កម្មវិធីបាន​ចាប់ផ្តើម ដោយជីវ័ន្ដ​ជាអ្នកហៅ ឬ​កម្មង់​ម្ហូប។ មិនយូរប៉ុន្មាន ម្ហូប​ជាច្រើនមុខ មាន​មា​ន់​ដុតកូកាកូឡា មាន់​ដុត​គល់​ស្លឹកគ្រៃ ត្រីរ៉ស់បំពង​ ត្រីបឹង​កន្ឆែត មាន់​​ឆាក្ដៅ ស្លោជ្រក់មាន់ ឆាត្រកួន​គ្រឿងក្នុង បុក​ល្ហុង និងស្របៀមួយកេស​ក៏បានលើកមកដល់។
ក្លិនឈ្ងុយនៃម្ហូបអាហារ ជាមួយនឹងខ្យល់បក់តិចៗ ធ្វើឱ្យក្នុងខ្យុះមានសភាព​ត្រជាក់ស្រឹប ដូច​​ប្រើ​ម៉ាស៊ីនត្រ​ជាក់។ លូកដៃដួសម្ហួបបណ្តើរ  លោកប្រធាន​បាន​មាន​ប្រសាសន៍ទៅកាន់ជីវ័ន្ត​បណ្តើរ​​ថាខ្ញុំ​ខាន​កម្សាន្ត​​ក្នុង​បរិ​យា​កាសបែបនេះយូរហើយ តែថ្ងៃនេះ បានជីវ័ន្ត​នាំមក ខ្ញុំពិតជាស្រស់​ស្រាយ​ណាស់។ ទីនេះ ខ្យល់អា​កាស និងបរិយាកាសល្អ។ ​អរគុណ​ជីវ័ន្ដ ដែលនាំខ្ញុំមកកាន់ទីនេះ ​ ខ្ញុំ​សង្ឃឹម​ថា ជីវ័ន្ដ​នឹង​បង្កើត​កម្មវិធីបែបនេះ​ បាន​ញឹកញាប់មិនខាន។  មានប្រសាសន៍ជាមួយជីវ័ន្តចប់ លោកប្រធាន ងាកមកនិយាយជា​មួយខ្ញុំម្តង
. វិសាល តើ​ការងារ​ក្មួយ​ធ្វើ​សព្វថ្ងៃ​ដំណើរកា​រយ៉ាងម៉េចដែរ? ហើយដល់ណាហើយ​? (លោក​ប្រធាន​
សួរ) ខ្ញុំតប​ទៅគាត់វិញថា ការងារដំណើរការល្អធម្មតា​ទេ លោកប្រធាន មិនមានអ្វី​ជា​ឧបសគ្គ​ឡើយ។
ស្តាប់ការបកស្រាយរបស់ខ្ញុំ លោកប្រធានលើកទឹកសុទ្ធមកក្រេបបន្តិច រួចបន្តមានប្រ​សាសន៍​ថា ក្មួយ​​ៗ​ត្រូវដឹងថា ធ្វើអ្វីក៏ដោយ ដើម្បីជោគជ័យទៅបាន គឺត្រូវការការតស៊ូ ភាពអំណត់ព្យាយាម។  ធ្វើ​ដោយទទូច បើ​​ដួលហើយ ត្រូវចេះក្រោកឈរឡើងវិញ ​កុំបោះបង់ឱ្យសោះ។ អ្នកជោគជ័យភាគ​ច្រើន​គេមិនដែលបោះបង់​ក្តីព្យាយាមរបស់គេទេ ជោគជ័យរបស់ពួកគេ កើតចេញពីការតស៊ូ អត់ធ្មត់​ហ្មត់ចត់ និងល្អិតល្អន់។ បើក្មួយ​ធ្វើ​បែប​នេះ​បាន អ្វី​ដែលក្មួយកំពុងធ្វើ​ប្រាកដជា​បាន​សម្រេច​​។  ក្មួយ​ត្រូវតែដឹង​​រឿងទំាងនេះ ហើយត្រូវអនុវត្ដ​ប្រ​ចាំ​​ថ្ងៃ​។  លោកប្រធាន បានណែនាំពួកយើងយ៉ាង​ច្រើន​ទាក់ទងទៅនឹងជីវិតជោគជ័យរបស់លោក និងអ្នក​ដទៃ​ទៀត ហើយទីបំផុត កម្មវិធីត្រូវ​បាន​បញ្ចប់​នៅម៉ោង​៤កន្លះ ក្នុង​បរិយាកាសរីករាយ​បំផុត។ មុនពេលចាក​ចេញ​ទៅ លោក​ប្រធាន​ក៏បានប្រាប់ខ្ញុំ និង​​​ជីវ័ន្ដ​ថា  គ្រប់ពេល​វេលា ​ដែល​ខ្ញុំបាន​ជួប​ក្មួយ​ៗ ធ្វើឱ្យខ្ញុំមាន​អារម្មណ៍​កក់​​ក្ដៅ និង​ស្រស់​ស្រាយ​បំផុត ហើយថ្ងៃនេះ ខ្ញុំសូម​ឧបត្ថម្ភ​កម្មវិធីនេះទាំងអស់។ សូម​ក្មួយ​ៗ​ធ្វើ​ដំណើរ​ទៅវិញ ប្រ​កប​ដោយ​សុវត្ដិភាពតាម​ផ្លូវ។
កំពុងសំណេះសំណាល និងត្រងត្រាប់ស្តាប់ការទូន្មានពីលោកប្រធាន ស្រាប់តែស្រ្តីចំណាស់ វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់ និងកុមារតូចម្នាក់ទំនងជាចៅរបស់គាត់ បានអុំទូកមកដល់។ ស្រ្តីចំណាស់ បាន​ពពាយនាយលក់នំ អន្សម​ចេក និងអន្សមជ្រូក ដែលគាត់វេចផ្ទាល់ដៃ។ ស្រ្តីចាំណាស់ ស្នើឱ្យលោក​ប្រ​ធាន និងពួកយើងជួយទិញ។ គាត់មាន​ប្រសាសន៍ដោយសំឡេងញ័រៗដោយសារវ័យ និងដោយ​សារ​ការនឿយហត់ពីការអុំ ចែវទូក គួរឱ្យ​អាណិតថា ជួយទិញអន្សមគាត់ គឺដូចជួយចៅៗគាត់ឱ្យ​​បានទៅរៀនដែរ។ ប្រសាសន៍របស់គាត់ ពិតជា​ធ្វើឱ្យ​ខ្ញុំខ្លោច​ផ្សារណាស់ នឹកឃើញដល់ជីដូនគេ ជីដូនខ្ញុំ។ ភ្លាមនោះ លោកប្រធាន បានអញ្ជើញស្រ្តីចំណាស់ឱ្យចតទូក និង​លើកល្អីនំឡើងលើខ្យុះ។ លោកប្រធាន មើលមុខស្រ្តីចំណាស់បន្តិច ខ្ញុំឃើញលោកប្រធានធ្លាក់ទឹកមុខហាក់​អាណិតអាសូរស្រ្តី ចំណាស់។ លោកប្រធានមានប្រសាសន៍សួរស្រ្តីចំណាស់ថា នំទំាងអស់ថ្លៃប៉ុន្មាន? ខ្ញុំយក​ទំាង​អស់ ...​ស្រ្តីចំណាស់ បានប្រាប់តម្លៃអន្សមមកលោកប្រធាន ហើយលោកប្រធានបានជូនថវិកា ទៅស្រ្តីម្ចាស់ អន្សម បន្ទាប់មកលោកប្រធាន បានផ្តល់ថវិកា ១សែនរៀល ផ្សេងទៀតដល់កុមារតូច ដែលកំពុង​អង្គុយ​នៅ​កន្សៃទូក និងដែលមក​ជា​មួយ​ស្រ្តីចំណាស់។
ទទួលថវិកាហើយ ស្រ្តីចំណាស់ បានលើកដៃសំពះថ្លែងអំណរគុណលោកប្រធាន និងបួងសូង​សូម​ឱ្យ​លោក​ប្រធាន ជួបតែពុទ្ធពរទំាងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាត​ឡើយ ហើយគាត់ក៏​ឡើង​​ទូក​ចេញទៅទំាងរលីងរលោងទឹកភ្នែក ទំនងរំភើបចិត្ត ដែលលោកប្រធាន ជួយទិញ​អន្សមគាត់។ ពេល​ស្រ្តី​ចំណាស់​ចេញទូកទៅផុត លោកប្រធានឈរមើលយូរបន្តិច ទើប​អង្គុយ​ក្នុងខ្យុះវិញ។ លោកប្រធាន បាន​
ទូន្មានពួក​យើង​ថា ប្រសិនបើយើងមានលុយ ហើយត្រូវទិញចំណីគេទទួលទាន គួរទិញដោយក្តីអាណិត តែ​កុំ​ទិញ​ដោយសារតែឃ្លាន។ មានប្រសាសន៍ចប់ លោក​ប្រធាន ក៏រៀបចំត្រឡប់មកភ្នំពេញវិញ។
លោកប្រធាន បានចាកចេញទៅមុនពួកយើង ហើយខ្ញុំក៏នៅតែកោតស្ញប់ស្ញែង ចំពោះ​សន្តាន​ចិត្ត​របស់​លោក​ប្រធាន ដែលមិនរើសអើងពួកយើង និងប្រៀនប្រដៅពួកយើងដដែល។


អឿ ស៊ីណា ២៥ កញ្ញា ២០១៨

















៥.   នំប៉័ងមួយដើម​


នៅវត្ដសុណ្ណគីរី ជាជម្រកជាទីកន្លែង​ផ្ដល់​​នូវ​ចំណីអាហារ​បន្ដិច​បន្ដួច​ដល់ក្មេង​ៗកំព្រា​ ដែល​​​​គ្មាន​ឪពុក​ម្ដាយ គ្មានទីស្នាក់​អាស្រ័យ​។ ចិន្ដា ជាក្មេងស្រី​តូចល្អិត​ មាន​សម្បុរខ្មៅ ទឹក​មុខ​​​ស្លេកស្លាំង សម្លៀកបំពាក់​​ប្រឡាក់​​ដី។ ឆ្នាំនេះ​នាងមាន​អាយុ​១០​ឆ្នាំ។ ជារៀងរាល់ថ្ងៃចិន្ដា​តែង​តែ​មកវត្ដ​មិនដែលខាន​ឡើយ ​ដើម្បីយក​បាយ​សម្ល​​​ពីវត្ដ​ទៅជីដូន​​របស់​នាង។ ចិន្ដា​ជា​ក្មេង​​កំព្រា​គ្មាន​ម្ដាយ​​ឪពុកតាំង​ពីកើត​មក​ម្ល៉េះ។ នា​ង​ត្រូវ​បាន​ជីដូន​ចិញ្ចឹមបីបាច់ថែរក្សា​តាំង​ពី​កុមារភាព​​។ ខែ​​នេះ​ជារដូវ​​បុណ្យភ្ជុំ ចិន្ដា ​ត្រូវ​បាន​អាចារ្យ​វត្ដ​​ផ្ដល់​សេចក្ដីទុកចិត្ដ​​ឱ្យ​នៅ​យាម​ស្បែក​គ្រាន់​នឹងបាន​​ប្រាក់កម្រៃ​ និងជួនកាលតាមអាចារ្យ​ផ្តល់ប្រាក់​ផ្ទាល់​ខ្លួនបន្ដិច​បន្ដួច​​ទៅ​ចិន្ដា​​គ្រាន់​បាន​ទិញ​​ថ្នាំ​សង្កូវឱ្យជីដូន​។​
ថ្ងៃនេះ​ជាថ្ងៃបិណ្ឌ៥ ចិន្ដា ដែលក្នុងសម្លៀកបំពាក់ចាស់ពព្លាក់​មកវត្ដ ដើម្បីយាម​ស្បែក​ជើងគេ​​ដូច​សព្វ​ដង។ ម៉ោងប្រមាណ៩កន្លះព្រឹក ខណៈ​ចិន្តាកំពុងអង្គុយ​យាមស្បែកជើង​នៅច្រកចូលសាលា​ឆាន់ ស្រាប់​តែ​មនុស្សមួយក្រុម​បានមកដល់។ នោះគឺក្រុមគ្រួសារលោកឧកញ៉ា គួច ម៉េងលី ដែលមានម្តាយ​ឪពុកបងប្អូន និង​ភរិយារបស់លោកមកជាមួយផង។ ចិន្តា​មិនបាន​ចាប់​អារម្មណ៍ចំពោះវត្តមានរបស់ក្រុមគ្រួសារ​នៃ​សប្បុរស​ជននេះទេ ដោយនាងនៅផ្ចង់​អារ​ម្មណ៍​​​តែនឹងការមើលថែស្បែកជើងគេឱ្យបានល្អ ម្យ៉ាងនាងមិនបានស្គាល់ថា មនុស្ស​មួយ​ក្រុម​​នេះ​ជាអ្នកណា មកពីណាផង។ ឯលោកឧកញ៉ា និងគ្រួសារ​បានដើរមកដល់ ហើយ​ដោះ​​ស្បែក​​​ផ្ញើកន្លែងនាង រួចបន្តដើរចូលទៅក្នុងសាលាឆាន់។ ចិន្តាវិញ ដើម្បីងាយ​ចំណាំ​ស្បែក​ជើង និងម្ចាស់ស្បែក​ជើង នាង​ប្រមូលដាក់មួយដុំ តាមក្រុមមនុស្ស។ អ្នកណាម្នាក់ឯង នាងដាក់មួយឡែកដែរ។
បន្តិចក្រោយមកលោកឧកញ៉ា​ក៏ចេញពីក្នុងសាលាឆាន់មកវិញ ហើយដោយការ​ត្រៀម​​ទុក​ លោកឧក​ញ៉ា​បានដកថវិកា​ពីក្នុងហោប៉ៅចំនួន៥ម៉ឺនរៀលដើម្បីឱ្យនាង​​គ្រាន់​នឹង​ទិញ​អាហារហូប។ លុះពេលលោក​ចេញ​មកដល់​ក៏បាត់រូបនាង ឃើញតែកុមារា​ វិបុល នៅ​យាម​ជំនួស។ លោកឧកញ៉ា សួរថា តើក្មេងស្រី​ម្នាក់មុន​នេះ​ទៅណាហើយ? កុមារវិបុល ឆ្លើយ​ថា នាងទៅផ្ទះហើយ ព្រោះយាយនាងឈឺធ្ងន់...
ឮពាក្យនេះ ធ្វើឱ្យលោកឧកញ៉ា ស្រយង់ស្រយុតចិត្តយ៉ាងខ្លាំង ព្រោះអ្វីដែលលោក​ឧកញ៉ាចង់ជួយ គឺ​ប្រាស​ចាកស្រឡះ។ លោកឧកញ៉ា​សួរទៅវិបុលវិញថា តើផ្ទះក្មួយស្រី​នៅ​ដល់​ណា?  វិបុលប្រាប់ថា នៅឆ្ងាយ​
ពីវត្តប្រហែល៥០០ម៉ែត្រ។ គឺនៅខាងជើងវត្ត។ 
ស្តាប់ហើយលោកឧកញ៉ា ហុចថវិកា​ដែលបម្រុងទុកឱ្យនាង ឱ្យទៅវិបុលជំនួស រួច​លោក​​ឧកញ៉ា និង​
គ្រួសារ​ឱ្យវិបុល​ជួយជូនទៅរកផ្ទះនាង។ តែដោយវិបុល​ជាប់យាមស្បែក​ជើង​ វិបុល បានប្រាប់ឱ្យក្មេងប្រុស​
ម្នាក់​ទៀត​ជួយជូនទៅ។
មុនពេលចាកចេញ លោកឧកញ៉ា​ចិត្ដធម៌​បាន​ហុចនំប៉័ងមួយដើម​ឱ្យទៅវិបុល ដើម្បី​ទទួលទាន។ វិបុល ទទួលយកនំប៉័ងទំាងត្រហេបត្រហប ត្រេកអររំភើប និងស្រេកឃ្លាន ព្រោះ​​គេគិតថា ថ្ងៃ​នេះគេបានឆ្អែត​ក្រពះ​ទៀតហើយ។  បន្ទាប់មកលោកឧកញ៉ា ក៏ចាក​ចេញ​​ទៅ ដោយមានកុមារាម៉ន​ ជាអ្នកនាំផ្លូវទៅរកផ្ទះចិន្តា។  បន្តិចក្រោយមក​លោក​ឧកញ៉ា  និងគ្រួសារ បានមកដល់ផ្ទះចិន្តា​ដែលជាខ្ទមទាបជាប់ដី​ជញ្ជំាងរហែក ដំបូល​ធ្លុះ​ធ្លាយ។​ លោក​​​​ឧក​ញ៉ា​​ចុះ​ពីលើរថយន្តយ៉ាងលឿនដើរសំដៅទៅរកខ្ទមរបស់ចិន្តា។ ដោយសារ​តែ​ខ្ទម​ទាប  និង​ទ្វារតូច លោក​ឧកញ៉ា ដើរឱនៗ និងផ្អៀងខ្លួន ដើម្បីបានចូលទៅក្នុងខ្ទម។ លោក ឧក​ញ៉ា លើកដៃសំពះជីដូន​ចិន្តា​ ដែលកំពុង​ពិសារនំប៉័ង ខ្លួន​ដណ្តប់ភួយ រាងកាយមានតែ ស្បែក​​និង​​ឆ្អឹង។ ចិន្តា ដែលកំពុងអង្គុយជិតជីដូន ប្រែទឹកមុខជាភ័យ ព្រោះតែវត្តមានលោក​ឧកញ៉ា ក្នុងខ្ទមរបស់នាង។ ចិន្តា បម្រុងស្ទុះរត់ តែលោកឧកញ៉ា​ប្រាប់​ទៅនាងថា កុំភ័យក្មួយ ពូ មិន​ធ្វើ​អីក្មួយទេ ពូមកនេះ ពូចង់ជួយក្មួយ។ 
អ្នកបើកបររបស់លោកឧកញ៉ា​បានយកនំប៉័ង​មួយដើមមកឱ្យ ដោយមានទំាងទឹក​ដោះ​​​គោ​មួយ​កំប៉ុង​ផង។ លោកឧកញ៉ា​ដែលដៃម្ខាងកំពុងកាន់ភួយចាស់ ពិនិត្យ​មើល​អាការៈ​ ជីដូនចិន្តា បណ្តើរ ទទួលយក​នំប៉័ង​ពីអ្នកបើកបរបណ្តើរ​ហុចទៅឱ្យចិន្តា។ ចិន្តា ទទួល​​​យក​នំប៉័ងពីឧកញ៉ា ទំាងញញើតញញើម  ដោយកែវភ្នែក​របស់​​នាងផ្តោត​មើល​មុខ​លោក​​ឧកញ៉ា​ឥតដាក់។ ចិន្តា កាច់នំប៉័ង​រួចឱនខ្សឹបដាក់ត្រចៀកជីដូនតិចៗថា យាយ​ពិសា​​នំប៉័ង​​។ អ៊ំឱ្យ​នំប៉័ង។
ជីដូន​ចិន្តា​ដែលរួតរឹតដោយជំងឺប្រចាំកាយ ប្រែខ្លួនយឺតៗ មករកនាង។ ចិន្តា​បេះនំ ប៉័ង​​ជាដុំតូចៗ ដើម្បី​​បញ្ចុកជីដូន​។ ដាក់នំប៉័ង ទំពៀរក្នុងមាត់បានបន្តិច ជីដូនចិន្តា​លាន់មាត់ ខ្សឹបៗដោយសំឡេងខ្សាវៗថា ចិន្តា​នំប៉័ង​នេះ​ឆ្ងាញ់ណាស់ចៅ។ យាយ​ខានហូបវា​ជាង២០ឆ្នាំ​ហើយ។ ក្លិនវាឈ្ងុយណាស់។ អ្នកណាជាម្ចាស់​អំណោយ​​នេះ​ទៅចៅ?...
.ចាស៎  គឺអ៊ំម្នាក់នេះ​ យាយ...
ជីដូនចិន្តា ព្យាយាមទំាងលំបាកយកដៃស្ទាបដៃលោកឧកញ៉ា។ ជីដូន ចិន្តា លើកដៃ សំពះ​លោកឧកញ៉ា​ដោយទឹកភ្នែករលីងរលោងផង។
.អរគុណ លោកម្ចាស់ហើយ ដែលផ្តល់ឱ្យខ្ញុំ​នូវអាហារនេះ សម្រាប់ជីវិតចុងក្រោយ​របស់​​ខ្ញុំ។  ខ្ញុំខាន​
ហូបនំប៉័ងយូរហើយ។ ខ្ញុំមិនដែលបានហូបអាហារឆ្ងាញ់បែបនេះទេ ​ជាង​២០​ឆ្នាំនេះ។
ទំនងដោយឃើញជីដូនចិន្តារលីងរលោងទឹកភ្នែក លោកឧកញ៉ាក៏រលីងរលោង​ទឹក​ភ្នែក​ដែរ។ ឯចិន្តា
អង្គុយស្ងៀម ធ្វើភ្នែកម៉ក់ៗ មិនចេញស្តី។ បន្ទាប់មកលោកឧកញ៉ា ​ជម្រាប ទៅ​ជីដូនចិន្តាថា ដូនរបស់ចៅ... ខ្ញុំត្រូ​វការយកដូនទៅព្យាបាល តើដូនទៅទេ?
ស្តាប់សំណួរនេះ ជីដូនចិន្តា​តបវិញថា មិនអីទេលោកម្ចាស់អើយ ខ្ញុំសុំត្រឹមតែអាហារ ចម្អែត​ក្រពះ​​បានហើយ ​ហើយបើលោកម្ចាស់មានសទ្ធា លោកម្ចាស់អាចជួយប្រក់ដំបូល និង បំាង​​ជញ្ជំាងផ្ទះឱ្យខ្ញុំផង។ ខ្ញុំអាណិតចៅ ចៅជាស្រីមិនទាន់ដឹងក្តី​ត្រូវទឹកភ្លៀងសឹងរាល់ថ្ងៃ​រាល់​​យប់។ ដេកយប់ព្រលប់​ជញ្ជំាងបិទបាំងមិន​បានល្អ ខ្លាចក្រែងថ្ងៃក្រោយ មានរឿងមិនល្អ​ចំ​ពោះ​​នាង។
សំណូមពរនេះ ធ្វើឱ្យលោកឧកញ៉ា​ក្តុកក្តួលកាន់តែខ្លាំង ហើយបានសន្យាថា នឹង​ជួយចិន្តា និងជីដូន​នេះ​រហូតដល់ទីបញ្ចប់។  លោកឧកញ៉ា​លូកយកកន្សែង​ពីក្នុងហោប៉ៅ មក​ជូត​ទឹកភ្នែកខ្លួនឯង រួចមានប្រសាសន៍​ទំាង​រលីងរលោងទឹកភ្នែក។
.ជីដូន សូមជីដូនកុំបារម្ភអី  ខ្ញុំនឹងជួយជីដូនបន្តទៀតសម្រាប់ជីវិតចុងក្រោយ។ ខ្ញុំ​នឹង ឱ្យ​រថយន្តខាង​មន្ទីរពេទ្យមកដឹកជីដូនទៅព្យាបាល​នៅមន្ទីរពេទ្យ។ ខ្ញុំនឹងឱ្យជាងមកជួស​ជុល​ផ្ទះ​ជីដូន ឬធ្វើថ្មីពីឈើខ្ពស់ផុតពីដី​ឱ្យ​បានសមសម្យ។  ចំណែកចៅស្រីជីដូន ខ្ញុំ​នឹងជួយ ឧបត្ថម្ភ​នាង បើនាងចង់រៀន តាមការអនុញ្ញាតរបស់ជីដូន​ ខ្ញុំនឹងជួយឱ្យនាងរៀន​រហូតចប់​ថ្នាក់​។
និយាយរួច​ លោកឧកញ៉ា​បានប្រាប់ឱ្យអ្នកបើកបរ​ទូរសព្ទទៅមន្ទីរពេទ្យ​ ដើម្បីហៅ រថយន្តសង្រ្គោះ​បន្ទាន់​ដឹកជីដូនចិន្តាទៅព្យាបាលនៅមន្ទីរពេទ្យ។  ប្រមាណចាងជិត​២ម៉ោង​ក្រោយ​​​មក​រថយន្តសង្រ្គោះក៏មកដល់  និងបានដឹកជីដូនចិន្តា​ទៅកាន់មន្ទីរពេទ្យ ឯចិន្តា​បាន ត្រូវបានលោកឧកញ៉ា គួច ម៉េងលី ដឹកតាមរថដយន្ត​របស់​គាត់​​ទៅកាន់មន្ទីរពេទ្យ តាម​ក្រោយ​ដែរ។
នៅលើរថយន្ត ជីដូនចិន្តា​​នៅនឹង​ក្នុង​ចិត្ដ​​គិតថា នំប៉័ងមួយដើម ពិតជាមានរសជាតិ​ណាស់ ពិត​ជាមាន​ន័យណាស់​សម្រាប់ជីវិតខ្ញុំ ព្រោះខ្ញុំខានហូបវាយូរហើយ​ ហើយថ្ងៃនេះ បានអ្នក​មាន​​​គុណផ្តល់ឱ្យខ្ញុំពិតជា​អរគុណ​ហើយ។​
ពេល​មកដល់​មន្ទីពេទ្យដូនចិន្ដា ប្រឹង​ងើប​មក​និយាយ​ជាមួយ​ជាលោកឧកញ៉ា​ គួច ម៉េងលី ​ខ្ញុំគ្មាន​ពាក្យ​និយាយលើសនេះទេ ដោយសេចក្ដីរំភើបនឹងចិត្ដ​លោកម្ចាស់​ដែល​មាន​ចិត្ដ​​​ករុណាសណ្ដោសប្រោសប្រណី​ដល់​គ្រួសារខ្ញុំបែបនេះ ខ្ញុំមានតែជួនពរលោកម្ចាស់ សូម​ឱ្យ​លោកម្ចាស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ សូមឱ្យទេវតា​ទាំងឡាយជួយយិតយោងថែរក្សាបីបាច់​លោកម្ចាស់គ្រប់​ពេល​​វេលា។ ពេល​នោះ​​​លោកឧកញ៉ាប្រសាសន៍ ខ្ញុំ​អរគុណច្រើនដែលដូនចិន្ដា​ទទួលយក​នូវ​សន្ដាន​ចិត្ដ​របស់​ខ្ញុំ ខ្ញុំ​សូមលាដូន​សិនហើយ។ ពេលនោះ លោកឧកញ៉ា​បានប្រាប់​ឱ្យខាង​មូល​និធិ ម៉េងលី ជេ.​គួច រៀបចំទៅតាម​​
អ្វីដែលលោក​បាននិយាយ​ជាមួយដូនយាយ។
ខណៈ​ដែល​លោក​ឧក​ញ៉ា​បម្រុង​នឹងចាកចេញពីមន្ទីពេទ្យ​ ពេល​នោះក្មេងស្រីចិន្ដា​បានរត់​មកលុត​ជង្គង់​នៅចំ​ពីមុ​ខ​លោក​ឧកញ៉ា ហើយសំពះបីដង​ដោយនាងនិយាយថា ខ្ញុំអរគុណលោកតាខ្លាំងណាស់ ដែល​បានជួយខ្ញុំ និង​យាយខ្ញុំ។ ហើយខ្ញុំសូម​សន្យាជាមួយនឹងលោកតា​ថា​ខ្ញុំនឹងខំប្រឹងរៀន​សូត្រ​ឱ្យបានពូកែមិនឱ្យលោកតាអស់​សង្ឃឹមឡើយ។ លោកឧកញ៉ា ញញឹមហើយ​មាន​ប្រសាស​ន៍ថា​ ខំប្រឹងប្រែងឡើងចៅស្រី ចៅត្រូវចាំថា គ្មានអ្វី​ល្អ​ប្រសើរជាង​ការខំប្រឹង​ដោយ​ខ្លួន​ឯងនោះទេ បើទោះជាពេលនេះលោកតាបានជួយចៅមែន តែបើចៅមិន​ខំ​ប្រឹង​ខ្លួន​ឯង​ទេ នោះចៅគ្មានផ្លូវសម្រាប់ដើរទៅមុខឡើយ។ ផ្លូវនៅពេលអនាគត​គឺវែងឆ្ងាយ​ណាស់​សម្រាប់​ចៅ​ស្រីត្រូវដើរ ចៅ​ស្រីត្រូវមានជំហរឹងមាំក្នុងការដើរពីមួយជំហានទៅមួយជំហាន ហើយនេះ​ជាអ្វីដែលចៅស្រី​ត្រូវ​ចាំ​​។ ពេលនោះ​លោកឧកញ៉ាបាន​ឡើងឡាន​ទំនើប​ត្រ​ឡប់​មកវិញ​។ ហើយខាងមូលនិធិ ម៉េងលី ជេ. គួច បាន​រៀប​ចំ​ធ្វើតាម​អ្វីដែលលោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ ដោយឱ្យក្មេងស្រីចិន្ដាបានសិក្សារៀន​សូត្រនៅសាលាឋ​ម​សិក្សា​ព្រៃគ្រី​ត្បូង នៅចម្ងាយ​ប្រហែលជា​២០០ម៉ែ​ត្រ​ពីវត្ដសុវណ្ណគីរី​ ហើយប្រាប់ក្មេងស្រី​ចិន្ដា​ថា រាល់​ការផ្គត់​ផ្គង់សម្ភារៈសិក្សា និងថ្លៃសិក្សាខាងមូលនិធិជាអ្នកទទួលខុសត្រូវទាំងអស់ ពិសេស​​​ផ្ដល់​ប្រាក់ចំនួន​១០០ដុល្លារ​​ចិន្ដាផ្គត់ផ្គង់ជីវិតភាពរស់នៅប្រចាំថ្ងៃទៀត​ផង​។


