Wednesday, October 13, 2021

សាកល្បងវិភាគទស្សនៈវិជ្ជារឿងអាឡេវ

 #សាកល្បងវិភាគទស្សនវិជ្ជារឿងអាឡេវ

  ទស្សនវិជ្ជា ជាមុខវិជ្ជា ដែលសិក្សាអំពីទស្សនៈផ្សេងៗរបស់អ្នកប្រាជ្ញ របស់អ្នកដឹកនាំរដ្ឋ អ្នកដឹកនាំវិស័យសាសនា និងអ្នកនិពន្ធជាដើម។ ក្នុងនោះ តាមរយៈរឿងព្រេងខ្មែរ អ្នកនិពន្ធ ឬដូនតាខ្មែរ ក៏មានទស្សនវិជ្ជា បង្កប់ការអប់រំយ៉ាងជ្រៅជ្រះផងដែរ។ ខាងក្រោមនេះ ខ្ញុំនឹងលើកយកទស្សនវិជ្ជា ក្នុងរឿង ប្រជាប្រិយខ្មែរ គឺរឿងអាឡេវ មកអធិប្បាយ និងវែកញែកជូនមិត្តអ្នកអានបានយល់។ 

រឿងអាឡេវ គឺជារឿង ដែលបង្ហាញ និងឆ្លុះបញ្ចាំងពីតថៈពិតរបស់សង្គម ដែលមិនមានជឿលើអបិយជំនឿ ខ្លាំងនាសម័យកាលនោះ។ តួអង្គអាឡេវ ត្រូវអ្នកនិពន្ធ បង្កើតឡើងមក ដើម្បីប្រឆំាងគំនិតអបិយជំនឿនិយម ទំនៀមទម្លាប់ ប្រពៃណី មិនស្ដាប់ពាក្យទូន្មានអវិជ្ជមាន និងមានវិធីគេចវេះ និងដោះស្រាយយករួចខ្លួនគ្រប់បញ្ហា តាមរយៈឧបាយកល នៃភាពវៃឆ្លាត បែបរប៉ិលរប៉ូចរបស់ខ្លួន ។

ឧទាហរណ៍ តួអង្គអាឡេវចង់ស៊ីនំ ក៏ទៅបោកប្រាស់ឪពុកម្ដាយ ដើម្បីបាននំស៊ី ហើយចង់បានមាសប្រាក់ ក៏ទៅបញ្ឆោតព្រះសង្ឃ និងអាចិក ឱ្យជួបគ្នា។ 

ចំណុចត្រង់នេះ បើយើងពិចារណាទៅលើ អត្ថន័យនៃរឿង គឺអ្នកនិពន្ធចង់បញ្ជាក់ប្រាប់យើងថា តួអង្គម្ដាយឪពុក គឺជាតួអង្គតំណាងឱ្យស្ថាប័នអប់រំទូន្មានប្រៀនប្រដៅ ណែនាំឱ្យដើររកផ្លូវល្អ ជៀសវាងការធ្វើអំពើអាក្រក់នានា ប៉ុន្តែ ឈុតត្រង់ម្ល៉េះ គឺកូនបែរជាណែនាំឪពុកម្ដាយទៅវិញ ហើយថែមទាំងប្រើឧបាយកលបោកប្រាស់ឪពុកម្ដាយ ដោយមិនខ្លាចបុណ្យបាបថែមទៀត។ 

ចំណុចមួយទៀត តួអង្គព្រះសង្ឃជំនាន់នោះ គឺជាអ្នកចេះដឹង ជាគតិបណ្ឌិត ជាអ្នកកាន់ទំនៀមទម្លាប់ ប្រពៃណី សាសនា ជាអ្នកយុត្ដិធម៌ ជាអ្នកសុចរិត ហើយជាអ្នកត្រឹមត្រូវបំផុត ដែលប្រជាជនគោរពរាប់អាន និងជឿទុកចិត្ដ តែបែរជាមានចិត្ដចង់ស្រីទៅវិញ ធ្វើឱ្យតួអង្គអាឡេវបោកប្រាស់បាន។ ចំណុចនេះ អ្នកនិពន្ធ ចង់បង្ហាញថា សម័យកាលនោះ ក៏មានព្រះសង្ឃពោរពេញដោយកាមកិលេសដែរ ឯចំណុចមួយទៀត ចង់បញ្ជាក់ថា មនុស្សយើងទោះមានចំណេះដឹងប៉ុណ្ណា ប្រសិនបើមានចិត្តលោភលន់ មានចិត្តមិនជ្រះថ្លា  ក៏គង់ចាញ់បោកគេ។ ចំណុចទី៣ ចង់បញ្ជាក់ថា នៅលើលោកនេះរឿងកាមគុណ គ្មានបុគ្គលណា អាចគេចបានឡើយ។

