រឿងខ្លី
ឈាមគឺជាជីវិត
ក្នុងពេលដែលនាងខ្ញុំជួបទុក្ខវេទនា និងការលំបាកបំផុត អារម្មណ៍ឈឺចាប់រកអ្វីថ្លៃងពីពុំបាន។ ភាពអស់សង្ឃឹមក៏បានគ្របដណ្ដប់យ៉ាងក្រាស់ឃ្មឹកមកដល់រូបខ្ញុំ ខណៈដែលខ្ញុំមានជំងឺរោគស្ដ្រីធ្ងន់ធ្ងរ។ គឺខ្ញុំមានជំងឺធ្លាក់ឈាម ឥតឈប់។
ដោយឃើញអាការៈរបស់ខ្ញុំបែបនេះ និងឈានទៅរកសភាពកាន់តែធ្ងន់ទៅៗនោះ ម្ដាយរបស់ខ្ញុំ បានយកនាងខ្ញុំទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីសង្រ្គោះ បើជាពេលគាត់ពុំមានប្រាក់ជាប់ខ្លួនសោះក៏ដោយ។
ពេលទៅដល់មន្ទីរពេទ្យ ខ្ញុំបានទូរសព្ទទៅប្រាប់លោកស្រីនាយិការបស់ខ្ញុំ ក្នុងបំណង ប្រាប់គាត់ពីដំណឹងនេះ។ ទទួលដំណឹងនេះហើយ លោកស្រីនាយិកា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់ខ្ញុំ ហើយគាត់បានសួរខ្ញុំថា ប្រសិនបើគាត់ចង់ស្វែងរកជំនួយដើម្បីជួយសម្រាលបន្ទុកខ្ញុំខ្លះ តើខ្ញុំយល់ព្រមទេ?
ស្តាប់យោបល់គាត់ ខ្ញុំនៅទ្រឹងបន្ដិច ហើយក៏ឆ្លើយយល់ព្រមតាមគាត់ ព្រោះមុននេះបន្តិចខ្ញុំឮម្ដាយខ្ញុំ និងគ្រូពេទ្យ ពិភាក្សាគ្នាថា ជំងឺខ្ញុំត្រូវការឈាមច្រើន ដើម្បីវះកាត់។
ដោយមានការយល់ព្រមពីខ្ញុំ លោកស្រីនាយិកា បានប្រញ៉ាប់ប្រញាល់ផ្ដល់ដំណឹងនេះ ទៅកាន់ផ្នែកមូលនិធិ ម៉េងលី ជេ. គួច ដើម្បីស្វែងរកការបរិច្ចាគឈាម។ បន្ទាប់មក មិនយូរប៉ុន្មាន ចម្លើយពីខាងមូលនិធិ ម៉េងលី ជេ. គួច ក៏បានផ្តល់ចម្លើយមកថា គេរកបានឈាមសម្រាប់ជួយទាន់ពេលវេលា។
បើខ្ញុំចាំមិនភ្លេចទេ ថ្ងៃដែលខ្ញុំត្រូវការឈាម សង្រ្គោះបន្ទាន់នោះ គឺនៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩។ នាយប់នៅ តាមអ្នកម្តាយខ្ញុំប្រាប់ គឺស្ថានភាពជំងឺរបស់ខ្ញុំ គួរឱ្យព្រួយ បារម្ភខ្លាំងមែនទែន។ អ្នកម្តាយបានប្រាប់ខ្ញុំថា ក្រៅពីការជួយអន្តរាគមន៍ នូវការផ្តល់ឈាម ពីមូលនិធិ ម៉េងលី ជេ. គួច ជីវិតខ្ញុំ ក៏ទទួលបានការជួយអន្តរាគមន៍ ពីដុកទ័រប្រចាំនៅ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ផងដែរ ទើបធ្វើឱ្យខាងមន្ទីរពេទ្យ កាន់តែខ្នះខ្នែងជួយសង្រ្គោះ ថែមទៀត ហើយទីបំផុត ជីវិតខ្ញុំ ក៏រួចផុតពីចង្កូមមច្ចុរាជ។