អឿ ស៊ីណា ២៧ កញ្ញា ២០១៨




















៦.ភ្នំបិណ្ឌឆ្នាំនេះ


ឆ្នាំនេះ​ករុណាមាន​អាយុ​២១​ឆ្នាំ។ ករុណា​​ជាកូនច្បង​នៅក្នុងគ្រួសារ ហើយ​ក៏​មាន​រយៈ​ពេល​១​ឆ្នាំផងដែរ ដែល​ករុណាបាន​មកធ្វើការងារ​នៅទីក្រុងភ្នំពេញ។ ករុណា ជាមនុស្ស​ឧស្សាហ៍​ ព្យា​យាម​ម្នាក់ក្នុង​ចំណោម​ក្មេង​ៗជាច្រើន ​ដែលធ្វើការងារ​ជាមួយគ្នា។ ករុណា​ជា​សន្ដិ​សុខ​​​ស្ថាប័ន​ឯក​ជន​មួយ​កន្លែង។ ថ្ងៃមួយខណៈ ក្នុងកំឡុង​ពេលបិណ្ឌទី៦ នៃការកាន់បិណ្ឌភ្ជុំ របស់ខ្មែរ អ្នកគ្រប់គ្រងរបស់​ករុណា បានមកប្រាប់ថា  ឆ្នាំនេះករុណា ​មិន​បាច់​ទៅលេង​ផ្ទះទេ ព្រោះគ្មានអ្នកនៅកន្លែង។ ករុណា ដែលបំណងប្រាថ្នាចង់ទៅលេងស្រុក ដែលគូដណ្តឹងកំពុង​រង់ចាំ​នៅថ្ងៃភ្ជុំធំនោះ ហាក់ស្រងល់ចិត្ត ដោយ​ភ្ញាក់ផ្អើល។ ករុណា ទ្រឹងបន្តិច ហើយសួរទៅប្រធានរបស់គេ​វិញថា ហេតុអ្វី ត្រូវឃាត់ឱ្យគេនៅ ព្រោះថ្ងៃភ្ជុំធំ មិនមែន​ជាវេន​របស់គេត្រូវប្រចាំការទេ។ ប្រធានរបស់​ករុណា ពន្យល់ថា រឿងនេះគេ​យល់គេដឹង ប៉ុន្តែ ដោយ​​សារម្ចាស់វេន ដែលត្រូវប្រចាំការ ថ្ងៃភ្ជុំធំនោះមានធុរៈ ចាំបាច់តាំងពីថ្ងៃ​១៣​រោចទៅ ម្ល៉ោះហើយ ករុណា ត្រូវជំនួសគេ ចាប់ពីថ្ងៃ១៣រោចទៅ។​ ករុណា បានប្រកែក​ចំពោះកិច្ច​ការ​នេះ ដោយលើកឡើងថា អ្នកផ្សេងគេចេះមានធុរៈ ចុះខ្លួន មិនអាចមានធុរៈចាំបាច់ទេឬ? ប្រធាន​របស់ករុណាតប​វិញថា  មិនមែនដូចករុណាគិតនោះទេ  អ្នកដែលត្រូវយាមនោះ ពិតជាមានធុរៈ​មែន ហើយ​ករុណា អាចសម្រាកជំនួសបាននៅថ្ងៃក្រោយភ្ជុំរួច។
ពាក្យដោះសាររបស់ប្រធាន មិនបានធ្វើឱ្យករុណា ស្ងប់ចិត្តនោះទេ ព្រោះករុណ បានណាត់ ជាមួយគូ​ដណ្តឹងរួចទៅហើយថា  ថ្ងៃភ្ជុំ ពួកគេនឹងយកបាយសម្លទៅវត្ត ប្រគេនព្រះសង្ឃទំាងអស់គ្នា ម្យ៉ាងពួកគេទើបតែ​ភ្ជាប់​ពាក្យហើយថ្មីៗផង។  ជាពិសេស គឺករុណា ចង់ទៅសួរសុខទុក្ខលោកឪពុក ដែលមានជំងឺប្រចាំកាយ។  ប្រ​ធាន របស់ករុណា នៅតែទទូចថា ករុណា ត្រូវតែនៅប្រចាំការ ព្រោះ គ្មានអ្នកជំនួសទៀតទេ។ អ្នកផ្សេងៗ គេ​បាន​សុំច្បាប់ជាមុន ហើយសម្រាប់ករុណា ដែលនៅជំនួសម៉ោងអ្នកផ្សេង នឹងទទួលបាន ប្រាក់ប្រចាំថ្ងៃ គុណនឹង​ពីរ។
ឮដូច្នេះ ករុណា នៅតែមិនសប្បាយចិត្តឡើយ ព្រោះតម្រូវការរបស់ក្រុមហ៊ុន ធ្វើឱ្យគេនឹង​គូ​ដណ្តឹង អាច​ឈានទៅរកការអាក់អន់ចិត្តគ្នា ជាពិសេស គេមិនបានទៅសួរសុខទុក្ខលោក​ឪពុក​ជា​ទី​គោរព។
ដោយសារឮពាក្យថា នឹងទទួលបានប្រាក់កំរៃមួយគុណនឹងពីរ ធ្វើឱ្យករុណា រារែកក្នុងចិត្ត ព្រោះគេ​
យល់​ថា បើគេទៅស្រុក ក្នុងថ្ងៃភ្ជុំបិណ្ឌ គេនឹងអាចជួបជាមួយគូដណ្តឹង និងធ្វើ ឱ្យគូដណ្តឹង​សប្បាយចិត្ត  និង​ឪពុក​ម្តាយក៏សប្បាយចិត្តដែរ តែគេក៏គិតឃើញដែរថា បើគេមិនទៅស្រុកទេ គូ​ដណ្តឹង នឹងខឹងគេ ឬអាចឈាន​ទៅដល់ផ្តាច់ពាក្យ  តែអ្វីដែលធ្វើឱ្យគេឡើងវិញមួយទៀតនោះគឺ  បើមិនទៅស្រុក យ៉ាងច្រើនគូដណ្តឹងបាន​ត្រឹម​តែខឹង តែគេអាចទទួលបានកំរៃ សម្រាប់ផ្ញើទៅឱ្យម្តាយ និងឪពុកគ្រាន់នឹងទិញថ្នាំ ទិញអាហារឆ្ងាញ់​ហូបដែរ។​ គិតហើយករុណាសម្រេចថា មិនទៅស្រុកកំណើតទេ។ លុះសម្រេចចិត្តហើយ គូដណ្តឹង របស់​ករុណា ក៏ទូស័ព្ទមកល្មម។ គូដណ្តឹងរបស់​ករុណា  បានប្រាប់ឱ្យករុណា ទិញនំប៉័ង និងរបស់របរ ផ្សេងៗទៀត សម្រាប់​ពួកគេយកទៅវត្ត។
សំឡេងតាមទូរស័ព្ទ ដ៏ពីរោះរបស់គូដណ្តឹង បានធ្វើឱ្យករុណា អល់អែក រារែក មិនឆ្លើយ​បែប​ណា ដើម្បី​កុំឱ្យនាងខឹង ដើម្បីឱ្យនាងអនុគ្រោះដល់រូបគេ។ ករុណានៅទ្រឹងមួយ​សន្ទុះធំ ទើបដាច់​ចិត្តឆ្លើយទៅវិញ​ថា  ឱ្យបងសុំទោស ភ្ជុំឆ្នាំនេះ បងមិនបានទៅស្រុកទេ ព្រោះត្រូវបំពេញភារកិច្ច ជំនួសគេ  តែក្រោយភ្ជុំ បង​នឹង​​ទៅជួបអូន។
ពាក្យនេះ មិនបានធ្វើឱ្យគូដណ្តឹងគេពេញចិត្តទេ នាងបាននិយាយបែបគំហកខ្លាំងៗថា រដូវបុណ្យទាន​មិនទៅលេងស្រុក មិនធ្វើបុណ្យឱ្យជីដូនជីតា តើជាមនុស្សបែបណាទៅ?
សំណួរនេះ ករុណា មិនបានឆ្លើយតប ក្រៅពីពាក្យថា សុំទោសទេ។ ករុណា ព្យាយាមសុំទោស គូ​ដណ្តឹង​​ម្តងហើយម្តងទៀត ទោះនាងមិនព្រមអធ្យាស្រ័យក្តី។ បន្ទាប់នាងក៏ផ្តាច់ទូរស័ព្ទទំាងកំហឹង ហើយការ​ផ្តាច់​ទូរស័ព្ទ​ពីគូដណ្តឹង ធ្វើឱ្យករុណារសាប់រសល់យ៉ាងខ្លាំង  តែដើម្បីបានប្រាក់ បន្ថែម យកទៅទិញថ្នាំឱ្យឪពុក គេ​ត្រូវ​តែធ្វើបែបនេះសិន។ ករុណាបណ្តោយឱ្យនាងខឹងតាមចិត្តសិន ដោយគេគិតថា ពេលក្រោយភ្ជុំ ទៅ​ដល់​ស្រុកគេនឹងប្រាប់រឿងរ៉ាវនេះ ដល់នាង។​ ពេលគូ​ដណ្តឹង​ផ្តាច់ទូរស័ព្ទ  ធ្វើឱ្យចិត្តករុណា អន្ទះអន្ទែង ចង់​ពន្យល់​នាង​ឱ្យយល់ តែពេលគេ​ទូរស័ព្ទទៅ​នាងវិញ នាងក៏មិនលើក។ ឆាតតាមហ្វេសប៊ុក ក៏នាងមិនឆ្លើយ  តាម​តេឡេ​ក្រាម ក៏នាងព្រងើយ។  កាយ​វិការរបស់គូដណ្តឹងធ្វើឱ្យករុណាស្មុគ្រស្មាញកាន់តែខ្លាំង តែគេ​ព្យា​យាមធ្វើ​ចិត្តឱ្យ​ស្ងប់ និង​សង្ខឹមថា ក្រោយភ្ជុំ នាងនឹងយល់ពីអារម្មណ៍របស់គេ។ ដើម្បីជាការគួរសម ជាមួយ​ម្តាយឪពុក ករុណា ក៏បានទូរសព្ទទៅសុំទោសម្តាយឪពុក របស់គេដែរ តែម្តាយ និងឪពុករបស់គេប្រាប់ថា កុំឱ្យគេ បារម្ភពីរឿងនេះ ព្រោះធ្វើយ៉ាងណា បំពេញការងារឱ្យគេឱ្យបានល្អ ឯការទៅសួរសុខទុក្ខ ម្តាយឪពុក ចាំហើយភ្ជុំ ក៏មិនទាន់​ហួស​ពេលដែរ។ ស្តាប់ប្រសាសន៍ទំាងនេះ ធ្វើឱ្យករុណាស្ងប់អា​រម្មណ៍។
មិនយូរប៉ុន្មាន ថ្ងៃភ្ជំបិណ្ឌបាន​មកដល់។ ប្រធានរបស់​ករុណ​បាន ប្រាប់ករុណាថា គេមិន​មែន​យាម​នៅ​
កន្លែងចាស់ទេ គឺត្រូវមកបំពេញការងារនៅក្រុមហ៊ុនដ៏ធំ និងល្បីល្បាញមួយ គឺ​​សាលារៀន អន្ដរទ្វីប អាមេ​រិ​
កាំង របស់លោកឧកញ៉ា គួច ម៉េងលី។
ដោយសារមានភារកិច្ចត្រឹមតែជាអ្នកយាម ករុណា មិនបានចាប់អារម្មណ៍​ចំពោះឈ្មោះ​សាលា ដ៏ល្បី​ល្បាញ​នេះ​ទេ ប៉ុន្តែ ពេលប្រធានរបស់គេ បើករថយន្តជូនគេមកដល់ ទើបគេលាន់​មាត់ថា សាលានេះពិតជា​​អស្ចារ្យ​មែន។ អគារខ្ពស់ជ្រងោរជិត២០ជាន់ និងមានទំហំធំ ដែលគេមិន​ធ្លាប់ជួបពីមុនមក។  អគារ​សាលា ពណ៌ស លាយក្រហម និងមានឆ្លាក់អក្សរធំៗ នៅខាងថា អេ អាយ អេស និងអេ អាយ អាយ បើ​មើល​ទៅ​​ចម្ងាយទៅ គឺជាអគារភ្លោះ ដ៏គួរស្ញប់ស្ញែង។ ឯផ្លូវនៅទីនេះ មាន សភាពស្អាតបាតគ្មានសំរាម វាប្រៀប​បាន​នឹងសង្កាត់ ឬតំបន់បរទេសមួយ ក្នុងរាជធានីភ្នំ​ពេញ។  ករុណា នៅយាមអគារ តែម្នាក់ឯង​យ៉ាង​ស្ងៀមស្ងាត់ ព្រោះមិន​សូវ​មានមនុស្សចរាចរណ៍ទៅមក ហើយរាល់ពេលបាយប្រធានរបស់ករុណា តែង​បើក​រថយន្តយក​បាយ​​សម្លមក​ឱ្យ ហើយនៅថ្ងៃទី ១៤រោច ខណៈកំពុងផ្ចង់អារម្មណ៍លើការបំពេញការងារ ស្រាប់តែរថយន្ត​ទំនើប​សេរីឆ្នាំ​២០១៧​ ពណ៌ខ្មៅ បានបើក​មកដល់។
ពេលរថយន្តឈប់ បុរសវ័យ​ជាង​៤០ឆ្នាំ បាន​ដើរ​មក​រក​គេ។ ក្នុងនាមជាឆ្មាំក្រុមហ៊ុន ករុណា សួរ​ទៅ​បុរសនេះថា  សុំអធ្យាស្រ័យ តើ​លោកពូមកមានការអ្វីដែរ?
បុរសចំណាស់ ដែលមើលទៅសាច់ឈាមជាកូនចៅចិន បានឆ្លើយវិញថា គឺសុំចូលក្នុងអគារ​សាលា​​បន្ដិច។ ករុណា ដែលជាមនុស្សម៉ិតប្រៃក្នុងការងារ បានសួរទៀតថា  តើ​លោកពូចូល​មាន​ការ​អ្វីដែរ? បុរសចំ​ណាស់នេះសើច ហើយ​ប្រាប់​ថា ពូចូលទៅសម្រាកនៅការិយាល័យពូ។
.ការិយាល័យ ??? ពូជាអ្នកណា? ម៉េចខ្ញុំមិនដឹង? គ្មានអ្នកណាប្រាប់ខ្ញុំ?
.ពូ ជាម្ចាស់ក្រុមហ៊ុនសាលានេះ (បុរសចំណាស់ឆ្លើយ)
.ទេ ខ្ញុំមិនអាចឱ្យពូចូលបានទេ បើគ្មានការអនុញ្ញាតពីប្រធានរបស់ខ្ញុំ
បុរសនៅតែញញឹម ហើយហុចនាមបណ្ណឱ្យករុណា និងនិយាយពាក្យដដែលថា  មិនអីទេ មានរឿងអី ពូធានាខុសត្រូវ។ នេះជានាមបណ្ណរបស់ពូ...
.ទេ បើមេខ្ញុំមិនប្រាប់ឱ្យចូល ខ្ញុំមិនឱ្យពូចូលទេ
បុរសដដែលនៅតែញញឹម ហើយដកទូរស័ព្ទទំាងទងទៅប្រធានរបស់ករុណា ប្រាប់ពីរឿងករុណា មិន​ឱ្យ​ចូល​ក្នុងការិយាល័យ។ បន្តិចក្រោយមក បុរសចំណាស់នេះ បានហុចទុរសព្ទមកឱ្យករុណា ដើម្បីនិយាយជា មួយប្រ​ធានរបស់គេ។ គ្រាន់តែដាក់ទូរសព្ទក្បែរត្រចៀក បានបន្តិច ករុណាបើកភ្នែកធំៗបបូរមាត់ចាប់ផ្តើមស្លេក ដោយ​ការភ័យព្រួយ រួចលេបទឹកមាត់បំបាត់ការភ័យ។
ស្តាប់បណ្តើរ ករុណា មើលទៅបុរសចាំណាស់បណ្តើរ បន្ទាប់គេក៏ហុចទូរស័ព្ទទៅឱ្យបុរសចំណាស់វិញ។
បុរស ចំណាស់ ទទួលយកទូរសព្ទទំាងញញឹម រួចលូកដៃទះស្មាករុណាបណ្តើរ ពោលលួងចិត្តករុណាបណ្តើរ
.មិនអីទេ ក្មួយកុំបារម្ភអី។ ក្មួយធ្វើតាមភារកិច្ចក្មួយ គឺត្រឹមត្រូវហើយ ពូទេដែលជាអ្នកខុសនោះ ព្រោះ​​មក​ទីនេះខុសម៉ោងធ្វើការ ហើយមិនបានប្រាប់មុន។ ក្មួយ​ពិត​ជាធ្វើ​ការ​បាន​ហ្មត់ចត់ណាស់ ពូចង់បាន​មនុស្ស   ហ្ម​ត់​ចត់ដូចក្មួយ ដើម្បីធ្វើការឱ្យពូ។
ដោយឃើញទឹកមុខករុណា មិនសប្បាយចិត្ត បុរសចំណាស់ បានលូកហោប៉ៅ ដកយកថវិកា ១០០ ដុល្លារហុចទៅឱ្យករុណា ដើម្បីជាការលើកទឹកចិត្ត។
.នែះ ... ពូឱ្យក្មួយចាយ ថ្ងៃភ្ជុំ...
ករុណា មិនព្រមទទួល តែបុរសចំណាស់នៅតែតឿន
.យកទៅ...ពូឱ្យមែនណា៎...
ដោយមើលទៅបុរសនេះ ពិតជាឱ្យដោយស្មោះមែន ករុណា លំឱនកាយបន្តិច រួចទទួលយកថវិកា​ពីបុរសនេះ។ ភ្លាមនោះ ប្រធានរបស់ករុណាក៏មកដល់។ ករុណា គ្រាន់តែឃើញរថយន្តរបស់ប្រធានខ្លួនមកដល់ បបូរមាត់របស់គេ ឡើងស្លេកគ្មានម្តងទៀត។ ប្រធានរបស់ករុណា ចុះពីលើរថយន្តដើរយ៉ាងលឿនមក​រកបុរស​ចំណាស់ និងករុណា ដែលកំពុងឈរទន្ទឹមគ្នា។ ប្រធានរបស់ករុណា លើកដៃសំពះ ដោយបន្ទន់ខ្លួនបន្តិចផង រួច​និយាយទៅកាន់បុរសចំណាស់
.ខ្ញុំ សុំទោសបងឧកញ៉ា ...គាត់ជាសន្តិសុខ យាមនៅកោលដៅផ្សេងទេ តែដោយសារអ្នកផ្សេងរវល់ ខ្ញុំ​ក៏ឱ្យគេមកជំនួសនៅទីនេះតែម្តងទៅ។
បុរសចំណាស់ លើកដៃសំពះប្រធានករុណាវិញ រួចតប
.បាទ មិនអីទេ ការពិតគាត់ល្អណាស់។ គាត់ហ្មត់ចត់នឹងការងារ គាត់ធ្វើអ៊ីចឹង គឺត្រូវហើយ
ប្រធានករុណាងក់ក្បាល រួចប្រាប់ឱ្យករុណា សំទោសបុរសចំណាស់
.សុំទោស បងឧកញ៉ាទៅ។ គាត់គឺឧកញ៉ា គួច ម៉េងលី ជាប្រធានក្រុមហ៊ុននេះ
គ្រាន់តែឮថា លោកឧកញ៉ាគួច ម៉េងលី  ជាប្រធានក្រុមហ៊ុន នៃសាលារៀន អន្តរទ្វី អាមេរិកាំង ករុណា ភ័យឡើងញ័រដៃញ័រជើង ទប់ខ្លួនសឹងមិនជាប់។ ឃើញករុណាដូច្នេះ លោកឧកញ៉ា បានមកឈរក្បែរ រួចនិយាយលួងចិត្តដូចមុនទៀត
.មិនអីទេ កុំភ័យអី ឈប់ភ័យទៅ ខ្ញុំមិនយកទៅសពៃអីទេ។ ក្មួយធ្វើត្រូវហើយ
បន្ទាប់មក លោកឧកញ៉ា ងាកទៅនិយាយជាមួយប្រធាន របស់ករុណា
.សូមកុំខឹងគាត់អីណា... គាត់ធ្វើត្រូវហើយ។ ភារកិច្ចអ្នកយាម បើមិនស្គាល់គេ ហើយចេះតែឱ្យចូល​
ក្រុមហ៊ុន នោះគឺមិនល្អឡើយ  ហើយបើលោកប្រធានមិនសប្បាយចិត្ត ខ្ញុំសុំយកគាត់មកធ្វើជាបុគ្គលិកផ្ទាល់​
របស់​ខ្ញុំវិញ។
ប្រធានរបស់ករុណា ងក់ក្បាលតិចៗ
.បាទ មិនអីទេបងឧកញ៉ា ខ្ញុំក៏មិនបន្ទោសគាត់ដែរ តែខ្ញុំបារម្ភថា បងឧកញ៉ា មិនសប្បាយចិត្ត
លោកឧកញ៉ា ទះស្មាប្រធានរបស់ករុណា ដោយញញឹម
.មិនអីទេ ដូចខ្ញុំនិយាយដដែលអ៊ីចឹង ខ្ញុំទេជាអ្នកមានកំហុស ដែលមកទីនេះ ក្នុងថ្ងៃគេសម្រាក
បន្ទាប់មកទំាងអស់គ្នា ក៏ផ្ទុះសំណើច ដោយរីករាយ។ ឯករុណា ក៏នឹកក្នុងចិត្តថា លោកឧកញ៉ា គួច ម៉េងលី មើលទៅខុសពីឧកញ៉ាមួយចំនួនតូចផ្សេងទៀត ដែលមានចរិតកោងកាច គ្មានក្តីអនុគ្រោះ គ្មានការ អធ្យា​ស្រ័យ។ សន្តិសុខ ឬអង្គរក្សខុសឆ្គងបន្តិចបន្តួច គ្មានការអនុគ្រោះ និងជេរប្រទេច បណ្តេញចេញដូច​សត្វ​ធាតុ តែលោកឧកញ៉ាម្នាក់នេះ បែរជាទទួលថាជាកំហុសរបស់ខ្លួនទៅវិញ។ តើនៅមានឧកញ៉ា ប៉ុន្មាននាក់​ទៀត ដែលចិត្តទូលាយ ចេះយោគយល់ ដល់អ្នកតូចតាចដូចឧកញ៉ាគួច ម៉េងលីទៅ? ម្ចាស់បែបនេះ ទើប​គេហៅថា ម្ចាស់ចិត្តល្អ  ព្រោះចេះយល់ពីទុក្ខលំបាក និងឧបសគ្គរបស់អ្នកក្រោមបង្គាប់។
បន្ទាប់មក ប្រធាន របស់ករុណា ក៏លាលោកឧកញ៉ាត្រឡប់ទៅវិញ ឯលោកឧកញ៉ា ក៏ឡើងទៅ​ក្នុងការិ​យាល័យរបស់លោក ដើម្បីបំពេញការងារ។ ចំណែក ករុណា ក៏នៅបន្តការងាររបស់គេបន្តទៀត។



