ជារៀងរាល់ថ្ងៃបុរសចំណាស់ពីរនាក់តែងតែទៅពិសាគុយទាវនៅហាង ៨៨៨ជាមួយគ្នាមិនដែលខានឡើយ។ ថ្ងៃមួយនៅពេលដែលអ្នកទាំងពីរកំពុងតែពិសាគុយ ទាវស្រាប់តែមានយុវជនសង្ហាម្នាក់ដើរសំដៅមកបុរសចំណាស់ទាំងពីរ។ គ្រាន់តែមកដល់ភ្លាមយុវជននោះបានលុតជង្គង់ចុះ ហើយលើកដៃសំពះបុរសចំណាស់ម្នាក់ឈ្មោះសុខ។ បុរសចំណាស់ម្នាក់ទៀតឈ្មោះសៅបានសួរទៅកាន់យុវជននោះថា ក្មួយឈ្មោះអ្វី? ក្មួយមកពីខាងណាដែរ? ហើយក្មួយធ្វើការងារអ្វីដែរ បានជាមានសម្លៀកបំពាក់ស្អាតបាតម្ល៉េះ? យុវជននោះឆ្លើយទាំងទឹកមុខញញឹមដោយពាក្យសម្ដីស្រទន់មកថា ខ្ញុំឈ្មោះ ទិត្យ វិដា ជាក្មេងកំព្រាឪពុកម្ដាយ ហើយធ្លាប់ជាក្មេងដែររស់នៅក្នុងវត្ដដែរ។ សព្វថ្ងៃនេះ ខ្ញុំធ្វើការងារនៅធនាគារអេស៊ីលីដា ផ្នែកគ្រប់គ្រងធនធានមនុស្ស។ ឆ្លើយរួចក៏សួរបន្ដ ចុះហេតុអ្វីបានជាក្មួយមកក្រាបសំពះតាសុខអ៊ីចឹង? យុវជននោះបានរៀបរាប់ពីដំណើររឿងរ៉ាវរបស់ខ្លួនទាំងអស់ដែលធ្វើឱ្យខ្លួនឯងមានថ្ងៃនេះ ដោយនិយាយថា កាលពីមុនខ្ញុំជាក្មេងកំព្រា ហើយចញ្ចឹមជិវិតរស់រានដោយសារមុខរបខាត់ស្បែកជើង ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែទៅខាត់ស្បែកជើងនៅហាងក្បែរៗនោះជានិច្ច។ ថ្ងៃមួយ ខ្ញុំបានចូលទៅខាត់ស្បែកជើងនៅហាង៨៨៨ក៏បានជួបនឹងលោកតាសុខកំពុងពិសាគុយទាវ ខ្ញុំបានសួរទៅគាត់ថា លោកតាខាត់ស្បែកជើងដែរទេ? គាត់បានសួរមកខ្ញុំវិញថា មួយគួរប៉ុន្មានដែរ ក្មួយ? ខ្ញុំឆ្លើយថា មួយគូរ៥០០រៀលលោកតា! ហើយគាត់ក៏បានដោះស្បែកជើងឱ្យខ្ញុំខាត់ឱ្យគាត់។ ពេលខ្ញុំខាត់ស្បែកជើងរួច គាត់ក៏សួរមកខ្ញុំថា តើក្មួយចង់រៀនទេ? ខ្ញុំឆ្លើយយ៉ាងលឿនថា ខ្ញុំចង់រៀនណាស់! គាត់សួរទៀតថា បើមានឱកាសបានរៀន តើក្មួយច្បាស់ជាតស៊ូរៀនទេ? ខ្ញុំតបទៅវិញថា ខ្ញុំច្បាស់ជារៀន ហើយខំរៀនឱ្យពូកែទៀតផង។ ភ្លាមនោះ គាត់បានយកខ្ញុំចេញពីហាងគុយទាវ ហើយនាំខ្ញុំទៅកាន់កន្លែងផ្គត់ផ្គង់កុមារកំព្រា ហើយគាត់បានប្រាប់ទៅម្ចាស់មណ្ឌលកុមារកំព្រានោះថា ក្មេងម្នាក់នេះ ខ្ញុំនឹងផ្គត់ផ្គង់ទាំងអស់សម្រាប់ការសិក្សារបស់គេ។ ខ្ញុំឮដូច្នេះ ខ្ញុំសប្បាយចិត្ដណាស់ ហើយខ្ញុំក៏សន្យាក្នុងចិត្ដខ្លួនឯងថា ខ្ញុំនឹងខំប្រឹងរៀនឱ្យបានពូកែ និងរកការងារធ្វើឱ្យបាន ដើម្បីបញ្ជាក់ពីទឹកចិត្ដខ្ញុំចំពោះគាត់ ហើយក៏ចង់ឱ្យគាត់សប្បាយចិត្ដនៅពេលឃើញខ្ញុំបានការងារល្អធ្វើ។ ពេលនេះ ខ្ញុំមានការងារល្អធ្វើហើយ បានជាខ្ញុំមកក្រាបសំពះគាត់យ៉ាងដូចនេះ គាត់គឺជាអ្នកមានគុណធំធេងចំពោះរូប គាត់បានធ្វើឱ្យខ្ញុំមានឱកាសរៀនសូត្រដូចគេដូចឯង ហើយគុណនេះ មួយជីវិតគឺមិនអាចភ្លេចបានទេ។ ស្ដាប់រួច តាសៅក៏បានសួរទៅកាន់តាសុខវិញម្ដង ជារៀងរាល់ថ្ងៃ យើងពីរនាក់តែងតែមកហាងនេះជាមួយគ្នា ចុះហេតុអ្វី រឿងនេះ ខ្ញុំមិនបានដឹងអ្វីសោះ? តាសុខឆ្លើយថា ថ្ងៃដែលខ្ញុំជួយក្មេងម្នាក់នេះ គឺជាថ្ងៃដែលសំឡាញ់ឯងជូនប្រពន្ធទៅមន្ទីពេទ្យ យ៉ាងនេះហើយ បានជាសំឡាញ់ឯងមិនដឹងនោះ។ យ៉ាងណាមិញ ការជួយរបស់ខ្ញុំ ចំពោះក្មេងម្នាក់នេះ ខ្ញុំមិនរំពឹងថា អ្វីដែលខ្ញុំបានជួយនេះ វាមានឥទ្ធិពល និងបានផ្លែផ្កាយ៉ាងដូច្នេះទេ។ តាសៅនិយាថា សំឡាញ់សន្ដានចិត្ដរបស់សំឡាញ់ឯងនេះ ពិតជាវិសេសវិសាលមែន ហើយខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះសមានចិត្ដដែលសំឡាញ់ឯងមានមកដល់ក្មេងម្នាក់នេះ៕
និពន្ធដោយ អឿ ស៊ីណា
ឆ្នាំ ២០១៨
No comments:
Post a Comment