ក្រៅពីទទួលបានអន្តរាគមន៍ ពីលោកស្រីនាយិកា និងលោកដុកទ័រ ប្រចាំមជ្ឈមណ្ឌល អ្នកម្តាយ ប្រាប់ខ្ញុំថា ខណៈពេលខ្ញុំកំពុង សម្រាកស្តូកស្តឹងក្នុងបន្ទប់សង្រ្គោះបន្ទាន់នោះ ដំណឹង នៃអារៈជំងឺរបស់ខ្ញុំ ក៏ដឹងដល់លោកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី ដែលជាស្ថានិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយប្រតិបត្ដិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកឧកញ៉ា ក៏កាន់តែខ្នះស្នែងខ្លាំងឡើងថែមទៀត ក្នុងប្រកាសកៀងគរអ្នកសប្បុរស ក្នុងការបរិច្ចាគឈាម និងថវិកា សម្រាប់ឧបត្ថម្ភដល់ខ្ញុំ។ លោកក៏បានកោតសសើរដល់បុគ្គលិកគ្រប់ផ្នែករបស់លោកទាំងអស់ ដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាកម្លាំងសាមគ្គីគ្នា ចេះជួយគ្នា ក្នុងគ្រាមានអាសន្ន ជាពិសេស ការសហការជាមួយ ខាងមូលនិធិ ។
ក្រោយពីទទួលដំនឹងនេះពីអ្នកម្តាយ ខ្ញុំ ពិតជា អរគុណខ្លំាងណាស់ ដល់លោកគ្រូអ្នកគ្រូ និង បុគ្គលិកគ្រប់ផ្នែកទាំងអស់បានជួយបរិច្ចាគឈាមរបស់ខ្លួនដល់នាងខ្ញុំ ជាពិសេស លោកឧកញ៉ា គួច ម៉េងលី។ ខ្ញុំពិតជារំភើបខ្លំាងណាស់ ពេលឃើញលសេចក្ដីស្រឡាញ់រាប់អាន របស់លោកឧកញ៉ា និងអ្នកទំាងអស់គ្នា ដែលមានមកលើខ្ញុំ។ លោកឧកញ៉ា តែងតែយកចិត្ដទុកដាក់ជានិច្ចចំពោះបុគ្គលិកគ្រប់ផ្នែក មិនថាស្ថិតក្នុងតួនាទីណានោះទេ គឺលោក ជួយខ្នះខ្នែង និងអប់រំឱ្យធ្វើអំពើល្អជានិច្ច អំពីទំនាក់ទំនង ការស្រឡាញ់គ្នា និងចេះជួយគ្នាទៅវិញទៅមក ពិសេសលោកបានឧបត្ថម្ភការព្យាបាលទាំងអស់ដល់នាងខ្ញុំ។
ខណៈនាងខ្ញុំ កំពុងសម្រាកព្យាបាលជំងឺនេះ ធ្វើឱ្យខ្ញុំនឹកឃើញដល់វគ្គបណ្ដុះបណ្ដាល ស្ដីពីសុខភាពស្រ្ដី កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ថា នៅកម្ពុជាយើ់ងបច្ចុប្បន្ន ស្ដ្រីមួយចំនួន មិនទាន់យល់ដឹង ពីបញ្ហារោគស្រី្ដឡើយ។ លោកបញ្ជាក់ថា រោគស្រី្ដភាគច្រើនកើតឡើងដោយសារ កាមរោគ មេរោគផ្សិត និងកង្វះអនាម័យជាដើម។ លោកថា ដើម្បីការពារ និងកាត់បន្ថយជំងឺនេះបាន ស្រ្ដីគួរតែឈ្វេងយល់ពីការថែទាំសុខភាព ទី១ សម្លៀកបំពាក់ខាងក្នុងត្រូវហាលឱ្យស្ងួតត្រឹមត្រូវដោយកម្តៅថ្ងៃ ទី២ ត្រូវឧស្សាហ៍ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ពីបញ្ហា សុខភាពរបស់ខ្លួន ប្រសិនបើមានប្រការមិនប្រក្រតី ចៀសវាងកើតមានគ្រោះថ្នាក់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ជីវិត៕
(អឿ ស៊ីណា ០១ មេសា ២០១៩)
No comments:
Post a Comment