អឿ ស៊ីណា ២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​ 




















៧.សំបុត្រម៉ែ


យប់នេះជាយប់មួយដ៏ពិសេសសម្រាប់ខ្ញុំ។ មិត្ដភក្ដិខ្ញុំ និងខ្ញុំបានរៀបចំកម្មវិធីជប់លៀងមួយនៅពេល ប្រឡងជាប់ថ្នាក់ទី១០ដោយជោគជ័យ។ កម្មវិធីប្រារព្ធឡើងពោរពេញដោយភាពសប្បាយរីករាយ ម្នាក់ៗមាន ស្នាម ញញឹមគ្រប់ៗគ្នា។ បន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់ ខ្ញុំមិនហ៊ាននៅជជែកជាមួយមិត្ដភក្ដិយូរទេ ខ្ញុំប្រញាប់ រួសរាន់មកផ្ទះមុនគេ ព្រោះម៉ាក់ខ្ញុំប្រាប់ថា គាត់មិនសូវស្រួលខ្លួនផង។ នៅម៉ោង១១យប់នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ខ្ញុំបានមកដល់ផ្ទះ។ ទ្វារផ្ទះ និងភ្លើងក្នុងផ្ទះមិនទាន់បិទ តែផ្ទះមានសភាពស្ងាត់។ ដោយអាការៈ ស្រវឹងស្រ្ប៉ៃតិចៗខ្ញុំ ប្រញាប់ចូលផ្ទះយ៉ាងប្រញាប់ ព្រោះមិនចង់ឱ្យម៉ាក់ដឹង។ ចូលដល់ក្នុងផ្ទះក៏នៅតែមិន ឃើញ ម៉ាក់ចេញមករកខ្ញុំ ខុសពីសព្វមួយដង ដែលម៉ាក់តែងតែស្ទុះមករកខ្ញុំ ដោយសួរពីសុខទុក្ខផង។ ខ្ញុំនៅ​​តែ​ចោលភ្នែកសម្លឹងទៅរកបន្ទប់គេង ព្រោះក្រែងឃើញម៉ាក់ ស្រាប់តែជើងរបស់ខ្ញុំ ប៉ះត្រូវអ្វីម្យ៉ាង។ ខ្ញុំឈ្ងោក​មុខ​មើល ពុទ្ធោ ម៉ាក់ ខ្ញុំលាន់ស្រែកឡើងភ្លាត់សំឡេង។ ម៉ាក់ដួលស្តូកស្តឹងក្បែរទ្វារក្នុងបន្ទប់។ ម៉ាក់គ្មានកម្រើក គ្មាន​បញ្ចេញសំឡេងអ្វីសោះឡើយ។ ខ្ញុំបានស្ទុះយ៉ាងលឿនទៅរកម៉ាក់ ហើយបីត្រកងម៉ាក់ ខ្ញុំខំស្រែកហៅម៉ាក់​ខ្លាំងៗ .ម៉ាក់ក្រោកឡើងៗ ពុទ្ធោ! តើមានរឿងអ្វីកើតឡើងចំពោះម៉ាក់? តែបើទោះជាខ្ញុំខំប្រឹងស្រែកហៅម៉ាក់ យ៉ាង​​ណាក៏ដោយ ក៏មិនមានចម្លើយឆ្លើយត្រឡប់មកខ្ញុំវិញដែរ ព្រោះម៉ាក់ ប្រហែលជាផុតដង្ហើម តាំងពីមុន ពេលខ្ញុំ​​មកដល់ផងមើលទៅ។ ខ្ញុំបានស្ទុះចេញពីក្នុងផ្ទះមកក្រៅ ហើយស្រែកប្រាប់ទៅញាតិជិតខាងឱ្យគេ មកជួយ តែគ្មាន​​អ្នកណាម្នាក់អាចជួយម៉ាក់បានឡើយ។ ម៉ាក់ទៅហើយ ម៉ាក់ទៅចោលកូន ដោយគ្មានពាក្យ ថាលាមួយ​​ម៉ាក់។ ខ្ញុំយំឱបរាងកាយម៉ាក់ រហូតបាត់បង់ស្មារតីដែរ។
ដំណឹង នៃរមណៈភាពរបស់ម៉ាក់ បានឮទៅដល់ក្រុមហ៊ុន ដែលគាត់ធ្វើការ។ ម៉ាក់ធ្វើការនៅក្រុម នៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ម៉ាក់មានតួនាទីជាអ្នកអនាម័យក្នុងសាលារៀន អន្ដរទ្វីប អាមេរិកាំង អស់រយៈពេលជាង១០ឆ្នាំមកហើយ។ លោកគ្រូ អ្នកគ្រូ ដែលធ្វើការងារជាមួយម៉ាក់ថា ម៉ាក់ គឺជា​​បុគ្គលិកគំរូទៀតផង ព្រោះគាត់ជាបុគ្គលិកឧស្សាហ៍ ព្យាយាម និងធ្វើការងារដោយយកចិត្ដទុកដាក់ ហ្មត់ ចត់ អត់ធ្មត់ មានម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់បំផុត។ ជាទម្លាប់ ម៉ាក់ធ្វើគឺយកចិត្ដធ្វើ មិនធ្វើឱ្យ តែ​រួចពីដៃ​​ឡើយ។ ឯខ្ញុំជាកូនស្រីតែម្នាក់គត់របស់គាត់។ ខ្ញុំជាសិស្សរៀនថ្នាក់ទី១០ នៅសាលារៀន អន្ដរទ្វីប អាមេរិកាំង​​។ ខ្ញុំបានរៀននៅទីនេះ ក៏ព្រោះតែខ្ញុំបានទទួលអាហារូបករណ៍ពីលោកឧកញ៉ា គួច ម៉េងលី ដែល​ផ្ដល់តែង​​ជូន​​បុគ្គលិក ដែលធ្វើការងារចាប់ពី៣ឆ្នាំឡើងទៅ អាចដាក់កូនចូលរៀនបានម្នាក់ដោយឥតគិតថ្លៃ ណាមួយខ្ញុំក៏​ទទួល​បានការសន្ដោសប្រោសប្រណីពីលោកឧកញ៉ាផងដែរ ដែលគាត់តែងតែបានផ្ដល់ជា សម្លៀកបំពាក់ និង​សម្ភារៈសិក្សាជារៀងរាល់ឆ្នាំដល់ខ្ញុំ។
ចំណែកលោកឧកញ៉ា ក្រោយពីទទួលដំណឹង ថា ម៉ាក់មានគ្រោះថ្នាក់ដល់ជីវិត គាត់មានការរន្ធត់ចិត្ត យ៉ាងខ្លាំង។ លោកឧកញ៉ា បានប្រាប់ទៅលេខាធិការរបស់គាត់ ឱ្យជួយចាត់ចែងការងារធ្វើបុណ្យសពនេះ ឱ្យ​បានសមរម្យ ដោយលោកឧកញ៉ា ជាអ្នករ៉ាប់រង លើការចំណាយថវិកា។ ទឹកចិត្ដរបស់លោកឧកញ៉ា មកលើ ម្តាយខ្ញុំ និងខ្ញុំក្នុងជាតិនេះ ខ្ញុំចងចាំមិនភ្លេចឡើយ។
បន្ទាប់ពីពេលធ្វើបុណ្យសពម្ដាយខ្ញុំចប់ សព្វគ្រប់ហើយ ពេលខ្ញុំរៀបចំផ្ទះ ខ្ញុំក៏ប្រទះឃើញសំបុត្រមួយ ច្បាប់ និងកាតធនាគារកម្ពុមួយសន្លឹកនៅក្នុងថតតុរៀនខ្ញុំ។ សំបុត្រដែលម្ដាយខ្ញុំបានសរសេរទុកឱ្យ មុនពេល ទទួលមរណៈភាព។ ម៉ាក់សរសេរថា “ឱកូនសំឡាញ់ចិត្ដម៉ាក់! ម៉ាក់ពិតជាស្រឡាញ់កូនលើសពីជីវិតម៉ាក់ រាប់ រយ​ដងទៅទៀត បើទោះជាពេលនេះ ម៉ាក់ចុកពោះស្ទើរស្លាប់ ក៏ម៉ាក់មិនចង់ឱ្យដឹងរឿងនេះឡើយ ព្រោះម៉ាក់ ចង់ឱ្យកូនបានសប្បាយចិត្ដ និងរៀនសូត្រឱ្យបានពូកែ កុំឱ្យដូចរូបម៉ាក់ ដែលកើតមកអភ័ព្វ រៀនមិនបានចប់ បានត្រឹមតែថ្នាក់ទី៤។ ម៉ាក់ពិតជាមិនចង់ឱ្យកូនសំឡាញ់ម៉ាក់ខ្មាសគេទេ។ កូនម៉ាក់ ឱ្យម៉ាក់សូមទោសផង ! នៅក្នុងធនាគារ ម៉ាក់មានប្រាក់សន្សំខ្លះទុកឱ្យកូន។ នេះគឺជាលុយបន្ដិចបន្តួច ដែលម៉ាក់សន្សំសម្រាប់កូនរៀន នៅមហាវិទ្យាល័យពេលដែលកូនចប់ថ្នាក់ទី១២ តែម៉ាក់ធ្វើមិនបានសម្រេចបំណងឡើយ ព្រោះតែជំងឺរបស់ ម៉ាក់ ចេះតែរាតត្បាត ហើយខាងក្រោមនេះ គឺជាលេខកូតសម្ងាត់ ដែលកូនអាចបើកយកមកប្រើប្រាស់ បាន​​ពេលអត់ពីម៉ាក់។ មួយទៀតកូនកុំខឹងនឹងម៉ាក់អី ដែលម៉ាក់មិនបានប្រាប់កូនថា ម៉ាក់មានជំងឺមហារីក ម៉ាក់​មិនប្រាប់កូន ក៏មកពីម៉ាក់មិនចង់ឱ្យកូនពិបាកចិត្ដ មិនចង់ឱ្យកូនគ្មានអារម្មណ៍ក្នុងការសិក្សា ហើយក៏មិន ចង់ឱ្យ​កូនសំឡាញ់ម៉ាក់ឈប់រៀន ព្រោះម៉ាក់ដែរ ពេលនេះ ម៉ាក់លាកូនសំឡាញ់សិនហើយ។ ពីម៉ាក់សម្អាត ស្រឡាញ់​កូនជានិច្ច។
អានសំបុត្រចប់ភ្លាម ខ្ញុំហូរទឹកភ្នែកដោយមិនដឹងខ្លួន។ ខ្ញុំយំខ្សឹកខ្សួលអួលដើមក តែម្នាក់ឯងនៅ ក្នុង​​ផ្ទះដ៏សែនស្ងាត់។ ខ្ញុំតែងក្រឡេកទៅមើលតុ ដែលម៉ាក់បានរៀបចំបាយឱ្យខ្ញុំជារៀងរាល់ថ្ងៃ មើលទៅគ្រែ ដេក ដែលម៉ាក់តែងតែដាស់ឱ្យទៅរៀនមិនដែលខាន មើលទៅកង់ដែលម៉ាក់ ជិះឌុបខ្ញុំទៅរៀន និងធ្វើការជា មួយ ខ្ញុំ មើលឃើញគ្រប់ទង្វើទាំងអស់ហាក់បីដូចជានៅថ្មីៗនៅឡើយ។ ពេលនេះ ទើបខ្ញុំបានដឹងពីកុំខុសឆ្គង ដ៏ធំ​សម្រាប់​ខ្ញុំ គឺមិនបានជួយអ្វីម៉ាក់សូម្បីតែបន្ដិច ហើយការប្រព្រឹត្ដិរបស់ខ្ញុំកន្លងមក ខ្ញុំពិតជាកូនចោរម្សៀត ខ្ញុំជា​កូនមិនល្អ មិនបានជួយអ្វីម៉ាក់ទាល់តែសោះ សូម្បីតែជួយលាងចានឆ្នាំង ជួយដាំបាយ បោះជូតផ្ទះបានក៏ខ្ញុំ មិន ដែលបានធ្វើដែរ ហើយម៉ាក់មិនដែលត្អូញត្អែរមួយម៉ាត់ប្រាប់ខ្ញុំថា ហត់ឡើយ។ ម៉ាក់! ឱ្យកូនសុំទោស។ ខ្ញុំនៅ​ចាំ​ថា មុនពេលទៅជប់លៀង ខ្ញុំបានសុំម្តាយខ្ញុំទៅ តែម្តាយតបវិញថា គាត់មិនស្រួលខ្លួនចង់ឱ្យខ្ញុំនៅកំដរ និង​កោសខ្យល់ឱ្យ តែខ្ញុំ មិនស្តាប់គាត់ទេ ព្រោះយល់ថា អាការៈរបស់ម៉ាក់ ធម្មតាប៉ុណ្ណោះ។ ម៉ាក់មិនអីទេ តែ ពេល​ខ្ញុំត្រឡប់ពីជប់លៀង គឺអាការៈ របស់ម៉ាក់ខុសពីការគិតរបស់ខ្ញុំ។ ទោះបី ខ្ញុំមានប្រាក់កាសខ្លះ ពីម៉ាក់ សន្សំ ក្នុងធនាគារ តែខ្ញុំពិតជាអស់សង្ឃឹម ព្រោះ ខ្ញុំនឹងគ្មានថវិកា សម្រាប់រៀនបន្តឡើយ។ ខ្ញុំគ្មានអ្នកគ្រប់គ្រង គ្មានអ្នកណែនំា អប់រំទូន្មាន ដូចម៉ាក់ទៀតឡើយ។
ថ្ងៃមួយ ពេលខ្ញុំចេញពីរៀនវិញ ជំនួយការម្នាក់របស់លោកឧកញ៉ាគួច ម៉េងលី បានស្កាត់មកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា កុំបារម្ភអី ទោះបីពេលនេះ ម្តាយខ្ញុំ មិនមានវត្តមានបំពេញការងារទៀតក្តី តែតាមរយៈ គុណសម្បត្តិរបស់ម៉ាក់ លោកឧកញ៉ា នឹងបន្តផ្តល់អារហារូបករណ៍ឱ្យខ្ញុំ រហូតខ្ញុំរៀនចប់បរិញ្ញាបត្រ។ ក្រៅពីនេះ លោកឧកញ៉ា ក៏នឹងជួយទំនុកបម្រុង ជួយចេញថ្លៃទឹក ភ្លើង និងគ្រឿងឿបភោគ បរិភោគ ផ្សេងៗទៀតដែរ។  ឮសម្តីនេះភ្លាម អារម្មណ៍របស់ខ្ញុំ អរចង់ហោះ ព្រោះខ្ញុំយល់ថា អនាគត របស់ខ្ញុំនឹងមិនសបាសូន្យទេ ខ្ញុំ បាននិ​យាយដោយក្តីរំភើបទៅកាន់លោកជំនួយការវិញថា ខ្ញុំអរគុណលោកពូ និងសូមអរគុណលោកឧកញ៉ាផង ចំពោះ​ការសណ្តោសប្រណីនេះ។ លោកជំនួយការ ប្រាប់ខ្ញុំថា មិនអីទេ ហើយបើខ្ញុំមានធុរៈអ្វី អាច ប្រាប់ គាត់​បាន។
ពេលលោកជំនួយការចេញទៅផុត ខ្ញុំលើកដៃទំាងពីរឡើងលើ រួចសំបូងសង្រូង បួងសួងសុំឱ្យ ព្រលឹង ម៉ាក់ ទៅកាន់សុគតិភព និងថ្លែងអំណរគុណចំពោះម៉ាក់ ដែលបន្សល់នូវមហាគុណសម្បត្តិ ដើម្បីកូនទៀត។ ខ្ញុំ និយាយនេះ មិនមែនមានន័យថា ខ្ញុំបន់ឱ្យម្តាយស្លាប់ ឬចង់កេងចំណេញពីគុណសម្បត្តិអ្នកម្តាយទេ តែគុណ សម្បត្តិរបស់ម្តាយខ្ញុំ គឺពិតជាធំមហិមាមែន បើម៉ាក់គ្មានសម្បត្តិទេ ក៏ខ្ញុំមិនអាចទទួលបាននូវអាហារូបណ៍ បន្ត​ទៀតដែរ ឯលោកឧកញ៉ា ក៏ជាមនុស្សល្អ គួរឱ្យគោរពបំផុតដែរ។


 អឿ ស៊ីណា ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨




















៨.ដំណើរកម្សាន្ដមួយ​


ថ្ងៃនេះជាថ្ងៃខួប​ នៃដំណើរកម្សាន្ដ​​របស់​ក្រុម​ការងារ​គ្រឹះស្ថានបោះពុម្ព​នៃសាកលវិទ្យា​ល័យ​ ម៉េងលី ជេ. គួច​ ហើយ​ជាទម្លាប់​រាល់ឆ្នាំ​​គ្រប់​ផ្នែក​ទាំងអស់​ នៃ​ក្រុម​ហ៊ុន​ ម៉េងលី ជេ.គួច អេឌ្យូខេសិន តែងតែ​មាន​ដំណើរកម្សាន្ដ​​​មិន​ដែល​ខាន។
ដំណើរ​កម្សាន្ដ​ទាំងអស់​នោះ​ អាចប្រព្រឹត្ដិ​​ទៅ​​បាន​​ដោយមាន​ការ​គាំទ្រ​ពី​សំណាក់​លោក​​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច​ ម៉េងលី ដែល​តែង​តែ​ជួយ​ឧបត្ថម្ភ​​​ប្រាក់​ផ្ទាល់​ខ្លួន​​ សម្រាប់​ដំណើរ​កម្សាន្ដ​នីមួយ​ៗ​  ហើយ​​ឆ្នាំនេះ​​ដែរ ​​ក្រុម​ការងារ​គ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ​ម៉េងលី ជេ. គួច បាន​រៀបចំ​គម្រោង​ដំណើរ​កម្សាន្ដ​​តូច​​​មួយ​​ឆ្ពោះទៅខេត្ដ​កែប នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។
ជំនោរជាអ្នករៀបចំគម្រោង និងជាសមាជិក​ម្នាក់​​​នៅក្នុង​ក្រុម​នេះដែរ។ ​ជា​រៀង​​រាល់ឆ្នាំជំនោរ​​មិន​ដែល​បដិសេធទេ​ ចំពោះ​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​រួមគ្នា តែសម្រាប់ឆ្នាំនេះ ទោះជំនោរជាអ្នករៀបចំគម្រោង តែជំនោរ​បាន​បដិសេធ​​ដោយ​មិន​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ដមួយ​នេះឡើយ។
ដំណឹងនៃការមិនចូលរួមក្នុងដំណើរកម្សាន្តនេះ បាន​លឺ​ទៅ​ដល់​​លោក​​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ហើយ​លោក​បាន​ហៅ​ជំនោរ​ទៅសួរអំពីរឿងហេតុ​នេះ។ លោក​​ឧកញ៉ា​បាន​សួរ​ជំនោរថា ក្មួយ​ហេតុអ្វី​ឆ្នាំនេះ ក្មួយ​​មិន​បាន​រួម​ដំណើរ​កម្សាន្ដ​ជាមួយ​ក្រុម​ការងារ​? ក្មួយ​មាន​រឿងអី​? ជំនោរ​ ដែលជាយុវជនរស់នៅជាមួយ​ម្តាយ​​ឪពុកក្រីក្រនៅជនបទ បានបង្ហាញពីអារម្មណ៍អេះអុញ អឹមអៀន ហើយត្រូវបាន វិបុលជាមិត្តរួមការងារ​ឆ្លើយ​ជំនួសថា ជំនោរមិនសូវសប្បាយចិត្ត ចំពោះដំណើរកម្សាន្តឆ្នាំនេះទេ ព្រោះគេត្រូវផ្ញើថវិកា ទោះម្តាយ​ឪពុក​ដើម្បីធ្វើបុណ្យកឋិនជាមួយអ្នកភូមិ នៅឯស្រុកកំណើត ប៉ុន្តែថវិកា ដែលត្រូវផ្ញើទៅនោះ គេបានយកទៅ​បង់ថ្លៃសាលាអស់ទៅហើយ។ ឥឡូវគេស្ទាក់ស្ទើរ មិនចង់ទៅណាទំាងអសើ។
លឺការលើកឡើងរបស់វិបុល លោក​ឧកញ៉ា​​ ​ញញឹមបន្តិច ​ហើយ​ប្រាប់​មកវិញថា រឿង​តែ​ប៉ុណ្ណឹងសោះ មិន​​ប្រាប់​មក​ពូ។ ក្មួយខ្វះប៉ុន្មាន ឬត្រូវផ្ញើទៅប៉ុន្មាន ពូ​អាច​ជួយ​​បាន​ ព្រោះ​រឿង​ធ្វើ​បុណ្យ​​ធ្វើទាន​នេះ គឺជា​ចំណង់​​​ចំណូលចិត្ដ​របស់ពូហើយ។ ពូ​ជួយ​ប្រជា​ពល​រ​ដ្ឋ​ខ្មែរយើង​អស់​ប្រាក់​​​រាប់លាន​ដុល្លារ​បាន រឿង​អីថា​​​ពូ​មិន​អាច​ជួយ​បុគ្គលិក​ខ្លួនឯងបាន។ ក្មួយកុំគិតច្រើនអីណា ​ចាំពូជួយ​ តែក្មួយ​ត្រូវតែ​ទៅដំណើរ​កម្សាន្ដ​បាន​ជាមួយ​​គេ។
ស្តាប់ប្រសាសន៍នេះ ជំនោរហាក់សប្បាយចិត្ដ​។ គេញញឹមបែបអៀនប្រៀន។ ឃើញដូចនេះ វិបុល
ក៏បញ្ចេញយោបល់ភ្លាមអេះអុញអីទៀត អូខេទៅ...លោកប្រធានជួយហើយតើស...។ ជំនោរ​មើល​​មុខវិបុល រួចញញឹមលើកដៃសំពះលោកឧកញ៉ា គួច ម៉េងលី  ដោយពោលពាក្យអរគុណចំពោះលោកឧកញ៉ា។
.ខ្ញុំពិត​ជា​អរគុណ​ខ្លាំងណាស់ ចំពោះ​សន្ដាន​ចិត្ដរបស់​​​លោក​ប្រធាន។  គុណ​បំណាច់នេះ ខ្ញុំចងចាំទុក​ក្នុ​ង​ចិត្ដ​​ជានិច្ច​ ហើយ​ខ្ញុំនឹង​​តប​ស្នង​​លោកប្រធាន​វិញ​ នៅថ្ងៃណាមួយ។
លោកឧកញ៉ាញញឹម ហើយ​មាន​ប្រសាសន៍​ថា មិន​បាច់​តប​ស្នង​សងគុណអ្វីទេ តែក្មួយ​ត្រូវ​ចាំថា ការ​ធ្វើ​ទាន​ល្អ​ គឺការមិនទាមទារ​នូវ​ការ​តបស្នង ហើយ​មនុស្ស​ដែលល្អ ​គឺមិន​ចេះភ្លេច​គុណអ្នកដែលជួយខ្លួនទេ។ ជា មនុស្សល្អ ​​​ទោះ​មិន​បាន​សងគុណ​អ្នក​ដែលធ្វើ​ទាន​មកលើ​ខ្លួន​ ក៏គេ​យក​ទង្វើ​ នៃ​ការធ្វើទាន​​នោះ​ មក​​អនុវត្ដ​ដល់​គេ​វិញ​ គឺ​ការ​ធ្វើ​ទាន​ដល់អ្នក​ដទៃ​វិញ​ដូចគ្នា។​ ការ​​ចេះជួយគ្នា​ទៅវិញ​ទៅមក ​គឺ​ជា​ទម្លាប់​ដ៏​ប្រពៃ​របស់​ប្រជា​ជនខ្មែរយើង។ ទាំងអស់​នេះ ក្មួយ​ត្រូវចាំ​នៅ​ពេល​ក្មួយបាន​ធ្វើ​ជា​អ្នក​ដឹក​នាំគេ។
ជំនោរ​ ងក់ក្បាល ហើយបានកត់​ទុក​នូវ​ពាក្យសម្ដី​របស់គាត់​ទាំងអស់​នៅ​ក្នុង​​ចិត្ដ​ ហើយ​ជំនោរ​ឆ្លើយ​ថា ខ្ញុំនឹង​ចង​ចាំ​មិនភ្លេច​ទេ​ នូវ​ពាក្យ​​ទូន្មាន​ដ៏មានតម្លៃ​នេះ។ ជំនោរ​បន្ដថា ខ្ញុំសូម​អរគុណ​លោក​ប្រធាន​ចំពោះរឿង​នេះ ខ្ញុំនឹង​ប្រាប់​ក្រុម​ការងារថា ខ្ញុំនឹង​ចូលរួម​​ក្នុង​ដំណើរកម្សាន្ដ​មួយ​នេះ​​។
ភ្លាមនោះលោកឧកញ៉ា ​បាន​ប្រាប់ឱ្យជំនួយការ យកស្រោម​សំបុត្រមកឱ្យជំនោរ ហើយ​ប្រាប់ថា នេះ​ជា​ប្រាក់​បន្ដិច​បន្ដួច​​ ដែល​ពូ​ជួយ​ក្មួយ សម្រាប់ជូន​ឪពុក​​ម្ដាយ​ក្មួយ​ ទុក​គ្រាន់​ធ្វើ​បុណ្យ​​ទាននឹងគេ​។
លូកដៃទទួលថវិកាពីលោកឧកញ៉ា ជំនោរ​សំពះអរគុណ​ ហើយ​ក៏​ជម្រាប​លា​លោកឧកញ៉ា មក​បន្ទប់​ធ្វើ​ការ​វិញ​ ដោយភាពកក់ក្តៅ។ ​ ​​



អឿ ស៊ីណា ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨






















៩. ទូរសព្ទខ្ញុំ


នៅដើមរដូវវស្សា ខណៈតំណក់ទឹកភ្លៀងចាប់ផ្តើមធ្លាក់ គឺអំឡុងខែមិថុនា ឆ្នាំ២០១៥ ខ្ញុំបាន​បញ្ចប់​ការសិក្សាបរិញ្ញាបត្រ ផ្នែកអក្សរ​សាស្រ្ត​ខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​ហើយ​នៅ៣ខែ​ក្រោយ​មក គឺ​អំឡុង​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០១៥ តាមរយៈមិត្តភក្តិរបស់ខ្ញុំឈ្មោះពណ្ណរាយ  ខ្ញុំបាន​ចូលបម្រើការ​ងារ​មួយ​​កន្លែង នៅក្រុមហ៊ុន​ដ៏ល្បី​ឈ្មោះមួយកន្លែង ​មានឈ្មោះថា ម៉េងលី ជេ. គួច គ្រុប។ ខ្ញុំមាននាទី​ជា​អ្នក​វាយ​អត្ថ បទ​ភាសា​​ខ្មែរ នៅ​ការិយាល័យ​ប្រធានក្រុម​ប្រឹក្សាភិបាល ​និងអគ្គនាយកប្រតិបត្ដិ ។
កាលពីកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ខ្ញុំជាមនុស្ស​ម្នាក់ មិនសូវមានមិត្តភក្តិច្រើនប៉ុន្មានទេ ហើយ​ការ​ស្លៀកពាក់របស់ខ្ញុំ ក៏មានលក្ខណៈមិនសូវទាន់សម័យដែរ ព្រោះគ្រួសារខ្វះខាត សូម្បីទូរសព្ទក៏ខ្ញុំនៅប្រើ​ទូរសព្ទ ដែលមិនអាចភ្ជាប់ ឬប្រើប្រាស់អ៊ិនធឺណែតបាន។ ម្តងម្កាល ខ្ញុំនឹកខ្មាសមិត្តភក្តិដែរ ព្រោះពួកគេភាគ​ច្រើន​ជាកូន​អ្នកមានជីវភាពធូរធារ និងមានរបស់របរប្រើប្រាស់ ជាពិសេសទូរសព្ទទំនើប ប៉ុន្តែខ្ញុំមានអារម្មណ៍​រីក​​រាយបំ​ផុត នៅពេលបានចូល​បម្រើការងារ​នៅថ្ងៃដំបូង។
ពេលនោះ ទោះបីខ្ញុំបានបញ្ចប់ការសិក្សា កម្រិតបរិញ្ញាបត្រក៏ដោយ ប៉ុន្តែសម្រាប់ចំណេះដឹងលើ​បញ្ហា​សង្គមខាងក្រៅ គឺខ្ញុំនៅមានកម្រិតនៅឡើយ។ ដូចជាការស្លៀកពាក់ ការរៀបចំខ្លួន គឺនៅជារបៀបកូនកសិករ ជនបទ ពុំទំនង ឬសមជាអ្នកដែលរស់នៅក្នុងទីក្រុងឡើយ។ ខ្ញុំមិនព្រមសម្របខ្លួនសោះ តែដូចខ្ញុំលើកឡើង​ខាងលើដូច្នេះដែរ ការមិនសម្របខ្លួននេះ គឺកើតឡើងដោយសារកត្តាពីរ ទីមួយ ខ្ញុំខ្លួនឯងមិនព្រមរៀន​សូត្រពី​សង្គមខាងក្រៅ និងទី២ គឺកត្តា ជីវភាពគ្រួសារនៅខ្វះខាត។ ប៉ុន្តែ នៅថ្ងៃបន្ទាប់ ក្រោយពីខ្ញុំចូលធ្វើការបាន​មួយ​ថ្ងៃ ខណៈខ្ញុំកំពុងផ្ចង់អារម្មណ៍វាយអត្ថបទមុខកុំព្យូទ័រ ស្រាប់តែប្រធានក្រុមហ៊ុន គឺលោកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េង​លី បានឱ្យ​ជំនួយ​ការរបស់លោកមកហៅខ្ញុំឱ្យទៅជួប ហើយគាត់ និងជំនួយការបាននាំខ្ញុំជិះរថយន្តទៅ​កាន់​ហាង​កាត់ដេរសម្លៀកបំពាក់ដ៏ល្បីល្បាញមួយ។ លោកឧកញ៉ាបានស្នើឱ្យជាងយកម៉ែត្រមកវាស់ដើម្បីកាត់ សម្លៀក​​បំពាក់ខ្ញុំ។ ថ្ងៃនោះ ខ្ញុំទទួលបានសម្លៀកបំពាក់ពីរសម្រាប់ ឬពីរកំប្លេរ។ ចាកចេញពីកន្លែងកាត់ខោអាវ លោកឧកញ៉ា បាននាំខ្ញុំទៅកាន់ហាងអាហារទំនើប ដើម្បីស្រស់ស្រូបអាហារថ្ងៃត្រង់។
ពេលពួកយើងកំពុងទទួលទានអាហារក្នុងភោជណីយដ្ឋាន ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ ដៃម្ខាង​
កាន់​​សម ដៃម្ខាងកាន់ស្លាបព្រា លោកឧកញ៉ា បានឱនខ្សឹបប្រាប់ខ្ញុំ​តិចៗថា កើតមកជាមនុស្ស រស់នៅក្នុង​សង្គម​ថ្លៃ​ថ្នូរ​​មួយ យើងត្រូវយល់ស្គាល់សង្គម ត្រូវរៀនសូត្រពីសង្គមឱ្យបានត្រឹមត្រូវ គឺរៀបចំខ្លួន ដូចជា​ការ​ស្លៀក​ពាក់​ឱ្យ​​បានសមរម្យ។ ​ខោអាវ ត្រូវបោកអ៊ុតឱ្យបានស្អាត ស្បែកជើងត្រូវខាត់ឱ្យរលោងថ្មី សក់​ក្បាល​ត្រូវកាត់ និងសិតឱ្យមានរបៀប ក្រចកដៃ ត្រូវកាត់ឱ្យបានស្អាតជាដើម។ ការធ្វើបែបនេះ ដើម្បី​ឱ្យស្រប​តាម​ពាក្យចាស់ ដែលពោលថា ធ្វើ​អ្វី​មួយត្រូវឱ្យចុះចំណោម ឬចូលស្ទឹងតាមបទ។ លោកឧកញ៉ា ខ្សឹប​ទៀតថា បើ​ធ្វើការ​ជា កម្មករ​សំណង់ យើងមិនចាំបាច់ធ្វើខ្លួន ឬតុបតែង​ខ្លួនច្រើនហួសហេតុនោះទេ នាំឱ្យ​គេ​ដៀលថា តែង​ខ្លួន​មិន​មើលប្រាណ តែបើធ្វើការនៅសណ្ឋាគារ នៅក្រុមហ៊ុន​ទេសចរណ៍ ឬស្ថាប័នអប់រំ គឺដាច់​ខាត ត្រូវតែ​រៀប​​ចំខ្លួន​ឱ្យ​បានល្អ តាមកាលៈទេសៈ ព្រោះអ្នកខ្លះ គេប្រកាន់ គេរើសអើងដែរ។
ស្តាប់ប្រសាសន៍របស់លោកឧកញ៉ា ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនព្រើតដែរ ព្រោះសូម្បីតែការនៅជានិស្សិត ទោះ​ពេល​ខ្លះ គ្រូតម្រូវឱ្យស្លៀកពាក់ កាត់សក់ ឬរៀបចំខ្លួនឱ្យបានសមរម្យ សមជានិស្សិត ក៏ខ្ញុំមិនយកចិត្តទុក​ដាក់​ដែរ ហើយទម្លាក់បន្ទុកនេះ ទៅលើភាពក្រីក្ររបស់ឪពុកម្តាយទៅវិញ។ ចំណែកលោកឧកញ៉ា ពេលមាន​ប្រ​សាសន៍​ចប់ គាត់ក៏បានសុំទោសខ្ញុំថា សុំទោសផង ដែលនិយាយពេលញុំាបាយ ព្រោះខ្មែរយើងមិនទម្លាប់ ជជែក ឬ​ពិភាក្សាគ្នា ពេលញុំាបាយទេ ខុសពីបរទេស ដែលនិយមពិភាក្សាគ្នា ពេលទទួលទានបាយ។ បន្ទាប់មក គាត់​ឱ្យធ្វើដៃជាសញ្ញា ឱ្យខ្ញុំចាប់ស្រស់ស្រូបអាហារ។
ក្រោយពីទទួលទានរួចរាល់ លោកឧកញ៉ា ក៏ជូនខ្ញុំមកក្រុមហ៊ុនវិញ តែគាត់ត្រឡប់ទៅជួបភ្ញៀវ ដើម្បី ពិភាក្សាគ្នាវិញ។ ពីរសប្តាហ៍ក្រោយមក ខណៈខ្ញុំ និងក្រុមការងារ កំពុងទទួលទានបាយ នៅជាន់ទី១០ នៃ​អគារ ស្រាប់តែលោកឧកញ៉ាបានមកដល់។  ពួកខ្ញុំ តែងតែខ្ចប់បាយពីផ្ទះមកហូបនៅកន្លែងធ្វើការ ព្រោះនៅ​ក្រុម​​ហ៊ុននេះ មានកន្លែងសម្រាប់ឱ្យបុគ្គលិកទទួលទានអាហារ និងសម្រាកពេលថ្ងៃត្រង់ដែរ។ លោកឧកញ៉ា បាន មកពញាក់យើងពីក្រោយ ហើយស្រែកសួរថា ក្មួយៗ តើថ្ងៃនេះបានម្ហូបអ្វីញុំាបាយ? មើលទៅ​គួរឱ្យ​ឆ្ងាញ់​ណាស់ ក្លិនប្រហុកក៏ឈ្ងុយ។ លោកឧកញ៉ា មានប្រសាសន៍ ដោយចោលភ្នែកមើលទៅចានប្រហុក ដែលយើង​ដាក់នៅលើតុរួមគ្នា។ ពួកយើងដែលកំពុងផ្ចង់អារម្មណ៍ លើមុខម្ហូប បែរជាភ្ញាក់ព្រើត រួចក្រឡេកព្រមគ្នា មើល  ទៅលោកប្រធាន។ ពួកយើង នាំគ្នាសើចទំាងអៀនប្រៀនទៅកាន់លោកឧកញ៉ា។ លោកបានបន្ដសួរមក​ពួក​យើង ប្រសិនជា​លោកសុំរួមតុផង តើ​លោកគ្រូទាំងអស់គ្នា​គិតយ៉ាងម៉េចដែរ?។ ពួកយើងមិនទាន់បានឆ្លើយផង ជំនួយការរបស់លោកបាន យកស្រាក់បាយមកដល់ល្មម។ លោកឧកញ៉ា បានអង្គុយទទួលទានបាយ ជាមួយពួក​យើង ថែមទំាងលូកប្រហុកច្រើនជាងគេផង ធ្វើឱ្យខ្ញុំឆ្ងល់យ៉ាងខ្លាំងថា ម្តេចក៏ លោកធ្វើដូច្នេះ ព្រោះតាម​សាច់​ឈាម មើលទៅលោកឧកញ៉ា ជាកូនចៅចិន  ដែលកូនចៅចិន ឬអ្នកជាប់សែស្រឡាយចិន មិនទទួលទាន​ប្រហុក​ទេ។ ចម្ងល់របស់ខ្ញុំ មិនទទួលបានចម្លើយទេ ហើយក្រោយពីទទួលទានរួច លោកឧកញ៉ា បានហៅឱ្យ​ពួក​​យើង ឡើងទៅសម្រាកនៅជាន់ខ្ពស់បំផុតនៃអគារ ពួកយើងក៏ទៅតាមលោក។
ពេលសម្រាកពួកយើង ក្រុមការងារខ្លះ ដកយកទូរសព្ទមកបើកហ្វេសប៊ុក ដើម្បីមើលព័ត៌មានខ្លះ
កម្សាន្ត​ខ្លះ ចំណែកខ្ញុំ ហាក់ភ្លេចខ្លួន ក៏ដកយកទូរសព្ទស៊េរីចាស់ ដែលមិនអាចភ្ជាប់អ៊ិនធឺណែតមកដែរ។ ដកមក ភ្លាម ខ្ញុំក៏ដាក់ក្នុងហោប៉ៅយ៉ាងលឿនដែរ ព្រោះខ្លាចគេឃើញខ្មាសគេ។ តែភ្លាមនោះ លោកឧកញ៉ា ទំនងជា​ក្រឡេកមើលទាន់ គាត់ក៏សួរមកខ្ញុំថា ក្មួយជាតិ (ខ្ញុំឈ្មោះសុជាតិ) ទូរសព្ទក្មួយ ម៉េចហើយ?
ស្តាប់សំណួរគាត់ ខ្ញុំកាន់តែអៀនខ្លួនថែមទៀត។ ខ្ញុំសើចញឹមៗ រួចដកទូរសព្ទមកបង្ហាញគាត់។ ឃើញ​ដូច្នេះ គាត់បើកភ្នែកធំៗ ដោយភ្ញាក់រួចសួរបន្ត
. ចុម ក្មួយនៅប្រើទូរសព្ទហ្នឹង?
.បាទ (ខ្ញុំឆ្លើយយ៉ាងខ្លី)
លោកឧកញ៉ា កាន់ទូរសព្ទខ្ញុំយូរបន្តិច គាត់មើលទៅឆ្ងាយ រួចនិយាយមកកាន់ខ្ញុំ ​និងអ្នករួមការ​ងារដទៃ​ទៀត ដែលកំពុងសម្រាក
.មិនអីទេ ចាំពូទិញទូរសព្ទឱ្យម្នាក់មួយ
មានប្រសាសន៍រួច គាត់ក៏ត្រឡប់ទៅវិញ។ ពួកយើងមិនបានចាប់អារម្មណ៍ពាក្យសន្យានេះប៉ុន្មានទេ ព្រោះ ជាទូទៅអ្នកធំ អ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានអំណាចមួយចំនួនតូច ច្រើនតែនិយាយមិនចាំសម្តីខ្លួន​ឯង។ ពួកយើងនៅបន្តសម្រាក រហូតដល់ម៉ោងចូលធ្វើការ ទើបបំបែកគ្នាចូលធ្វើការទៅតាមកន្លែងរៀងៗខ្លួន។ ចាប់ពីពេលនោះមក ពួកយើងនៅធ្វើការធម្មតា ហើយការសន្យាថា នឹងផ្តល់ទូរសព្ទដល់ពួកយើង ក៏នៅតែ​ស្ងាត់​ដែរ។ ប៉ុន្តែ ពីរសប្តាហ៍ក្រោយមក ខណៈ ពួកយើងកំពុងសម្រាកក្រោយបាយថ្ងៃត្រង់ ស្រាប់ជំនួយការ​ផ្ទាល់​​របស់​លោកឧកញ៉ា ឈ្មោះបញ្ញាបានមកដល់។ គាត់កាន់ប្រអប់ទូរសព្ទចំនួន៤នៅដៃ ធ្វើឱ្យពួកខ្ញុំឆ្ងល់យ៉ាង ខ្លាំង​ថា ហេតុអ្វីកាន់សំបកទូរសព្ទច្រើនម្ល៉េះ? លុះពេលមកដល់ លោកបញ្ញា បានហុចទូរសព្ទថ្មី ក្នុងតម្លៃប្រ​ហែល​​ជាង​៥០០ដុល្លារ ឱ្យពួកយើង​ម្នាក់មួយគ្រឿង ក្នុងនោះលោកពណ្ណរាយ ដែលជាអ្នកណែនាំឱ្យ​ខ្ញុំចូលធ្វើ​ការ​ទីនេះ ក៏ទទួលបានមួយគ្រឿងដែរ។
ទទួលបានទូរសព្ទនេះភ្លាម ខ្ញុំអរសឹងហោះ ព្រោះមិននឹកស្មានថា នឹងមានថ្ងៃមានទូរសព្ទទំនើប តម្លៃ​ថ្លៃ​ប្រើប្រាស់នឹងគេទេ ជាពិសេសមិននឹកថា លោកឧកញ៉ា គួច ម៉េងលី ចិត្ត​ទូលាយ គិតគូរចំពោះបុគ្គលិក ដែល​មាន​ការខ្វះខាតដល់ថ្នាក់នេះសោះ។ ពួកខ្ញុំទទួលយកទូរសព្ទពីជំនួយការ​របស់​លោក និងនិយាយផ្តាំផ្ញើ​តាម​ជំនួយ​ការ​ទៅលោកថា  សូមឱ្យលោកឧកញ៉ា មានសុខភាពល្អ អាយុយឺនយូរ និង​ទទួលជោគជ័យគ្រប់មុខ​ជំនួញ​។ លោកបញ្ញា ស្តាប់ក៏តបមកពួកយើងវិញ ដោយញញិមដែរថា មិនអីទេ! ខ្ញុំនឹងនាំពាក្យជូនពរនេះទៅ​ជម្រាប​លោកប្រធានក្រុមហ៊ុន៕    ដោយ អឿ ស៊ីណា ​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨





















 ១០.បំណងខ្ញុំ​

តាំងពីធំដឹងក្តីកាលណាមក ទោះបីជាខ្ញុំមានស្រុកកំណើតនៅខេត្តស្វាយរៀង ប៉ុន្តែខ្ញុំ​ប៉ង​​​ប្រាថ្នា​ច​ង់ទៅទស្សនា​ខេត្តសៀមរាប ដើម្បីបានមើលប្រាសាទអង្គរវត្ត អង្គរធំ និង​ប្រា​សាទ​​​​ផ្សេងទៀត។ ខ្ញុំក៏ធ្លាប់​បាន​លឺចាស់ៗ​និទានតៗមកថា ប្រសិន​បើ​អ្នក​ណា​ចង់ទៅលេង​សៀ​ម​​​​រាបកុំប៉ងប្រាថ្នា ព្រោះថាបើប៉ងប្រាថ្នា​​នឹង ធ្វើ​ឱ្យ​​ក្តីប្រាថ្នានេះ​ មិនបាន​ដូចបំណងឡើយ  ហើយ​​​​តម្រានិទានតៗគ្នានេះ ហាក់ដូចត្រូវខ្លះ​ដែរ ព្រោះតាំងពី​ខ្ញុំ​ប៉ង​មក ខ្ញុំមិនដែលមាន​ឱកា​ស​​បានមកខេត្តសៀមរាបទេ​។ ខ្ញុំ​តែងតែដេកអស់សង្ឃឹម ហើយ​ខ្ញុំក្រឡេក​មក​ខំប្រឹង​សិក្សា​​​រៀន​​សូត្រ​វិញ ដើម្បីបន្លប់ក្ដីស្រមៃ។ ខ្ញុំមកសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅភ្នំពេញ​រយៈពេល​៤​ឆ្នាំ ហើយ​​ការ​សិក្សារបស់ខ្ញុំគឺបាន​បញ្ចប់ដោយជោគជ័យ​ ដោយខ្ញុំ​មានការងារល្អធ្វើនឹង​គេ​ហើយ​​​​​​​ខ្ញុំ​ក៏មិនដែលនឹកស្រមៃចង់ ទៅលេង​សៀមរាបទៀតទេ​។
នៅដើមខែសីហា ឆ្នាំ២០១៧ ខណៈរដូវភ្លៀងកំពុងញាំញីភពផែនកម្ពុជា ដោយ​ខ្យល់​កន្ត្រាក់ ​ថ្ងៃមួយ​ពេល​​​ខ្ញុំកំ​ពុងតែបំពេញការងារយ៉ាងមមារញឹកនោះ ដំណឹងដ៏​រីក​​រាយ​បំផុត​បាន​មកអង្រួន​ជីវិត​ខ្ញុំ គឺ​ក្រុមការ ងាររបស់ខ្ញុំ ត្រូវជាប់ក្នុងគម្រោងដំណើរ​កម្សាន្តមួយទៅ​កាន់​ ខេត្ដសៀម​រាប។
តាមប្រវត្តិសាស្រ្ត ខេត្តសៀមរាប​ជាអតីត​រាជ​ធានី​​ដ៏រុងរឿងរបស់ខ្មែរ តែដោយសារ​សង្រ្គាម​រវាង ខ្មែរ គ្នាឯងផង ការឈ្លានពានពីបរទេសផង រាជធានីអង្គរ​ត្រូវបានគេទុកចោល ជា​ច្រើនសតវត្សរ៍។  បច្ចុប្បន្ន​នេះ ខេត្តសៀមរាប​ត្រូវបានគេ​ស្គាល់​នៅទូទាំងពិភពលោកថា ជា​ខេត្ត​តាំងនៅ​នៃប្រាសាទ​អង្គរ​វត្តដ៏ល្បី ល្បាញ។
ដំណឹង​នៃការទៅកាន់ខេត្ត​ដ៏ល្បីល្បាញនេះ នឹងធ្វើ​ឱ្យខ្ញុំ អាចសិក្សាឈ្វេងយល់​ដោយ​ផ្ទាល់​​អំពីប្រ វត្ដិ សាស្រ្ដ និងចំណេះដឹងផ្សេងៗ​ទៀត ​ដែល​​បុព្វបុរស​យើង​បានបន្សល់​ជា​កេរ្ដិ៍​ដំណែល​មកដល់សព្វថ្ងៃនេះ​ ពិសេស ​លោក​បានកត់​ត្រា​​​​នូវ​រឿង​​រ៉ាវ​​ប្រវត្ដិសាស្រ្ដ​ជា​ច្រើន​​ទុក​ជាប់​នឹងជញ្ជាំងប្រាសាទ​​​។ ​
​បន្ទាប់ពីសម្រេចចិត្ដយកខេត្ដសៀមរាបជាទិសដៅនៃដំណើរកម្សាន្ដ​​ ពេល​នោះ​​ក្រុម​ការងារ​​បាន សម្រេចយកខេត្ដកំពង់ធំមួយទៀត​ ព្រោះខេត្ដនេះ មានផ្លូវតែមួយ​ទៅ​ខេត្ដ​សៀម​រាប​​ដែរ។ ណាមួយខេត្ដនេះ​ក៏មានមានរមណីយដ្ឋានជាច្រើនសម្រាប់ទស្សនា ដូចជារមណី​យ​​ដ្ឋាន​​បែបប្រវត្តិសាស្ត្រ ប្រាសាទគុហនគរ ភ្នំ សន្ទុក រមណីយដ្ឋានសប្បនិមិត្ត បឹងសំរិទ្ធិ  រមណីយ​​ដ្ឋានទំនប់បង្ហៀរទឹក១​មករា រមណីដ្ឋានធម្មជាតិ ស្ទឹង ព្រៃ ប្រស់ និងតំបន់ប្រាសាទ​សម្បូរណ៌​ព្រៃគុក ដែលទើបនឹងដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពី
ថ្មីៗនេះ ជាដើម​។
ថ្ងៃចេញដំណើរបានមកដល់​ ព្រឹកព្រហាមថ្ងៃសុក្រទី១១ ខែសីហា ឆ្នាំ​២០១៧ ខ្ញុំ​និង​ក្រុម​ការងារ បាន ចាប់ផ្ដើមចេញដំណើរពីភ្នំពេញ​ឆ្ពោះទៅ​ទិស​ដៅ​​​នៃ​ដំ​ណើរ​​កម្សាន្ដ​ ដែល​ក្នុង​នោះក៏មាន លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផងដែរ។  លោកឧកញ៉ា គួច ម៉េងលី ជា​អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូ ខេសិន ដែលខ្ញុំកំពុងបម្រើការងារ។
ការចេញដំណើរ​លើកំណាត់ផ្លូវជាតិលេខ៦ អបមរដោយ​បរិយា​កា​សរីករាយ ហើយ​​បន្ទាប់​មក​ក្រោយ ពីឈប់​ទទួលទានអាហារ​នៅរមណីយដ្ឋានព្រៃប្រស់រួចមក​ ពួកយើងក៏​​បន្ដ​ដំណើរ​​ទៅកាន់ខេត្ត សៀមរាប។  ប៉ុន្តែ​មុននឹងចូលដល់ទីរួមខេត្ត លោកឧកញ៉ា គួច ម៉េងលី បាន​​ស្នើឱ្យអ្នកបើកបរ​​ឆៀងចូលទៅកាន់ភូមិ បន្ទាយ ស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដើម្បី​លោកបាន​បរិច្ចាគអំណោយសប្បុរធម៌​ផ្ទាល់ខ្លួនរបស់លោក ដល់ គ្រួសារ​​​មួយ​​​ដែល​​មហា​​​ជន​ទូទៅ​​ដឹងថា ជាគ្រួសារ​មាន​ជីវភាព​ខ្វះខាតខ្លាំង ដែលពឹងផ្អែកតែ​លើ​​កូនប្រុស​ម្នាក់​ ។ ​​​ លោកឧកញ៉ា ស្គាល់គ្រួសារនេះ តាមរយៈ​ក្រុមការងារ​ដែលធ្វើរបាយការណ៍ជូនលោក បន្ទាប់​ពី​ពួកគាត់​ឃើញការស្វែងរកម្ចាស់ជំនួយ តាមរយៈបណ្តាញទំនាក់ទំនងសង្គម​ហ្វេស​ប៊ុក​។
ពេល​មកដល់ភូមិ​ឃុំ​គោលដៅ លោកឧកញ៉ា គួច ម៉េងលី បានដើរយ៉ាង​រហ័ស​រហួន​សំដៅ​ទៅកាន់ ផ្ទះ តូចចាស់កំព្រួកមួយ ដែលជញ្ជំាងរហែក ដំបូលធ្លុះធ្លាយ ទ្រេតទៅ​ម្ខាង​ស្ទើរ​តែរលំទៅហើយ។
បន្ទាប់ពីសំណេះសំណាលជាមួយស្រ្តីចំណាស់ជាម្ចាស់ផ្ទះ និងអ្នកភូមិរួចមក លោក​ឧកញ៉ា ក៏បាន បរិច្ចាគថវិកា២០០ដុល្លារ ដើម្បីជីកអណ្ដូងទឹក១ ជូនស្រ្តីចំណាស់ ២០០ដុល្លារ សម្រាប់ព្យាបាលជំងឺ និងប្រើ ប្រាស់ផ្សេងៗ ផ្តល់ថវិកាទិញម៉ូតូដល់កូនស្រីច្បងក្នុងគ្រួសារ​៤០០​ដុល្លារ  និងផ្តល់​ថវិកា៨០០ដុល្លារ សម្រាប់ ទិញ រ៉ឺម៉ក ដើម្បី​ប្រកបរបរផ្សេងៗ។
ពេលទទួលថវិកា ឧបត្ថម្ភពីលោកឧកញ៉ា ខ្ញុំឃើញស្រ្តីចំណាស់ និងកូនស្រីរបស់គាត់​ដែល​ស្លៀកពាក់ រយីករយាក ស្រក់ទឹកភ្នែក និងលើកដៃសំពះ ថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅ ដល់លោកឧកញ៉ា។ ពួកគាត់ និយាយថា លោកឧកញ៉ា គឺជាព្រះរស់របស់ពួកគាត់ គឺជា​អ្នក​ជួយសង្រ្គោះជីវិតពួក​គាត់។ គុណបំណាច់ របស់​លោ​ក​ឧកញ៉ា​​មិនអាចរកអ្វីមកប្រៀប​ផ្ទឹម​​បានទេ គឺធំធេង​ណាស់។ ពួកគាត់លុតជង្គង់ថ្វាយបង្គុំ លោក ឧកញ៉ា តែលោកឧកញ៉ា​ចាប់​ពួក​គាត់​ឱ្យក្រោកឡើងវិញ។ កុំឱ្យពួកគាត់ធ្វើដូច្នេះ ព្រោះមិនមែនបង្ហាញ​ពីភាព ទន់​ភ្លន់​ប៉ុន្មាន​ទេ តែបង្ហាញពីភាពទន់ជ្រាយ​របស់ពួកគាត់ទៅវិញ។ 
សម្រាប់ខ្ញុំវិញ ពេល​ឃើញកាយវិការ​ដ៏ថ្លៃថ្លាបស់​លោក​ឧកញ៉ា ខ្ញុំក៏រលីងរលោង​ទឹក​ភ្នែក​តាមស្រ្តី ទុរគតទំាងនេះដែរ។ ចិត្ដរបស់ខ្ញុំ សែនរំភើប​រកអ្វី​ថ្លែង​ពុំបាន ហើយ​ពេល​នោះខ្ញុំ​គិត​​ថា ខ្ញុំពិត​ជា​មាន​មោទនភាព​ណាស់ ដែល​បាន​មក​ប្រើ​ការងារ​ជាមួយឧកញ៉ា​ចិត្តធម៌។
បន្ទាប់ពីបរិច្ចាគរួចរាល់ ពួកយើងក៏លាស្រ្តីនោះមកវិញ។ មុនពេលពួកយើងចាក​ចេញ​​​នោះ ស្រ្តីទុរគត និងកូនស្រី​ បានយកផ្លែត្នោតខ្ចីមួយធ្លាយ ស្ករផែនមួយស្រាក់ ធ្វើពី​ស្លឹក​​ត្នោត​មកជូនលោកឧកញ៉ា។​ លោក ឧកញ៉ា​ទទួលយកដោយរីករាយ ព្រោះប្រសិនបើ​លោក​​ឧកញ៉ា​​មិនទទួលយកទេ ពួកគាត់​នឹងគិតថា លោក ឧកញ៉ា​រើសអើងមិនទទួលយក​ហើយ​លោកទទួលយកនេះ ក៏ដើម្បីជាការ​លើកទឹកចិត្តដល់ពួកគាត់ផង។
ពួកយើង​បានចាកលចេញពីគ្រួសារកម្សត់ទំាងអាឡោះអាល័យ ឯពួកគាត់នៅឈរ​មើល​​រថយន្ត និងជូន​ដំណើរពួកយើង ចាកចេញមករហូតផុតកន្ទុយភ្នែក។
ពេលពួកយើងមកដល់ទីរួមខេត្ត ពួកយើង​បានចូលទៅស្នាក់សណ្ឋាគារ​ដ៏ទំនើប លំ​ដាប់​ខ្ពស់មួយ​ប្រចាំ​ខេត្ត។ ពួកយើង នាំគ្នាយកឥវ៉ាន់ទៅទុកក្នុងសណ្ឋាគារ ហើយនាំគ្នា​ចេញ​មក បន្តដំណើរកម្សាន្តនៅតំបន់​ប្រា​សាទអង្គរវត្ត និងអង្គរធំ។
ខណៈមក​ដល់ប្រាសាទអង្គរវត្ដ​ភ្លាម ខ្ញុំពិត​ជារំភើប​ពិបាករក​អ្វី​មកអត្ថាធិប្បាយ​ពី​អារម្មណ៍​​ក្នុង ចិត្ដ​ណាស់ ខ្ញុំ ​និង​ក្រុម​ការងារ​បាន​នាំគ្នា​ចូលទៅទស្សនា​​ប្រាំង​ប្រាសាទ​ដ៏ប្រ​ណីត​​​នេះ​យ៉ាង​ហ្មត់ចត់ និង​មើល​ក្បូរ ក្បាច់​រចនា​ ដែល​បាន​ចរិត​លើ​ជញ្ជាំង​ប្រាសាទ​។ ខ្ញុំ​ពិត​​ជា​សូម​កោត​សរសើរ​ដល់បុព្វ​បុរសយើង​ ដែល​លោក ពិតជាមានទេពកោសល្យ​អស្ចារ្យ​ក្នុង​​ការ​ស្ថាប​នា​ប្រាសាទនេះឡើងមក​។​
​​ ខ្ញុំនិង​សមាជិកក្រុមការងារ​ទាំងអស់​ បានការទស្សនាប្រាសាទអង្គរវត្ដនេះរហូត​ដល់​ល្ងាច​។  ខ្ញុំពិតជា​ស្ញប់ស្ញែងចំពោះដូនតាខ្មែរយើងណាស់ ព្រោះពួកគាត់បានបន្សល់ទុក​នូវ​អ្វីៗ​ដែលពិភពលោកគ្មាន ដល់កូនចៅ របស់ពួកគាត់។ ពីមួយប្រាសាទទៅមួយប្រាសាទ ខ្ញុំ​មើល​ផ្ទំាងចម្លាក់យ៉ាងជក់ចិត្ត។ ឃើញខ្ញុំជក់ចិត្តបែបនេះ លោកឧកញ៉ា គួច ម៉េងលី ដើរ​មក​ក្បែរ​​ខ្ញុំ ហើយ​ខ្សឹប​​ប្រាប់ខ្ញុំថា យើងត្រូវតែមានមោទនភាព​ចំពោះបុព្វបុរស ឬដូន​តា​របស់​យើង​។ លោក​ឧកញ៉ា ប្រាប់ខ្ញុំទៀតថា យើងជាកូនចៅជំនាន់ក្រោយរបស់ដូនតា បើមិន​បាន​ជួយ​​ថែរក្សា​សម្បត្តិវប្បធម៌​មរតកដូន​តាដ៏មហាសាលនេះទេ កុំតែបំផ្លាញទៅ​បាន​ហើយ។
ពាក្យក្រើនរំលឹករបស់លោកឧកញ៉ា ធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនព្រើត ព្រឺក្បាលក្រញាង ព្រោះខ្ញុំ មិន​ដែល គិត សោះថា លោកឧកញ៉ា ដែលមានជំនាញលើផ្នែកជំនួញ និងមានចិត្ត​សប្បុរស​ធម៌ ជួយអ្នកខ្វះខាត​ម្នាក់នេះ មាន មនសិការ មានមហិច្ឆតា ស្នេហាមរតក​ដូនតាខ្មែរ​ដល់​ម្លឹង​សោះ​។ ខ្ញុំសម្លឹងមុខ និងងក់ក្បាល ហើយ​តប​ទៅ លោក ​ឧកញ៉ា​តិចៗវិញថា បាទ​! លោក​ឧកញ៉ា ខ្ញុំនឹងចងចាំពាក្យក្រើនរំលឹកនេះជានិច្ច ទោះ​​ក្នុងកាលៈ ទេសៈ​ណាក៏​ដោយ។...​បើ​មិន​បានជួយថែរក្សា សូមកុំតែបំផ្លាញទៅបាន​ហើយ​...ខ្ញុំទន្ទេញពាក្យនេះ​ជាប់​ជានិច្ច៕

ដោយ អឿ ស៊ីណា​ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨




















១១. កូនដំបូង

ខ្ញុំឈ្មោះសាវន ជាបុគ្គលិកផ្នែកគណនេយ្យនៃក្រុមហ៊ុនមួយ។ ខ្ញុំបានរៀបការជាមួយភរិយាកាលពីជាង មួយឆ្នាំមុន ហើយក្រោយពីរៀបការរួចជាង៦ខែ ភរិយាជាទីស្រឡាញ់របស់ខ្ញុំក៏មានផ្ទៃពោះ។ ប៉ុន្តែ ដោយ សារភាពក្មេងខ្ចី និងថ្មីថ្មោងរបស់ពួកយើងក្នុងការមើលថែទំាគភ៌ ទើបធ្វើឱ្យគភ៌ដែលទើបតែមានអាយុជាង៣ ខែនោះបាត់បង់ទៅវិញ។ ការបាត់បងគភ៌ដំបូងរបស់ពួកយើងធ្វើឱ្យភរិយាខ្ញុំសោកស្តាយយ៉ាងខ្លាំង។ គាត់ជូត ទឹកភ្នែកហើយមកសុំទោសខ្ញុំ ខ្ញុំក៏សែនសោកស្តាយចំពោះជីវិតដែលមិនទាន់ឃើញពន្លឺថ្ងៃនេះដែរ។ ខ្ញុំមិនបាន សន្ទោសភរិយាខ្ញុំទេ ព្រោះវាក៏ជាចំណែកនៃកំហុសរបស់ខ្ញុំដែរ។ ពួកយើងបានអង្គុយស្រងូតស្រងាត់ មិននិ យាយ ស្តីអស់ជាច្រើនថ្ងៃ ព្រោះតែស្តាយកូនរបស់ពួកយើង ពួកយើងពិតជាឈឺចាប់ខ្លំាងណាស់ ចំពោះរឿង នេះ។
ថ្ងៃមួយដោយសារអផ្សុកខ្លាំង ទំនេរពីការងារខ្ញុំក៏បើកហ្វេសប៊ុក និងវេបសាយមើលព័ត៌មានជាធម្មតា តែខ្ញុំបានឃើញខិតប័ណ្ណមួយ ផ្សព្វផ្សាយនៅគេហទំព័រឈ្មោះថា អ៊ីនធឺខន រ៉ូស្ទ័រ អំពីការធ្វើបទបង្ហាញរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លើការថែទំាគភ៌មុនពេលសម្រាល និងក្រោយពេលសម្រាល។ ឃើញ ប្រធានបទនេះ ខ្ញុំចាប់អារម្មណ៍ខ្លាំង។ បទបង្ហាញនេះ ធ្វើឡើងដោយអនុញ្ញាតឱ្យអ្នកចូលរួម ចូលរួម ដោយ សេរី នៅវិទ្យាស្ថានឯកជនមួយកន្លែង។ ខ្ញុំបានបបួលភរិយាខ្ញុំទៅដែរ ដើម្បីបានបទពិសោធអំពី កិច្ចថែទំាគភ៌ ឬទារកនេះ។
មួយសប្តាហ៍ក្រោយមក ថ្ងៃធ្វើបទបង្ហាញក៏បានមកដល់។ ខ្ញុំ និងភរិយា បានទៅចូលរួមស្តាប់នឹងគេ។ នៅពេលចាប់ផ្តើមនៅក្នុងសាលដ៏ធំទូលាយ និងមានមនុស្សចូលរួមរាប់រយនាក់នោះ លោកឧកញ៉ា វេជ្ជបណ្ឌិត បានលើកឡើងថា គូស្វាមី ភរិយាថ្មីដែលទើបតែរៀបការរួចមុនពេលសម្រេចចិត្តថា ខ្លួននឹងយកកូន គឺត្រូវ ត្រៀមលក្ខណៈសម្បត្តិមួយចំនួន ដូចជា ស្រ្តីត្រូវតែមើលថែសុខភាពរបស់ខ្លួនឱ្យល្អជាមុនសិន កុំឱ្យមានជំងឺ ដង្កាត់ ផ្សេងៗមកបៀតបៀន ដូចជា ជំងឺស្រ្តី ជំងឺរបេង ជំងឺសើរស្បែក ទំាងជំងឺឆ្លង និងជំងឺមិនឆ្លងដទៃ ទៀត ជាដើម ទើបពេលកូនកើតមកមានសុខភាពល្អ។ អ្វីដែលសំខាន់គឺត្រូវដឹងពីរការគ្រប់គ្រងរបបអាហារ ត្រូវញ៉ាំ អាហារដែលមានសាធាតុចិញ្ចឹមគ្រប់គ្រាន់ បើអាចញ៉ាំផ្លែឈើឱ្យបានជាប្រចាំតិចក្ដីច្រើនដើម្បីឱ្យសុខភាពល្អ។ ហើយពិសេស ត្រូវលេបថ្នាំជាតិដែកការពារឈាមឱ្យបានពេញលេញចាំចាប់ផ្តើមយកគភ៌ ទើបកូនកើតមក មានសុខភាពបរិបូណ៍។ ហើយប្រសិនមានជំងឺដូចខាងលើ ស្រ្តីជាម្តាយឬភរិយា គប្បីទៅមន្ទីរពេទ្យពិគ្រោះ យោបល់ និងព្យាបាលឱ្យបានត្រឹមត្រូវ។ មិនត្រូវទិញថ្នាំតាមតែខ្លួនឯងនឹកឃើញ ឬអ្នកដទៃប្រាប់នោះទេ ជាពិ សេស ក្រោយពេលមានគភ៌ហើយ ស្រ្តីត្រូវតែពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមគ្រូពេទ្យកំណត់។ ប្រសិនបើ គ្រូពេទ្យណាត់បីខែជួប ពេលគម្រប់បីខែត្រូវតែទៅជួបគ្រូពេទ្យកុំឱ្យខាន។ ធ្វើបែបនេះ គឺដើម្បីឱ្យគ្រូពេទ្យ គេតាមដានបានដិតដល់ ទំាងសុខភាពម្តាយ និងសុខភាពគភ៌ដែលនៅក្នុងផ្ទៃ ហើយត្រូវអនុវត្តតាមកា រណែ នាំរបស់គ្រូពេទ្យជំនាញ ជាពិសេសប្រសិនបើមានអាការៈអ្វីចម្លែក គឺត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ជា បន្ទាន់។  លោកឧកញ៉ា បាននិយាយផ្តាំផ្ញើនូវរបៀបថែទំាខ្លួន និងទារកឬគភ៌ជាច្រើនទៀតដល់ស្រ្តីជាម្តាយ ឬមិនទាន់ ក្លាយជាម្តាយគេក្តី ខ្ញុំបានកត់ត្រានូវរាល់ពាក្យពេចន៍ នៃការលើកឡើងរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត ឥត ចន្លោះ។ ពេលបទបង្ហាញចប់ ខ្ញុំនិងភរិយាក៏បានត្រឡប់មកផ្ទះវិញ ដោយពុំបានជួបជាមួយលោកឧកញ៉ាទេ តែអ្វីដែលខ្ញុំទទួលបានពីលោកឧកញ៉ានៅពេលនេះ គឺពិតជាប្លែកដែលខ្ញុំមិនធ្លាប់ជួប ឬលឺពីមុនមកទេ ទោះបី លោក ឧកញ៉ាបញ្ជាក់ថា គេធ្លាប់ផ្សព្វផ្សាយមេរៀននេះ នៅតាមបណ្តាវិទ្យុ និងទូរទស្សន៍ច្រើនលើក ច្រើន សារក្តី។
ពេលមកដល់ផ្ទះវិញ ខ្ញុំ និងភរិយាក៏សាកល្បង លើកយកមេរៀនដែលលោកឧកញ៉ា វេជ្ជបណ្ឌិត បាន បង្រៀននោះមកអានឡើងវិញ។ ពេលអានមិនយល់ពួកយើងពិគ្រោះគ្នាអំពីអត្ថន័យ ព្រោះខ្ញុំសរសេរខ្វៀក អានមិនដាច់ បន្ទាប់មកចំណុចណាដែលយើងសង្ស័យខ្លាំង ពួកយើងយកចម្ងល់នេះ ទៅសួរគ្រូពេទ្យដែលមាន ជំនាញខាងរោគស្រ្តី។
មួយសប្តាហ៍ ពីរសប្តាហ៍ កន្លងផុត និង៤ខែក្រោយមក ភរិយារបស់ខ្ញុំក៏ចាប់ផ្តើមមានគភ៌ម្តងទៀត។ យើងបានអនុវត្តតាមការណែនាំរបស់លោកឧកញ៉ា ដោយទៅជួបគ្រូពេទ្យជំនាញ ដើម្បីមើលផ្ទៃពោះជា រៀង រាល់ខែ។ ខ្ញុំតែងតែតឿនភរិយារបស់ខ្ញុំ ឱ្យទទួលទានថ្នាំជាតិដែកឲបានច្រើន ព្រោះស្រ្តីមានផ្ទៃពោះ ទាមទារ និង ត្រូវការបំផុតថ្នាំគ្រាប់ជីវជាតិដែកនេះ។ ថ្នាំជាតិដែកមានចំនួនច្រើន ទើបធ្វើឱ្យភរិយាខ្ញុំមិនចង់លេប ប៉ុន្តែ ទីបំផុត នាងព្រមលេបតាមការលួងលោម និងការបញ្ចុះបញ្ចូលរបស់ខ្ញុំ។ ចាប់ពីពេលនោះមក ពេលយើងទៅ ជួប គ្រូពេទ្យ ខ្ញុំតែងសួរគ្រូពេទ្យអំពីសុខភាពកូនរបស់ខ្ញុំ គ្រូពេទ្យប្រាប់មកវិញថា មិនថ្វីទេ ដោយសារខ្ញុំមក ពិនិត្យផ្ទៃពោះរៀងរាល់ខែដូច្នេះ សុខភាពទំាងកូន និងម្តាយគឺល្អដូចគ្នា។ ខ្ញុំសប្បាយយ៉ាងខ្លាំង ចំពោះ ដំណឹង នេះ។ ៧ខែកន្លះក្រោយមកស្រាប់ភរិយាខ្ញុំ មានអាការៈខុសពីធម្មតា គឺចុកនិងឆ្អល់ពោះ។ ខ្ញុំបានជូនភរិយាខ្ញុំ ទៅ កាន់គ្រូពេទ្យភ្លាម។ ក្រោយពីពិនិត្យហើយ គ្រូពេទ្យប្រាប់ថា កូនរបស់ខ្ញុំ អាចនឹងកើតមិនគ្រប់ខែ។ ឮ​ដូច្នេះភ្លាម ខ្ញុំក៏ឆ្ងល់ភ្លាមដែរថា ហេតុអ្វីខ្ញុំមកពេទ្យរាល់ខែ ភរិយាខ្ញុំនៅតែមានបញ្ហាទៀត?។ គ្រូពេទ្យ ប្រាប់ មកវិញថា ដោយភរិយាខ្ញុំ ធ្វើការអាចអង្គុយយូរពេក និងពេលយប់គេងមិនសូវបានស្កប់ស្កល់។ ដូច្នេះ បញ្ហា នេះ ជាបញ្ហាដែលស្រ្តី គួរប្រយ័ត្នប្រយែងនៅពេលមានគភ៌។ ពេលគ្រូពេទ្យប្រាប់ពីបញ្ហានេះ ទើបខ្ញុំនឹកឃើញ ដល់ប្រសាសន៍របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលពោលថា ការថែទំាសុខភាព ត្រូវគិតតាំងពីការ ហូបចុក ការដេក ដើរ ឈរ អង្គុយ ជាដើម។ អ្វីៗ សុទ្ធតែមានកំណត់ ហើយចំណុចណាសង្ស័យ អាចទៅជួប គ្រូ​ពេទ្យភ្លាម កុំចេះតែស្មានខ្លួនឯង និងពន្យាពេលជួបគ្រូពេទ្យ។ ពួកយើបានភ្លេចបណ្តំាលោកឧកញ៉ា វេជ្ជ បណ្ឌិត។
ស្តាប់អ្នកគ្រូពេទ្យ និងនឹកឃើញប្រសាសន៍លោកឧកញ៉ា ទើបធ្វើឱ្យខ្ញុំអស់ចិត្តចំពោះចម្ងល់នេះ ហើយ ព្យាយាមនិយាយលួងចិត្តភរិយាខ្ញុំ កុំឱ្យគាត់បាក់ទឹកចិត្ត ហើយក្រោយពីសម្រាកបានពីរបីម៉ោងក្រោយមក សុខភាពភរិយាខ្ញុំបានស្រួលធម្មតាវិញ។ គ្រូពេទ្យប្រាប់ថា បើសុខភាពធម្មតា កូនអាចកើតតាមពេលកំណត់ តែ​ម្តាយត្រូវតមការអង្គុយយូរ និងសម្រាកយប់ជ្រៅពេក នាំឱ្យខ្លួនឯងជាម្តាយមានកម្លាំងខ្សោយ។ ពួកយើង បាន​ថ្លែងអំណរគុណគ្រូពេទ្យ និងចងចាំនូវអ្វីដែលគ្រូពេទ្យ និងលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តែរ ផ្តាំ៕


ដោយ អឿ ស៊ីណា ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩





















១២.បន្លាក្នុងបាតជើង

ខ្ញុំឈ្មោះវាសនា។ ខ្ញុំជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ទាន់សម័យ​មួយកន្លែង។ អាជីវកម្ម​របស់​​ខ្ញុំ​មាន​​​​ដំណើរការ​ធម្មតា ប៉ុន្ដែ​នៅប៉ុន្មានខែ​នេះ អាជីវកម្ម​ខ្ញុំហាក់ដូច​ជាមាន​បញ្ហាបន្ដិច​បន្តួច​។ កត្ដានេះ​ ទំនង​​ក៏​ដោយ​​​សារ​​មាន​ហាងកាត់​ដេរសម្លៀកបំពាក់​​ថ្មីៗ​​​កើត​មាន​ច្រើន​​នៅតំបន់ខ្ញុំ។ វារីកដុះ​ដាល​ដូរផ្សិត​ ហើយ​អតិថិ​ជន​​របស់ខ្ញុំ​បានបាត់​​ម្ដងមួយៗជារៀងរាល់ថ្ងៃ​ ធ្វើឱ្យខ្ញុំ​មានការព្រួយបារម្ភ។ ខ្ញុំគិតអំពីអាជីវកម្មរបស់ខ្ញុំ ឡើង​ស្រ្តេស​​ទៅហើយ តែថ្ងៃមួយ​ខ្ញុំបានចូលរួម​​សិក្ខាសាលា​ក្រោម​ប្រធាន​បទ “និរន្ដរភាព​​​​​អាជីវកម្ម”។ ​វាគ្មិន នៃ​សិក្ខា​​សាលានេះ គឺលោកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃ​ក្រុម​​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេ​សិន។
លោកឧ​កញ៉ាគួច ម៉េងលី គឺជាវាគ្មិន ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំងបំផុតនៅកម្ពុជា ព្រោះ​គ្រប់កម្មវិធី​សិក្ខា​សាលា ឬបទបង្ហាញនានា គ្រាន់តែ​លោក​ឡើង​ដល់លើវេទិកាភ្លាម សិក្ខាមទាំងអស់ នាំគ្នាទះដៃអបអរសា​ទរ ហ៊ោ​កញ្ច្រៀវ ព្រោះបានឃើញ និងជួបរូបលោកផ្ទាល់។ ម្នាក់​ៗ​​បង្ហាញ​ពី​ជំនឿចិត្ដ និងភាពកក់ក្តៅ​ចំពោះ​គាត់​​។ ខ្ញុំ​ក៏ហាក់រំភើបចិត្តជំនួសគាត់ដែរ ព្រោះម្នាក់ៗមើលទៅរីករាយខ្លាំង​ដែលបានជួបលោក។
នៅក្នុងសិក្ខាសាលានេះ ជាទូទៅប្រសាសន៍​របស់លោកឧកញ៉ា​អប់រំ​ម្ចាស់​អាជីវកម្ម ​ឱ្យ​ដឹងពីគុណ​តម្លៃ​របស់មនុស្ស និង​តម្លៃ​​​អាជីវកម្ម​។
នៅក្នុងសិក្ខាសាលា​ដែលមានមនុស្សចូលរួមដ៏ច្រើនកុះករនេះ លោកឧកញ៉ា បានលើកឡើងជា​ច្រើន​ផ្សេង​​ទៀតទាក់ទងនឹងការធ្វើអាជីវកម្ម​ជំនាន់ថ្មី។ លោកនិយាយថា ការធ្វើអាជីវកម្មជោគជ័យទៅបាន ពេល​ខ្លះ​មិនមែនអាស្រ័យលើទុនថវិកាតែមួយមុខនោះទេ តែទុនសំខាន់បំផុតមួយទៀត គឺធនធានមនុស្ស។ បច្ចុ​ប្បន្ន ការ​ប្រកបអាជីវកម្ម ឬរបរអ្វីមួយ គឺយើងត្រូវការធនធានមនុស្សជាចំាបាច់។
អ្វី​ដែល​ខ្ញុំ​ចង់លើកឡើងនៅទីនេះ គឺពេលនោះ​គ្រាន់​តែ​កម្ម​វិធី​បញ្ចប់ភ្លាម ខ្ញុំ​បាន​​សុំ​​ជួបលោកឧញ៉ា នៅ​ហាង​កាហ្វេ​ភ្លាម ដើម្បីស្នើសុំយោបល់គាត់ខ្លះទាក់ទងនឹងការបើកអាជីវកម្ម និងគន្លឹះមួយចំនួន​ដែលគាត់​បាន​លើក​ឡើង។ ដោយ​គាត់​មិនប្រកាន់ខ្ញុំបន្ដិចសោះ។ លោកឧកញ៉ា មិនបានបដិសេធ ចំពោះការស្នើសុំរបស់ខ្ញុំ​ទេ ហើយ​ពួកយើងសម្រេចថា នឹងជួបគ្នា​នៅហាងកាហ្វេទំនើបមួយ។
  ពេល​មក​ដល់ហាង​កាហ្វេ ខ្ញុំបានលើកដៃ​សំពះ ​ជម្រាប​សួរគាត់ ហើយគាត់លើកដៃសំពះ និងលូកដៃ​ចាប់​​ខ្ញុំ ខ្ញុំក៏លូកដៃ​ចាប់ដៃគាត់វិញដែរ។
ចាប់ដៃរួច ពេលដាក់គូទអង្គុយ លោកឧកញ៉ា បានប្រាប់ពីមេរៀនទី១ ស្តីពីទំនាក់ទំនងដល់ខ្ញុំដោយ​មិន​
ដឹង​ខ្លួន។ លោកឧកញ៉ា ​មាន​ប្រសាសន៍ថា គ្រាន់តែ​ចាប់ដៃក្មួយមិញ ពូដឹង​ពីគុណសម្បត្ដិ និង​គុណ​វិបត្ដិ​ក្មួយ​បាត់​ហើយ គឺក្មួយ​ជា​មនុស្ស​ភ័យ​ខ្លាច​ច្រើន​...ក្មួយគ្មានអារម្មណ៍ ឬព្រលឹងក្នុងខ្លួនទេ
ខ្ញុំសម្លឹងមុខគាត់ដោយងឿងឆ្ងល់
.បាទ បាទ ខ្ញុំពិត​ជាភ័យ​មែន នៅពេលបាន​ជួប​លោកឧកញ៉ា (ខ្ញុំតបទៅវិញ)
.​​ក្មួយ​ត្រូវ​ចាំថា ការភ័យ​ខ្លាច​មិនអាច​ជួយអ្វីយើងបានទេ។ ក្មួយដឹងទេ ហេតុអ្វី​ខ្ញុំអាចដឹងពីចំណុច​ខ្សោយ​​​របស់ក្មួយ​? គឺដឹងតាមរយៈការចាប់ដៃនេះឯង។ ពេលចាប់ដៃ ដៃក្មួយញ័រ និងមិនច្របាច់ណែនទេ។ ពូសូម​ប្រាប់មេរៀននេះដល់ក្មួយ។ ដើម្បីបង្ហាញពីភាពជឿជាក់ទៅលើអ្នកដទៃ ពេលចាប់ដៃ ក្មួយត្រូវចាប់​ដៃ​គេ​ឱ្យណែន និងរលាក់ឱ្យលឺ។ មិនត្រូវញ័រ មិនត្រូវភ័យឡើយ។
.បាទ លោកឧកញ៉ា (ខ្ញុំតបទៀត)
.ហើយចុះក្មួយ​ណាត់ខ្ញុំមក​នេះ មានការអ្វីដែរ? (គាត់សួរខ្ញុំ)
.បាទ លោកពូ (ម្តងខ្ញុំហៅគាត់ថាឧកញ៉ា ម្តងហៅថាពូ) ខ្ញុំចង់ដឹងថា ដើម្បីរក្សានិរន្តរភាពអាជីវកម្ម តើ យើង​គួរធ្វើបែបណា?
.អូ! ​អាជីវកម្មក្មួយប្រភេទអីដែរ? ហើយអាជីវកម្ម​​​មាន​បញ្ហាអីឬ​​?
.បាទ ខ្ញុំ​បើ​កកន្លែង​កាត់​សម្លៀកបំពាក់មួយកន្លែង។ កាលដំបូងមានដំណើរការល្អធម្មតា តែឥឡូវធ្លាក់​ចុះ​ខ្លះ ព្រោះតំបន់នោះឥឡូវមានអ្នកបើកច្រើនដែរ។
.ហ៊ឹម... ធម្មតា គោលការណ៍នៃទីផ្សារសេរីគឺអ៊ីចឹងហើយ។ អាជីវកម្មថ្មី តែងតែកើតឡើង ដើម្បី​ប្រ​កួត​​ប្រជែង​អាជីវកម្មចាស់។ បើយើងមិនប្រយ័ត្នទេ អាជីវកម្មយើងនឹងដួល ឬក្ស័យទុន។ ក្មួយត្រូវពិនិត្យ​មើល​ថា តើក្នុងអាជីវកម្មរបស់ក្មួយ មានអ្វីខ្លះ ជាបន្លាក្នុងបាតជើង។
.អ្វីទៅជាបន្លាក្នុងបាតជើងលោកពូ? (ខ្ញុំសួរគាត់បញ្ជាក់)
.បាទ បន្លាក្នុងបាតជើង គឺបន្លាក្នុងបាតជើង។ ប្រសិនបើបាតជើងរបស់ក្មួយ​មានបន្លា ពេលក្មួយ​ដើរទៅ មិនស្រួលប៉ុន្មានទេ គឺបន្លារារាំង ឬរំខានមិនឱ្យក្មួយដើរបានស្រួល។ ដូច្នេះ បើមាន​ ក្មួយត្រូវជួសបន្លា​នេះ​​ចេញ​ឱ្យ​ហើយ កុំឱ្យវារំខានទៀត។ បន្លាក្នុងបាតជើង មិនធ្វើឱ្យក្មួយដើរដល់គោលដៅដោយ​ងាយ​ស្រួល​ទេ។ គេ​ខ្លាច​បំផុតបន្លាក្នុងបាតជើង ព្រោះវារំខាន​ការដើររបស់យើងគ្រប់ពេល។ ក្មួយត្រូវតែប្រញាប់ព្យាបាល​វា​ឱ្យ​បាន​ឆាប់ បើមិនដូច្នេះទេ វានឹងបង្កជាខ្ទុះ ឬដំបៅពិបាកនឹងដើរ។  បើសម្រាប់អាជីវកម្មវិញ ក្មួយ​ត្រូវមើ​ឱ្យច្បាស់ថា តើ​កត្តាអ្វីខ្លះ​ដែលនាំឱ្យរំខានដល់ដំណើរការអាជីវកម្មរបស់​ក្មួយ?។ តើមានមនុស្សជា​បន្លាក្នុង​បាតជើងទេ បើ​មាន​​តើអ្នកណាខ្លះជាបន្លាក្នុងបាតជើង? រកឃើញហើយ ក្មួយត្រូវដោះស្រាយបន្ទាន់ បើមិន​ដូច្នេះ​ទេ នឹង​មាន​បញ្ហា​ធំដល់អាជីវកម្ម។  ក្រៅពីនេះក្មួយក៏ត្រូវដឹងដែរ ទី១ ​ត្រូវ​ពង្រឹង​គុណភាពអ្នកកាត់ដេរ។ អ្នក​កាត់​ដេរ​ត្រូវ​តែជា​អ្នកជំនាញ ថ្នេស្អាត ហើយបានជាប់ល្អ ទី​២ ក្រណាត់​ត្រូវ​តែមានគុណភាព មិនឆាប់​បែកព្រុយ​ ទី៣ សិក្សា​លើតម្លៃ​មិន​ត្រូវ​ឱ្យលើសគេ ហើយ​ក៏មិនឱ្យក្រោម​គេដែរ​ ទី៤ សិក្សាលើ​តម្រូវ​ការ​អតិថិជន តើ​តំបន់នោះ គេ​និយមសម្លៀកបំពាក់​យ៉ាងម៉េច​? ទី៥ ត្រូវ​លើក​ទឹកចិត្ដ​បុគ្គលិក​ ឱ្យប្រាក់ខែ​គាត់បានសមរម្យ​ស្រប​តាម​អតិ​ផរណា​ ទី៦ សេវាកម្ម​របស់ក្មួយ​​ត្រូវ​តែ​បាន​ដូច​ចិត្ដ គឺសេវា​កម្ម​ល្អ មានន័យថា ដាក់​កំណត់ថ្ងៃណា​បាន ត្រូវ​បាន​​ថ្ងៃហ្នឹង​ ទី៧ ត្រូវ​កំណត់អត្ដសញ្ញាណ​ខ្លួនឯង។ រឿង​ទាំងអស់នេះហើយ គឺជាអ្វីដែលក្មួយត្រូវធ្វើ មិនមែន​មកអង្គុយគិតថា គេ​មកប្រជែង​ក្មួយ មកដណ្ដើមអតិថិជន​ក្មួយនោះទេ។ មួយវិញទៀត នៅពេលដែរ​នៅពេល​ដែល​ក្មួ​យ​ក្លាយខ្លួនជាម្ចាស់​អាជីវកម្មហើយ ក្មួយត្រូវ​ចេះ​បរិច្ចាគ​​នូវ​ធនធាន​របស់ខ្លះ​ដល់សង្គមវិញ តាមតែ​លទ្ធ​ភាព​​ក្មួយ​អាចធ្វើ​បាន ដូចជា ការចែក​អំណោយជាថវិកាក្ដី ជាអាហារក្តី ជា​កម្លាំង​ក្ដី​​ ឬក៏​ការចែករំ​លែក​ចំណេះ​ដឹង​​ដែលខ្លួន​មាន​​ទៅដល់​អ្នក​ដែលមិនទាន់​ដឹងជាដើម​។ ពេលក្មួយ​ជួយដល់​សង្គម​ហើយ សង្គម​នឹងជួយក្មួយវិញ គឺ​​តាមរយៈការផ្តល់កិត្ដិយស​មុខមាត់ដល់ក្មួយវិញ។ 
បន្ទាប់ពីស្ដាប់ប្រសាសន៍​លោក​ឧកញ៉ា​ភ្លាម ខ្ញុំភ្ញាក់ខ្លួនព្រើតតែម្តង ព្រោះរឿង​ទាំងអស់នេះ ខ្ញុំ​មិន​ដែល​​គិត​សោះពីមុនមក ហើយទឹកចិត្ដ​នឹងភាព​ស្នេហាជាតិរបស់គាត់ ធ្វើ​ឱ្យខ្ញុំកោតសរសើរ​​​ និងគោរពនូវឆន្ទៈ​ដែល​លោក​មាន​។ សំណេះសំណាលគ្នាហើយ ពួកយើងក៏បែកគ្នា ហើយបានខ្ញុំសន្យា​ចំពោះមុខគាត់ថា នឹងជ្រើស​រើស​គំរូ​ល្អរបស់គាត់សម្រាប់ដើរទៅថ្ងៃខាងមុខ។ ខ្ញុំ​បាន​ថ្លែង​អំណរអរគុណ ចំពោះ​ការបរិច្ចាគពេលវេលា និង​មេរៀន​​ដ៏ទូលំទូលាយរបស់លោកឧកញ៉ា​មកដល់រូបខ្ញុំ៕


ដោយអឿ ស៊ីណា ០៤ ធ្នូ ២០១៨





















១៣.ស្រមោល​អតីកាល


ខ្ញុំគេងមិនលក់  ពេលខ្លះពីរបីយប់ជាប់ៗគ្នា។ ដំបូងឡើយ ខ្ញុំមិនដឹងពីមូលហេតុនេះ តែក្រោយមក​ទើប​ខ្ញុំ​ដឹងថា ការគេងមិនលក់របស់ខ្ញុំ មានជាប់ពាក់ព័ន្ធ​នឹងរឿងរ៉ាវអតីតកាល​ដ៏ឈឺចាប់វេទនារបស់ខ្ញុំ។ ពេលខ្លះ រហូត​ធ្វើឱ្យខ្ញុំគេងយល់សប្តិឃើញផងដែរ។ អាការៈរបស់ខ្ញុំ​ត្រូវបានគេរកឃើញថា ជាជំងឺបាក់ស្បាត។ ខ្ញុំ និង ជន​ជាតិខ្មែរ​ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម និងរស់នៅជំរំភៀសខ្លួន ខាវអ៊ីដាង សាយធូ សាយអេក្ស ណង​ចាន់ ជំរំអំពិល និងជំរំដទៃទៀតនៃប្រទេសថៃ ត្រូវគេរកឃើញថា ៩០% មានជំងឺបាក់ស្បាត។ ជំងឺបាក់ស្បាត ត្រូវ​​ការរយៈពេលយូរ​ដើម្បីព្យាបាល ប៉ុន្តែ​វាអាចនឹងមិនជាសះស្បើយដូចដើមវិញឡើយ ព្រោះអ្វីៗ វាបានដក់​ជាប់​ក្នុងបេះដូងទៅហើយ។
តាមអ្វីដែលខ្ញុំចាំ កាលណោះ គ្រួសារខ្ញុំ​ត្រូវគេឱ្យរស់នៅបែកពីគ្នា។ ម្តាយខ្ញុំរស់នៅកន្លែងផ្សេង ឪពុក ខ្ញុំ​នៅកន្លែងផ្សេង បងប្រុសៗរបស់ខ្ញុំក៏ទៅធ្វើការ និងរស់នៅកន្លែងផ្សេង ឯខ្ញុំ​ក៏ទៅធ្វើការកន្លែងផ្សេងដែរ។ ជួន​កាល​ពួកយើងអាចជួបគ្នាពេលថ្ងៃមួយភ្លែត ជួនកាលយើងជួបគ្នាបានតែពេលយប់ ក្រោយពីបំពេញការ​ងារ​ពេញ​មួយថ្ងៃ។ ខ្ញុំអាយុជាង៦ឆ្នាំ ត្រូវគេប្រើឱ្យបារស្មៅអាចម៍បំណះ​ក្នុងស្រែ​ដែលមានទឹកជម្រៅត្រឹម​ជង្គង់ កន្លែង​ខ្លះត្រឹមៗភ្លៅ តាមពីក្រោយរនាស់​ដែលគេរាស់ សម្រាប់ស្ទូងស្រូវនៅថ្ងៃស្អែកបន្ទាប់។ គេបាន​កំណត់​ឱ្យ​យើង​បារ បើរមិនទាន់ផែន​ការ​ទេ យើងនឹងត្រូវមានទោស ដោយទទួលទណ្ឌកម្មផ្សេងៗ។ ក្មេងៗ ដែលធ្វើ​ការ​ជា​មួយខ្ញុំ គេឆ្លាត គេវាងវៃ គេប្រើល្បិច លួចជាន់អាចម៍បំណះបង្កប់ទៅក្នុងដី ក្នុងទឹកវិញ ចំណែក ខ្ញុំឆោត ខ្ញុំ ចេះ​តែបារៗ តាមបញ្ជាគេ ទម្រាំរួចម្តងៗ សឹងតែបាក់ចង្កេះស្លាប់។ ជួនកាលថ្ងៃខ្លះ ម្តាយខ្ញុំ ដែលដើរ​ឆ្លង​កាត់​(ម្តាយខ្ញុំមានផ្ទៃពោះ គេឱ្យនៅក្បែរចុងភៅ គ្រាន់រកបន្លែត្រកួន) ឃើញខ្ញុំ គាត់ក៏លួចខ្សឹបខ្ញុំឱ្យលួច​ជាន់ ពន្លិច​ទៅ​ក្នុងទឹកដូចគេ។ ខ្ញុំនៅតែឆោតមិនហ៊ានធ្វើដដែល រហូតច្រើនថ្ងៃទើបហ៊ានប្រថុយម្តង ហើយទោះបី យើង​ធ្វើ​ការធ្ងន់ហួសកម្លាំងយ៉ាងនេះក៏ដោយ ក៏យើងទទួលបានអាហារ​ត្រឹមតែបបរ​បីស្លាបព្រាក្នុងមួយ​ពេល​ដែរ។ ពេល​ខ្លះ​ឃ្លានពេក ខ្ញុំ បងប្រុសខ្ញុំ ឬជួនកាលម្តាយខ្ញុំ នាំគ្នា​លួចទៅរែងអង្កាម ដែលគេចោល ដើម្បីយក ចុង​អង្ករ​មកដាំបាយហូប។ ថ្ងៃមួយ​ពេលបងប្រុសខ្ញុំ រែងបានច្រើន​ទូលកាត់ភូមិ ពួកឈ្លបភូមិមើលឃើញ គេ ក៏​មក​ចាប់​គាត់ និងសួររកអ្នកដែលបញ្ចេះឱ្យគាត់លួច។ ដោយភ័យខ្លួនពេក បងរបស់ខ្ញុំ បានប្រាប់គេតាមត្រង់ ថា ម្តាយ​ខ្ញុំ ជាអ្នកឱ្យទៅលួច។ កាលណោះម្តាយខ្ញុំ មានទម្ងន់ (មានផ្ទៃពោះ) ប្អូនស្រីខ្ញុំ។
ក្រោយពីដឹងហើយ ពួកឈ្លបបានទៅជួបម្តាយខ្ញុំ ហើយប្រាប់ម្តាយខ្ញុំថា ត្រូវតែជីករណ្តៅ ដើម្បីកប់សព​
ខ្លួន​ឯង និងគ្រួសារ។ ដីដែលពួកគេឱ្យម្តាយខ្ញុំជីក​ គឺទទឹង​២ម៉ែត្រ បណ្ដោយ៦ម៉ែត្រ ជម្រៅ​ជាង១ម៉ែត្រ​។ ពួក​គេ​គំរាមថា បើម្តាយខ្ញុំជីកមិនហើយក្នុងរយៈពេលមួយយប់ទេ គេនឹងយកគ្រួសារខ្ញុំទៅសម្លាប់ហើយកប់ក្នុង រណ្តៅ​នេះទំាងអស់។ ពួកឈ្លបដាក់កំហិត​មិនឱ្យអ្នកណាជួយជីកម្តាយខ្ញុំទេ ប៉ុន្តែយប់ឡើង បងប្រុសខ្ញុំ បាននាំ គ្នា​ទៅលួចជីករណ្តៅនោះ។ វាហាក់អច្ឆរិយៈ និងទេវតាជួយដែរ ពេញមួយយប់នៅរណ្តៅដ៏ធំ និងជ្រៅត្រូវបាន​ជីក​រួចរាល់។
ដោយសារតែឃើញម្តាយខ្ញុំ ធ្វើបានសម្រេចតាមផែនការពួកឈ្លប មិនបានសួរដេញសោលរឿងជីក ប៉ុន្មាន​នាក់នោះទេ តែគេបានអនុញ្ញាតឱ្យពួកយើងរួចខ្លួន។ ពួកយើងត្រេកអរ ទំាងព្រលឹងចុងសក់។
ខ្ញុំនៅចងចាំរឿងដ៏រន្ធត់ខ្លោចផ្សាមួយទៀតដែរ ហើយរឿងនោះ ខ្ញុំបានសរសេរនៅក្នុងសៀវភៅ ភ្នំ​ដង រែក​ទីពុំអាចបំភ្លេចរបស់ខ្ញុំរួចហើយ គឺដូនចាស់ម្នាក់ ត្រូវគេចងផ្អោបនឹងបង្គោលឬស្សីកណ្តាលថ្ងៃក្តៅ ក្បែរ​រោង​ហួប​បាយរួម។ ដូននេះ ត្រូវក្មេងៗស្របាលៗខ្ញុំ យកចានបាយវាយក្បាល​ម្នាក់មួយចានឮលាន់ប៉ឺងៗ រហូត​ចេញ​ឈាម​។ ពួកអង្គការបង្គាប់ឱ្យយើងវាយក្បាលដូនចាស់នោះ ព្រោះគេចោទថា ដូនចាស់ បានលួចរបស់​របរ សមូហ​ភាព​របស់អង្គការ​។ បើមិនវាយទេ គេនឹងដាក់ទោសយើង។
នេះជាការលើងឡើងរបស់​លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ​ ក្នុងឱកាស​ជួប​ខ្ញុំ ​នៅ​ក្នុងហាង​កាហ្វេ​​មួយនាកណ្តាលរាជធានីភ្នំពេញ កាលពីខែសីហា។ លោកឧកញ៉ា ប្រាប់ខ្ញុំថា ជីវិតលោកវេទនាខ្លាំងណាស់ ទម្រាំ​មានថ្ងៃនេះ ដូច្នេះ គាត់ដាស់តឿន ឱ្យខ្ញុំប្រឹងប្រែង និងតស៊ូឡើង។ លោកឧកញ៉ា បញ្ជាក់ទៀតថា សម័យ​កាល​នេះ យុវជនមិនវេទនា​ដូចសម័យលោកឧកញ៉ាទេ ព្រោះសម័យនោះ យុវជនត្រូវធ្វើការពេញៗមួយថ្ងៃ ឬជួន​កាល​រហូតដល់យប់ គ្មានពេលរៀនសូត្រ ឯយុវជនបច្ចុប្បន្នមានឱកាសរៀនសូត្រច្រើន ដូច្នេះ​យុវជនត្រូវចេះ រង់​ចាំ​ឱកាស ចេះបង្ក ឬកសាងឱកាស និងចេះឆក់ឱកាស។ លោកឧកញ៉ាថា យុវជនបច្ចុប្បន្ន មិនគួររង់ចាំឱ្យ​ឱ កាស​រត់មករកទេ ពេលខ្លះ គួរចេះរត់ទៅរកឱកាស។ លោកឧកញ៉ាថា ទោះបីយ៉ាងណា យ៉ាងហោច​ណាស់ យុវជនសម័យនេះ មានឱកាសច្រើនជាងយុវជនសម័យនោះដែរ។ ចូរព្យាយាម ដើម្បីគ្រប់គ្រងឱកាស និង​ឆក់​យក​ឱកាសឱ្យបាន។


ដោយ អឿ ស៊ីណា ១២ /១២ /២០១៨























១៤. នំពងទា

ក្រោមតំណក់ភ្លៀង ដែលមិនទាន់រាំងដាច់ស្រួលបួលនៅឡើយ ដោយសក់កន្រ្ទើង មុខប្រឡាក់សម្បោរ ខោ អាវចាស់ពព្លក់ ក្មេងស្រីវ័យ៨ឆ្នាំ កំពុងបោះជំហានយ៉ាងញាប់ ដើរពីក្រោយម្តាយនាង គឺនាងសារឿន ដែលកំពុងរុញរទេះ លក់ នំពងទា។ ក្មេងស្រីនេះ មើលទៅសុខភាព មិនសូវល្អប៉ុន្មានទេ។
រុញមកដល់ផ្លូវមួយ ត្រង់កែងស្តុបទួលទំពូងបំបែកទៅរកវត្តមហាមន្រ្តី សារឿនបានឈប់រទេះ ដើម្បីពពាយ នាយលក់នំពងទា តែទើបតែឈប់បានបន្តិច ខណៈអ្នកជិះរថយន្តម្នាក់បង្អង់រថយន្តបម្រុងទិញ បុរសចំំណាស់ម្នាក់ ក្នុង សម្លៀកបំពាក់ឈុតពណ៌ត្រីអ៊ី ដែលនៅលើអាវផ្នែកស្មាម្ខាង នៃអាវ មានប៉ាក់រូបសាលារាជធានី និងម្ខាងទៀតមាន ប៉ាក់អក្សរថា ប្រជាការពារ បានមកដល់ ហើយប្រាប់ឱ្យសារឿនរុញរទេះទៅមុខទៀត ព្រោះបើឈប់នៅទីនេះ នឹងនាំ ឱ្យកកស្ទះ ចរាចរណ៍។ សារឿនមើលមុខបុរសចំណាស់ រួចឆ្លើយទៅវិញ ដោយសំឡេងស្អកៗថា ចាំមួយភ្លែត ខ្ញុំលក់នំ ឱ្យគេមួយសិន។ បុរសចំណាស់ ដែលមានកញ្ចែនៅមាត់ស្រាប់ បានផ្លុំសន្ធាប់មកទៀត ហើយនិយាយថា មិនឱ្យឈប់ទេ ព្រោះវាធ្វើ ឱ្យស្ទះដល់គេឯង។ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួនពេក គិតប្រយោជន៍គេផង។ មួយថ្ងៃៗ គេបែកញើសហូរ ញើសគឃារ មានមើលឃើញទេ?...
ដោយខ្លាចផង ដោយគិតឃើញពីហេតុផលផង សារឿន ក៏បន្តរុញរទេះនំពងទា ទៅមុខ ឯអ្នកបររថយន្ត ដែលបម្រុងទិញ ពេលឃើញដូច្នេះ ក៏បន្តរថយន្តទៅហួសទៅ។
លុះរុញទៅមុខបានប្រមាណ ៣០ម៉ែត្រ ដល់ផ្លូវកែងមួយទៀត មានគេហៅទិញនំពីក្នុងផ្ទះមក សារឿនក៏ឈប់ រទេះ។ កូនស្រីសារឿន នៅតែដើរជាយសារុងដើរពីក្រោយសារឿន។ កង់រទេះទើបតែឈប់វិល សំឡេងកញ្ចែ បាន លាន់ឮពីក្រោយខ្នងមកយ៉ាងទ្រហឹងម្តងទៀត។ សារឿន ងាកក្រោយមើលទៅម្ចាស់កញ្ចែ ឃើញយុវជនវ័យជាង២០ ឆ្នាំម្នាក់ កំពុងលើកដំបងចង្អុលសំដៅមកសារឿន ថែមទំាងមានទឹកមុខមាំគួរឱ្យខ្លាច។ ឃើញដូចនេះ និងដោយមាន បទពិសោធ ធ្លាប់ត្រូវគេចាប់រទេះយកទៅខណ្ឌ សារឿន រុញរទេះយ៉ាងលឿន ចេញពីទីនេះទៀត។ ឯអ្នកទិញ ដែល ហៅសារឿន ពេលចេញពីក្នុងផ្ទះមកឃើញសារឿនដូច្នេះ ក៏លែងទិញវិញដែរ។
សារឿនបន្តរុញរទេះរបស់ ខ្លួន ចូលទៅតាមផ្លូវតូចៗ ដែលមិនសូវមានមនុស្ស និងមិនសូវស្ទះ។ រំពេចនោះ រថ យន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ មួយគ្រឿងបានបរមកពីក្រោយ។ អ្នកបររថយន្ត បានចុចស៊ីផ្លេ ទីនទីន ពីរបីដង ដាក់ សារឿន ធ្វើឱ្យសារឿនកាន់តែភ័យស្លន់ស្លោ។ សារឿន ងាកមើលក្រោយ ឃើញរថយន្តកំពុងដេញពីក្រោយ ក៏រឹតតែ រុញរទេះរត់កាន់តែលឿន ឯរថយន្ត ក៏កាន់តែដេញពីក្រោយលឿន និងបន្តចុចស៊ីផ្លេទីនទីន ទៀតដែរ។ សារឿនមិន ព្រមឈប់ ហើយបន្តរុញរត់ជាមួយកូនស្រី រហូតដល់ផ្លូវទ័លទើបឈប់រុញ។ សារឿន ដកដង្ហើមវែងៗ បញ្ចេញសំឡេង ឃូរៗ សឹងមិនដល់គ្នា។ បបូរមាត់សារឿនឡើងស្លេក គ្មានឈាម ឯកូនស្រីសារឿន ក៏កាន់តែដកដង្ហើម លែងចង់ដល់
គ្នាដែរ។ បេះដូងសារឿន និងកូនស្រីលោតឌឹបៗ សឹងតែខុសចង្វាក់។
ដៃនៅតែកាន់ដៃរទេះជាប់ បន្ទាប់មកសារឿនដាក់គូទផ្អែកទៅលើដៃរទេះ ដើម្បីកុំឱ្យគេយករទេះបាន ហើយ ភ្នែកមើលទៅរថយន្ត ដែលដេញតាមពីក្រោយ។
មកដល់ក្បែររទេះសារឿន រថយន្តក៏ឈប់ង៉ក់ សារឿនក៏ក្រោកពីរទេះ បម្រុងរុញរទេះរត់បន្តទៀត តែបាន ត្រឹមតែញោចខ្លួន ព្រោះផ្លូវទ័លអស់ផ្លូវរត់។ ភ្លាមនោះ ទ្វាររថយន្តក៏របើកឡើង។ បុរសសក់ ស អាយុ ជាង៤០ឆ្នាំម្នាក់ បានចុះពីលើរថយន្តមក។ បុរសនេះ ឈ្មោះ គួច ម៉េងលី ជាប្រធានក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ គាត់មាន ងារជាឧកញ៉ា។ ឧកញ៉ា គួច ម៉េងលី ដើរយ៉ាងរហ័ស ដោយទឹកមុខញញឹម រួសរាយរាក់ទាក់មករកសារឿន រួចនិយាយ ទៅកាន់សារឿន។
.ម៉េចរត់លឿនម៉េះ ខ្ញុំខំឱ្យគេស៊ីផ្លេឡានឱ្យឈប់ ដើម្បីទិញនំ...ខ្ញុំឃើញក្មួយរុញរទេះតាំងពីចម្ងាយ ខ្ញុំថា នឹង ឈប់ ឡានជួយទិញ តែក្មួយរត់មករហូត។
.មិនឱ្យលឿនយ៉ាងម៉េចពូ បើគេដេញម្តងហើយម្តងទៀត បើរត់មិនទាន់ទេ គេចាប់បាន គេនឹងយករទេះ ទៅដាក់ខណ្ឌ ខានរកយ៉ាងតិចពីរបីអាទិត្យ ...(សារឿននិយាយដោយសម្តីផុតៗ ព្រោះហត់ដង្ហក់)
.បាទ ប្រហែលក្មួយ កើតជំងឺបាក់ស្បាតហើយ...(លោកឧកញ៉ា នៅញញឹមដដែល)
សារឿនញញឹមទំាងហត់មើល មកលោកឧកញ៉ា ហើយដោយមិនឱ្យសារឿនឆ្លើយទាន់ លោកឧកញ៉ា និយាយ បន្ត ដើម្បីលួងចិត្តសារឿន
.ការបាក់ស្បាតនេះ ខ្មែរចាប់មានតាំងពីសម័យបារាំង ហើយបាក់ស្បាតខ្លំាងមែនទែន គឺសម័យខ្មែរក្រហម ជាពិសេសខ្មែរមួយចំនួន ដែលរត់ទៅរស់នៅក្នុងជំរំប្រទេសថៃ ត្រូវគេធ្វើបាប។ ខ្ញុំស្គាល់ និងដឹងច្បាស់ណាស់ ជំងឺ បាក់ស្បាតនេះ។ ខ្ញុំធ្លាប់ត្រូវគេធ្វើបាបនៅជំរំណងចាន់ និងខាវអ៊ីដាង។
សារឿនពេលឃើញ និងឮលោកឧកញ៉ា និយាយបែបនេះ ក៏ញញឹមទំាងមិនទាន់បាត់ហត់។ សារឿន ញញឹម រួចយកក្រមាជូតមុខបន្តិច។ លោកឧកញ៉ា ក៏ពោលបន្ត
.ម៉ោះ មកនិយាយរឿងនំយើងវិញ។ នំហ្នឹងមួយប៉ុន្មាន?
លោកឧកញ៉ា យកនំមួយមកភ្លក់
.ចុម ចុះស្អីគេហុយៗ ក្នុងរទេះហ្នឹង?(លោកឧកញ៉ាសួរ ពេលឃើញផ្សែងហុយតិចៗ)
.ចាស៎ ចង្រ្កាន្ត ខ្ញុំដាក់កម្តៅនំ...
.អូហ៍ ...ហ៊ឹម... នំនេះឆ្ងាញ់ផោះគេ..(លោកឧកញ៉ាលាន់មាត់សរសើរ)
.ហើយនំហ្នឹងមួយប៉ុន្មាន? (លោកឧកញ៉ាសួរម្តងទៀត)
.ចាស៎ អាតូច មួយថ្លៃ៨០០ អាធំ ១២០០រៀល
.បាទ...ហើយចុះ ក្មេងនេះ កូនអ្នកណាគេ កូនក្មួយមែនទេ?
.ចាស៎ កូនខ្ញុំ (នាងឆ្លើយបែបចុងមាត់ចុងក)
. ...គួរអាណិតណាស់នៀក ហើយអត់ឱ្យគ្នាទៅរៀនទេ?
.ចាស៎ អត់ទេ ព្រោះគ្មានអ្នកមើល។ ខ្ញុំរវល់តែមកលក់បាត់ៗ ម្យ៉ាងគ្មានលុយផង លុយលក់បាន ល្មម នឹងសង ថ្លៃថ្នាំឪវា ដែលដេកឈឺ ក្រោកមិនរួច
.អូហ៍ ...
លោកឧកញ៉ា ងក់ក្បាល រួចនិយាយបន្ត
.ចុះឥឡូវ បើខ្ញុំទិញនំយកទំាងអស់ ថ្លែប៉ុន្មាន?
សារឿនញញឹមអេះអុញៗ មិនចង់ឆ្លើយ
.ចាស៎ ...ចាស៎ គឺ គឺ ២០ម៉ឺនរៀល...
.អូហ៍...
លោកឧកញ៉ា ងាកទៅហៅជំនួយការ ដែលកំពុងអង្គុយក្នុងរថយន្ត ឱ្យយកថវិកាមកឱ្យគាត់។ ជំនួយ ការលោកឧកញ៉ា យកកាបូបមកហុចឱ្យលោកឧកញ៉ា លោកឧកញ៉ា ទទួលយកកាបូប រួចដកយកថវិកា២សែនរៀល ឱ្យទៅសារឿន រួចដកថវិកា ២៥០ដុល្លារ ផ្សេងទៀត ឱ្យទៅកូនស្រីរបស់សារឿន។
.នេះ ២០ម៉ឺន ថ្លៃនំ និង២៥០ដុល្លារនេះ សម្រាប់កូន
សារឿន ទទួលយកលុយពីឧកញ៉ា ដោយស្ទាក់ស្ទើរ តែលោកឧកញ៉ា នៅតែជំរុញឱ្យទទួលយក
.យកទៅ ខ្ញុំឱ្យទៅក្មេង ដើម្បីគ្នាបានទៅរៀន ហើយបើសិនជាអាច ក្មួយអាចទាក់ទងទៅក្រុមការងារខ្ញុំ ដើម្បី ឱ្យកូនស្រីរបស់ក្មួយអាចចូលរៀនបាន។ ខ្ញុំផ្តល់អាហារូបករណ៍ដល់គាត់រហូតចប់បាក់ឌុប។ នេះ នាមប័ណ្ណខ្ញុំ។ មានការអី សូមទាក់ទងទៅខ្ញុំ តាមលេខទូរសព្ទនេះ (លោកឧកញ៉ាហុច នាមប័ណ្ណឱ្យសារឿន)
សារឿនទទួលយក ទំាងថវិកា និងនាមប័ណ្ណទំាងញ័រដៃ រួចលើកដៃសំពះ និងនិយាយអរគុណលោកឧកញ៉ា។ ឯ​លោកឧកញ៉ា ក្រោយពីផ្តល់ថវិកាឱ្យសារឿនហើយ ក៏ឡើងរថយន្តចេញទៅ។
ពេលឧកញ៉ាទៅផុត សារឿន យកនាមប័ណ្ណមកមើល ទើបដឹងថា គាត់ជាឧកញ៉ា គួច ម៉េងលី ដែលគេ  ល្បីឈ្មោះជាយូរមកហើយ ខាងចិត្តសប្បុរសធម៌ ជួយជនខ្វះខាត និងសិស្ស និស្សិតក្រីក្រ។ សារឿន ត្រេកអរ យ៉ាងខ្លាំង ព្រោះបានជួបលោកឧកញ៉ា នៅទីនេះ។

(ដោយ អឿ ស៊ីណា ១០ ធ្នូ ២០១៨)
























១៥. ៣ Q

មិនមែនជាការងាយប៉ុន្មានទេ ដែលយើងចង់បើកអាជីវកម្មមួយ​ឱ្យមានដំណើរការ​ល្អ​ដូចបំណងនោះ ប៉ុន្តែ សម្រាប់ខ្ញុំ ដោយសារ​មានមរតកពីគ្រួសារឪពុកម្តាយមក ខ្ញុំមិន​សូវមានឧបសគ្គប៉ុន្មាននោះទេ ព្រោះ​ខ្ញុំ​យក​​បទពិសោធគ្រួសារខ្ញុំមកអនុវត្តន៍។
ខ្ញុំបើកហាងលក់បាយមួយកន្លែង​នៅកាច់ជ្រុងផ្លូវសុខហុក ក្បែរផ្សារអូរឫស្សី។ ហាង​ខ្ញុំបើកលក់បី​ពេល​ក្នុង​មួយថ្ងៃ គឺព្រឹក ថ្ងៃត្រង់ និងល្ងាច ហើយហាងខ្ញុំប្រកាន់គោល​ការណ៍​មួយ គឺ​មិនលក់គ្រឿងស្រវឹងទេ។  ហាង​របស់ខ្ញុំដាច់គួរសមដែរ  គឺមានភ្ញៀវចេញចូលគ្រប់​ប្រ​ភេទ មានអ្នកតូចអ្នកធំ​មិនដាច់ភ្ញៀវឡើយ។
ថ្ងៃមួយ​នៅចុងម៉ោង នៃការលក់ ពេលថ្ងៃត្រង់ស្រាប់តែ បុគ្គលិកខ្ញុំម្នាក់ស្រែកហៅខ្ញុំ​ថា បងហ្វាន់តា មាន​ភ្ញៀវចូល...
ខ្ញុំឈ្មោះហ្វាន់តា។ ខ្ញុំក្រឡេកមើលទៅ ឃើញលោកឧកញ៉ា គួច ម៉េងលី និងសហការី គាត់ពីរបីនាក់ កំពុង​ដើរចូលមក។ ខ្ញុំលើកដៃសំពះ ជម្រាបសួរគាត់ និងសហការីរបស់គាត់​ដោយរាក់ទាក់ ឯគាត់ និងសហការី ក៏​រាក់ទាក់លើកដៃសំពះមកខ្ញុំ និងក្រុមការងារខ្ញុំ​វិញ​ដែរ។ មើលទៅ គាត់អប់រំ ណែនាំបុគ្គលិកបានល្អ​មែន​ទែន។
គាត់បានឱ្យខ្ញុំនាំទៅកាន់បន្ទប់វីអាយភី ខ្ញុំក៏នាំគាត់ចូលទៅ និងយកតេឡេមកបើក​ម៉ាស៊ីនត្រជាក់​សម្រាប់​គាត់។ 
ខ្ញុំមិនចម្លែកចិត្ត ចំពោះការបើកម៉ាស៊ីនត្រជាក់ ក្នុងបន្ទប់វីអាយភីទេ តែអ្វី​ដែលខ្ញុំចម្លែកចិត្ត គឺពេល​ដែល​គាត់កម្មង់ម្ហូប។  គាត់កម្មង់ គឺសម្លម្ជូរត្រកួន ​ត្រីផ្ទក់លាយកូនត្រី និងលាយ​កញ្ឆែត ពងទាត្រីប្រមា និងខ មុំា។ ខ្ញុំបានកត់ត្រាមុខម្ហូបសម្រាប់គាត់ តាមការកម្មង់ តែពេល​គាត់ទទួលទានចប់ ខ្ញុំបានសាកល្បងសួរទៅ​គាត់​តាមត្រង់ថា លោកពូ ម៉េចបានជាលោកពូ ចូលចិត្តពិសា​​សម្ល ប្រហុក ផ្អក មុំា បែបខ្មែរ ដូចខ្មែរដែរ ព្រោះ​មើល​ទៅលោកពូដូច​ជា កូន​ចៅចិន​ច្រើន​ជាង។ គាត់មើលមុខខ្ញុំ រួចសើចញ៉ឹមៗ ឯខ្ញុំគិតថា សំណួរនេះ​គាត់​ប្រាកដ​ជាខឹង ព្រោះរឿងផ្ទាល់ខ្លួន​ដែលខ្ញុំមិនគួរសួរនាំឡើយ។ តែភា្លមនោះ លោកឧកញ៉ាគួច ម៉េងលី បាន​​​តប​មក​វិញថា ខ្ញុំកាត់ចិន ​កូនចៅចិនក៏ពិតមែន តែខ្ញុំចូលចិត្តម្ហូបខ្មែរច្រើនជាង។ ខ្ញុំទៅណា​មកណា គឺកម្មង់ម្ហូប​បែប​
នេះឯង។ ឪពុកម្តាយ បងប្អូនខ្ញុំ​ក៏ចូលចិត្តម្ហូបខ្មែរ​ដូចខ្ញុំដែរ។ បន្ទាប់មក ខ្ញុំក៏ស្នើសុំ សួរគាត់មួយ​សំណួរ​ទៀត
.បាទ អរគុណលោកពូ អ៊ីចឹង តើខ្ញុំសុំសួរលោកពូមួយសំណួរទៀតបានទេ? (ខ្ញុំបញ្ជាក់)
.បាទ បាន...(គាត់ឆ្លើយដោយញញឹម)
.ខ្ញុំចង់ដឹងថា សេវាកម្ម និងការរៀបចំនៅហាងខ្ញុំនេះ យ៉ាងម៉េចដែរ? តាមបទពិ​សោធ​លោកពូ​ទៅ​ច្រើន​កន្លែង។
លោកឧកញ៉ា មើលមុខខ្ញុំ ទ្រឹងបន្តិច រួចតបមកវិញ
.ហ៊ឹម  ពូឃើញការរៀបចំអី​បានល្អហើយ សេវាកម្មអី អាចទទួលយកបាន តែក្មួយ​នៅខ្វះចំណុចខ្លះ តែតូចៗទេ
.ចំណុចតូចៗអីខ្លះលោកពូ? (ខ្ញុំសួរបញ្ជាក់)
.បាទ គឺក្មួយត្រូវចាំណា៎  ការរកស៊ីត្រូវមាន៣ ខ្យូ (3Q)
.បាទ គឺក្មួយត្រូវចាំណា៎  ការរកស៊ីត្រូវមាន៣ឃ្យូ (3Q) ជាដាច់ខាត (លោកឧកញ៉ា បញ្ជាក់)
.បាទ បីឃ្យូ ហ្នឹងមានអីខ្លះទៅលោកពូ? ខ្ញុំដូចជាមិនធ្លាប់ឮ (ខ្ញុំសួរគាត់ទៀត)
.បាទ បីឃ្យូហ្នឹង សំដៅលើ​ ទីមួយ ឃ្យូទីមួយ គឺ Quantity គឺបរិមាណ។ តើម្ហូប​ដែលក្មួយលក់នេះ មាន​បរិមាណសមល្មម ឱ្យគេមកហូបទៀតទេ? ច្រើនពេក ឬតិច? ឬល្មម?។ អ្នកទិញ អ្នកទទួលទាន ឬអតិ​ថិជន​​ខ្លះ គេមិនចង់បានច្រើនពេក គេមិនចង់បានតិចពេកទេ តែគេចង់បានល្មម។ អាហារ​ឆ្ងាញ់មិនចាំបាច់​មាន​បរិមាណ​​​​ច្រើន​ពេកទេ ដាក់មួយចានតូចល្មម ចានហ្នឹងមានសោភណ​ស្អាត។ ឧទាហរណ៍ ក្មួយ​សង្កេត​មើល​ក្នុង​​រោង​ការ ខ្ញុំ​អត់​ចង់​ចូល​ញ៉ាំការទេ​ ខ្ញុំចូលទៅញ៉ាំ​មិន​កើត រឹងខ្លួន ម្ហូបដាក់មក​ច្រើនពេក​។ បើ​នៅ​ស្រុក​គេ​វិញ បាយ​មួយចាន​៣៥ដុល្លារ មាន​សាច់មួយដុំតូច ​​រុំក្រដាសយ៉ាងស្អាតឱ្យយើង ​ថែមទឹកបន្ដិច​បន្ដួច ​បន្លែ​មួយដុំ តូច តុ​បតែយ៉ាង​ស្អាត​ឱ្យ​យើង​ តម្លៃ​៣៥ដុល្លារ។ យើងត្រូវធ្វើឱ្យ​ដូចគេ​ ​តែតម្លៃ​យើង​ឱ្យ​ទាប​ជាងគេ​បន្ដិច​ត្រឹមតែ​៥ទៅ​​​៨​ដុល្លារបានហើយ​។ នេះគឺឃ្យូទី១។ ឃ្យូទីពីរ គឺ​ផ្តោត​លើ Quality គឺគុណភាព។  អ្នកទិញ​ អ្នកទទួល​ទាន គេ​ចង់​បាន​អាហារ​​ដែល​មាន​គុណភាព មិនប្រើ​ប្រាស់​​គី​មី​ហួសកម្រិត ដែល​គេញ៉ាំទៅ​មិន​ចុក​ពោះ មិន​រាគ ហើយ​មាន​តម្លៃធូរថ្លៃ​ ដែលគេ​អាច​ទទួល​យក​បាន ហើយ​អាហារ​មាន​គុណភាព មិនប៉ះ​ពាល់ដល់​សុខភាពអ្នក​ទិញ​។ ​​ហើយម្ហូបនោះ​ឆ្ងាញ់មានគុណ​ភាព​។​ អ៊ីចឹងក្មួយ​ត្រូវ​​​ចាំ​ ​គុណ​ភាព​ក៏គួរតែមាន បរិមាណក៏គួរតែមាន ហើយ​​អ្នករត់តុ​​ ឬក្មួយ​ជា​ម្ចាស់​ហាង​​ក៏គួរតែមាន។ ឃ្យូទី៣ គឺ Qualify​ គុណវិឌ្ឍិ ក៏ត្រូវឱ្យ​មាន​ដែរ​។ ចេះ​យក​ចិត្ដ​​ទុក​ដាក់​ចំពោះសេវាកម្មបម្រើភ្ញៀវ រួមទំាងសោភណ្ឌភាព។ សោភណ្ឌភាព ត្រូវគិតទំាងក្នុងនិងក្រៅ។ ក្នុង​គឺ​សំដៅ​លើការតុបតែងហាង ឱ្យមានសោភណ្ឌ ពេលមើលពីក្រៅ ពីចម្ងាយទៅ គួរឱ្យទាក់ទាញ​ចង់ចូល។ សោ​ភណ្ឌ​ខាងក្នុង គឺការតុបតែងតុ ចានម្ហូបអាហារ ត្រូវតែអនាម័យស្អាត ហើយម្ហូបមួយមុខៗ ត្រូវចេះតុបតែង​ឱ្យ​បាន​ស្អាត។ បន្លែប្រភេទខ្លះ ដូចជាការ៉ុត ត្រសក់ ត្រូវគេចិត និងរៀបជាផ្កា យ៉ាងស្អាត ដាក់ក្នុងចាន។ ក្រៅ​ពី​នេះ ត្រូវមានមានភាព​ច្បាស់​លាស់ ធ្វើមួយដឹងមួយ​ ហើយ​ហាងខ្លះ​អ្នក​រត់​តុ​មិន​​ទាំង​ចេះពីរបៀបលើកចាន​យ៉ាង​​​​ម៉េ​ច​ផង។ មិនដឹងទំាងកាន់ម្ហូប​យ៉ាងម៉េច មិនដឹងនិយាយស្វាគមន៍ភ្ញៀវយ៉ាងម៉េច ឱ្យកត់មុខម្ហូប​ក៏មិន​ចេះ​​កត់។ ជួនកាល​​គ្រាន់​តែ​កម្មង់​ម្ហូប​​មួយចាន​​មិន​បា​នដូចចិត្ដ​ផង។​​ កម្មង់បែបនេះ​ទៅចេញបែបនោះ​ ហើយ​​គ្រាន់​តែ​គិតលុយ​ឱ្យ​ភ្ញៀវ​អង្គុយ​រាប់ម៉ោង​។​
អ៊ីចឹងត្រឡប់មកវិញ ហាងក្មួយ ពូមើលឃើញថា អ្វីៗល្អហើយ តែត្រូវពង្រឹងវិន័យ បន្ថែមសោភណ្ឌលើ​មុខ​ម្ហូប និងថែរក្សាគុណភាពឱ្យបាន ពូជឿថា ក្មួយកាន់តែជោគជ័យថែមទៀត។ 
.អូហ៍ បាទ អរគុណលោកពូ...
.បាទ មិនអីទេ ...ល្អណាស់ ក្មួយចេះសួរ
.បាទ ជាទម្លាប់ គឺខ្ញុំតែងតែសួរភ្ញៀវពីសេវាកម្ម និងរសជាតិ ដើម្បីបានកែលម្អទៅមុខទៀត
.បាទ ក្មួយពិតជាឆ្លាត ...
.បាទ អរគុណលោកពូ
.បានហើយ ពូទៅវិញហើយណា មានឱកាស ពូមកម្តងទៀត
.បាទ លោកពូ
មានប្រសាសន៍ហើយ ពួកគាត់​ក៏ត្រឡប់ទៅវិញ ឯខ្ញុំ​ក្រោយពីទទួលបានការផ្តល់យោបល់របស់គាត់​ក៏​នឹក​​អរ តែក្នុងចិត្តព្រួចដែរ ព្រោះតាំងពីចាប់ផ្តើមបើកហាងមក កម្រមានអ្នកផ្តល់យោបល់ប្លែក និងល្អៗបែប​នេះ​​ណាស់។​ ខ្ញុំសន្យាថា នឹងកែលម្អចំណុចណាដែលនៅមានការខ្វះខាត និង​ពង្រឹងវិន័យ សេវាកម្ម អនាម័យ  បរិស្ថាន និងគុណភាព ដើម្បីអតិថិជនរបស់ខ្ញុំ។
.អរគុណ លោកពូឧកញ៉ា គួច ម៉េងលី (ខ្ញុំស្រែកថ្លែងអំណរគុណគាត់ពីក្រោយខ្នង ពេលគាត់ និងក្រុម​ការងារដើរទៅដល់ឆ្ងាយបន្តិច)។

(ដោយ អឿ ស៊ីណា ២០ ធ្នូ ២០១៨)

























១៦. ៣ C

កាលពីដើមខែមករា ឆ្នាំ២០១៨ ជិតមួយឆ្នាំមុន យើងមានដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​តំបន់ អូរស្មាច់ ខែត្តឧត្តរមានជ័យ ព្រំដែនកម្ពុជា ថៃ។
តាមរយៈបទចម្រៀងរបស់លោក អ៊ិន យ៉េង កាលពីសម័យសង្រ្គាមទសវត្សរ៍៧០ ដល់​៩០ អូរស្មាច់ជាតំបន់មួយនៅដាច់លើភ្នំ ដែលពិបាកនឹងធ្វើដំណើរទៅដល់។ ប៉ុន្តែ​សម្រាប់បច្ចុប្បន្ន យើងអាចទៅដល់ទីនោះ ដោយមិនលំបាកឡើយ។
នៅលើកំណាត់​ផ្លូវជាតិលេខប្រាំ ក្នុងរថយន្តព័ណ៌ខ្មៅសេរីទំនើប ពួកយើងជជែក​ព្រោក​ប្រាជ្ញគ្នាពីនេះពីនោះមិនចេះចប់។ ប៉ុន្តែមានពាក្យមួយឃ្លាធ្វើឱ្យលោកឧកញ៉ា គួច ម៉េងលី ងាកមកតបតជាមួយពួកយើង គឺពាក្យថា ថៅកែខ្លះមិនយកចិត្តទុក​ដាក់​ជាមួយ​កូន​ចៅ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ធ្វើដំណើរជាមួយក្រុមការងា​រ៣​នាក់​ទៀត​ទៅ​កាន់អូរស្មាច់។
​.ផល្លីន ឯង និយាយចោទប្រកាន់ថៅកែអ៊ីចឹង ចេះតែបានហើយ ត្រឹមត្រូវហើយ តែរឿងខ្លី ផល្លីន ឯងក៏គួរតែសិក្សាឱ្យបានច្បាស់ពីចរិតភាពជាថៅកែដែរ។
ខ្ញុំឈ្មោះ ផល្លីន ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ។
​.ផល្លីន ឯងត្រូវដឹងថា គេជាថៅកែ គេមិនល្ងង់ជាងយើង ជាបុគ្គលិកនោះទេ (លោក​ឧកញ៉ាបន្ត)។ បើគេល្ងង់ គេមិនអាចធ្វើជាថៅកែយើងបានទេ គេដឹងទំាងពីចរិតលក្ខណៈ​របស់​បុគ្គលិក។ បុគ្គលិកខ្លះ ធ្វើការលំៗចង់បានតែមុខមាត់ រណេបរណប ឡេមឡឺម ចង់ឱ្យ​ថៅកែ​ស្រឡាញ់។ ថៅកែ មិនចេះតែស្រឡាញ់ ចេះតែទទួលយកគ្រប់ការរណេនរណបទេ ទោះបីគេបង្ហាញពីចរិតគោរពបុគ្គលិកទំាងអស់ក៏ដោយ។ ក្មួយៗ ត្រូវចាំថា ដើម្បីជីវិតរីក​ចម្រើន យើងត្រូវចេះពី របៀបធ្វើជាមនុស្សដ៏ប្រពៃ ថ្លៃថ្នូរ ដូចជា ត្រូវចេះតាំង​ចិត្ដនៅ​កណ្ដាល មានមេត្ដាធម៌ មានករុណា កុំច្រណែនឈ្នានីសអ្នកដទៃ ចេះអធ្យាស្រ័យ និងចេះ​ឱ្យ​ទានដល់អ្នកដទៃ កុំអែបអបមេខុសរឿង ព្រោះការអែបអបខុសរឿង ឬធ្វើការចង់​បាន​តែ​ការសរសើរពីមេមិនល្អទំាងស្រុងទេ នឹងធ្វើឱ្យមេគេកត់សម្គាល់យើងដែរ។ ដូច្នេះ ថ្ងៃនេះ ខ្ញុំ​ចង់​ប្រាប់ ក្មួយៗថា មនុស្សដែលធ្វើឱ្យថៅកែស្រឡាញ់រាប់អានខ្លាំងនោះ គឺក្មួយត្រូវជា​មនុស្ស​​មាន បីស៊ី (3C)។ តើបីស៊ី មានអីខ្លះ?
​.ស៊ីទី១ គឺមកពីភាសាអង់គ្លេសមានន័យថា Confident (លោកឧកញ៉ា លាម្រាមដៃ ដើម្បី​បង្ហាញ) គឺជាមនុស្ស ដែលមានទំនុកចិត្តលើខ្លួនខ្ពស់ ដូចជាភាពហ្មត់ចត់ ម៉ឺងម៉ាត់ ប្រកបដោយចំណេះដឹង​។ ជាមនុស្សដែល មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ ហើយ​គ្មាន​ល្បិចកល ពុតត្បុត មិនក្រឡិចក្រឡុច ចំពោះក្រុមហ៊ុន ឬថៅកែ។ ទោះក្រលំ​បាក​យ៉ាង​ណា គាត់ធ្វើអ្វីៗដោយស្មោះត្រង់ មិនលាក់លៀម មិនអាថ៌កំបាំងចំពោះក្រុមហ៊ុន។
ស៊ីទី២ គឺមកពីពាក្យថា Confidentiality ជាមនុស្សចេះរក្សាអាថ៌កំបាំងភាព ដែលមាន​ន័យថា ក្រៅពីស្មោះត្រង់ បុគ្គលរូបនេះ នៅមានភាពអត់ធ្មត់ខ្ពស់ មិនចេះធ្វើ​ឱ្យបែកធ្លា​យកិ​ច្ច​ការ​ផ្ទៃក្នុង ឬការសម្ងាត់ របស់ថៅកែ ឬម្ចាស់ក្រុមហ៊ុនថែមទៀត។ បើគាត់ដឹងរឿងអាថ៌កំបាំង ឬរឿងសម្ងាត់អ្វីមួយពីថៅកែ ឬពីក្រុមហ៊ុន គឺគាត់តែងតែស្ងប់ស្ងៀមមិនយកទៅនិយាយត ធ្វើឱ្យរឿងនេះខ្ចរខ្ចាយ ឬធ្លាយចេញទៅក្រៅ។ មនុស្សបែបនេះ គឺជាមនុស្សដែលថៅកែ​គេ​ស្រឡាញ់​រាប់អាន និងចូលចិត្តឱ្យដើរជាមួយ។ ឯស៊ីទី៣ Confidant មានន័យថា ជាមនុស្ស ដែល​​គេអាចប្រឹក្សារយោបល់បាន។ ជាមនុស្សដែលមានភាពថ្លៃថ្នូរ ស្ងប់ស្ងាត់ មានចិត្ដ​នឹង​នរ​។ Cទី៣ នេះ ជាមនុស្ស ដែលមានចំណេះដឹង ជាអ្នកផ្តល់ប្រឹក្សា ដោយស្មោះត្រង់ មាន​ន័យថា បើគេជួបការលំបាកអ្វីមួយ គេសុំផ្តល់ប្រឹក្សា គឺផ្តល់ប្រឹក្សា ដល់គេ ដោយស្មោះ​ត្រង់។ និយាយរួម គឺជាទីប្រឹក្សា ដ៏ល្អរបស់ថៅកែ ឬម្ចាស់ក្រុមហ៊ុន។ មនុស្សបែបនេះ ខុសពី​មនុស្សមួយចំនួន ដែលចង់បានតែមុខមាត់ តែមិនខិតខំធ្វើការ ហើយយក​កិច្ចការ​ដែល​អ្នក​ដទៃ​ធ្វើ មកអួតថៅកែថាជារបស់ខ្លួន។ ក្មួយត្រូវតែ ធ្វើខ្លួនឱ្យទៅជាមនុស្សបីស៊ី(3C) គឺស្មោះ​ត្រង់ ចេះលាក់ការសម្ងាត់ និងធ្វើដោយជឿជាក់ និងថ្លៃថ្នូរ។
.អូហ៍បាទ ក្មួយយល់ហើយ លោកពូឧកញ៉ា (ខ្ញុំងក់ក្បាល ទទួលយកការ​ទូន្មាន​របស់​គាត់)
ក្រោយពីស្តាប់ការពន្យល់របស់លោកឧកញ៉ា ពួកយើងក៏យល់ដល់ការលំបាករបស់ថៅកែ និង ម្ចាស់ក្រុមហ៊ុនដែលត្រូវគ្រប់គ្រងមនុស្សរាប់រយនាក់ ព្រោះមនុស្សមានចិត្តខុសៗគ្នា។ ពួក​យើង រួមទាំង លោកឧកញ៉ាផង ញញឹមមើលមុខគ្នា បន្ទាប់មកផ្ទុះសំណើចព្រមគ្នា ទទួល​យកការពិតដោយរីករាយ៕



(ដោយ អឿ ស៊ីណា ២២ ធ្នូ ២០១៨)













No comments:

Post a Comment