  យ៉ាងណាមិញចំពោះការប្រើល្បិចកិច្ចកលរបស់តួអង្គអាឡេវបោកដូនចាស់នោះ ដែលដូនចាស់គឺជាមនុស្សកាច ឆ្លាត ចង់មាន ចង់បានដោយប្រើល្បិចយកចៅក្រមុំប្រើគេដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនឯងនោះ ត្រូវបានអ្នកចេះដឹង ឬអ្នកដែលឆ្លាតបោកប្រាស់លើគំនិតរបស់ខ្លួនទៀត។ អ្នកនិពន្ធប្រហែលជាចង់បង្ហាញពីគំនិតអប់រំ “ចេះឯងឱ្យក្រែងចេះគេ”។ ចំណុចមួយទៀត ដែលតួរអង្គអាឡេវបានទៅបោកបញ្ឆោត សេដ្ឋី មន្រ្ដី អ្នកធំ អ្នកតូចនៅក្នុងវាំងនោះ ហើយថែមទាំងបានធ្វើជាកូនប្រសារសេដ្ឋីផងដែរនោះ ដែលអាឡេវនេះគ្រាន់តែកូនកសិករម្នាក់ដ៏សាមញ្ញបំផុតនៅក្នុងសង្គមនាសម័យកាលនោះ។ រឿងនេះ អ្នកនិពន្ធចង់បញ្ជ្រៀបព័ត៌មានទៅឱ្យប្រជាពលរដ្ឋទាំងអស់បានដឹងថា បើទោះជាយើងកើតមកជាកូនអ្នកក្រ កូនអ្នកកសិករក៏ដោយចុះ តែប្រសិនជាយើងមានមនសិកា តស៊ូ ពុះពារ អត់ធ្មត់ ឧស្សាហ៍ព្យាយាម ចេះដឹង និងប្រាជ្ញាឆ្លាតវៃនោះ លុយកាក់មាសប្រាក់អាចមកតាមក្រោយបាន។ ហើយតួអង្គអាឡេវដែលជាកូនកសិករម្នាក់ អាចហ៊ានប្រឈមមុខតតាំងជាមួយអ្នកមានអំណាច អ្នកមានលុយ  ចោរ និងព្រះសង្ឃ បានដោយប្រាជ្ញា។ នេះអាចបញ្ជាក់ឱ្យឃើញថា សង្គមខ្មែរនាសម័យកាលនោះ សង្គមប្រើអំណាច ប្រើលុយ និងដែលមិនមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ ហើយអ្នកពន្ធសរសេររឿងនេះ ឡើងដើម្បីដាស់តឿនស្មារតីប្រជាពលរដ្ឋខ្មែរឱ្យក្រោកឡើងតស៊ូប្រឆាំងនិងសង្គមនាសម័យកាលនោះ។


ខ្ញុំសង្កេតឃើញថា រឿង “អាឡេវ” បានផ្ដល់នូវគំនិតទស្សនៈយ៉ាងច្រើននៅក្នុងសង្គមខ្មែរតាំងពីសម័យកាលរហូតមកដល់បច្ចុប្បន្ន។ នៅក្នុងនោះយើងឃើញមានគំនិតទស្សនអប់រំនៅក្នុងរឿងដូចជា៖


•  អាឡេវជាតួអង្គតំណាងឱ្យកូនគតិវិញ្ញូចំពោះម្ដាយឪពុក បើទោះជាអាឡេវបោកបញ្ឆោតម្ដាយឪពុកក៏ពិតមែន តែអាឡេវក៏បានដឹងគុណឪពុកម្ដាយខ្លាំងណាស់ដែរ។ អាឡេវ បានបោកបញ្ឆោត ព្រះសង្ឃ និងអាចិក ដើម្បីយកមាសប្រាក់មកឱ្យឪពុកម្ដាយ។ មួយវិញទៀត បើទោះជាអាឡេវបោកចោរទាំងប្រាំរយនាក់បានទ្រព្យសម្បតិ្ដយ៉ាងច្រើន ហើយថែមទាំងមានប្រពន្ធដ៏ស្រស់ស្អាតយ៉ាងណាក៏ដោយចុះ ក៏អាឡេវពុំបានភ្លេចឪពុកម្ដាយរបស់វាឡើយ។ អាឡេវបានសុំប្រពន្ធមកលេងម្ដាយដោយនាំយកមាសប្រាក់នោះខ្លះៗ មកជាមួយដើម្បីឱ្យម្ដាយរបស់ខ្លួនផងដែរ។


•  ចំណុចមួយទៀត អាឡេវជាតួអង្គប្រឆាំងនឹង ជំនឿ ទំនៀមទម្លាប់ សាសនា និងប្រឆាំងជាមួយអ្នកមានអំណាច អ្នកមានលុយជាដើម ប៉ុន្ដែនៅតែមានការគោរព និងស្រឡាញ់ឪពុកម្ដាយដដែល។ ន័យសេចក្ដីនេះ មានន័យថា ធ្វើជាមនុស្សត្រូវហ៊ានក្រោកឈរឡើង តស៊ូ ប្រឆាំងនឹងរបបគ្រប់គ្រងដែលប្រើអំណាច ប្រើលុយ ដោយមិនប្រើចំណេះក្នុងការកសាងសង្គមខ្មែរសម័យកាលនោះ ហើយទង្វើរបស់អាឡេវក៏មិនមែនជាទង្វើរមិលគុណនិងអ្នកមានគុណផងដែរ គ្រាន់តែជាការរំលេចនូវគំនិតអប់រំខ្លះៗឱ្យអ្នកជំនាន់ក្រោយបានដឹងតែប៉ុណ្ណោះ។


•  ចំណុចមួយទៀតនោះ អាឡេវគឺជាតួអង្គកូនកសិករតែមានការតស៊ូ ព្យាយាមរៀនសូត្រនៅក្នុងវត្ដរហូតដល់មានគំនិតឈ្លាសវៃនឹកស្មានពុំដល់។ គឺអាឡេវ បានប្រើគំនិតប្រាជ្ញារបស់ខ្លួនដោះស្រាយបញ្ហានានា ដែលបានកើតឡើងតាំងពីដើមរហូតដល់ចប់ ហើយបានវិវត្ដខ្លួនបន្ដិចម្ដងៗពីកូនកសិកររហូតក្លាយជាសេដ្ឋីម្នាក់។ នេះជាសារមួយដែលអ្នកនិពន្ធជំនាន់នោះផ្ញើទៅឱ្យប្រពលរដ្ឋខ្មែរដឹងថា កូនកសិករ កូនកម្មករ ឱ្យតែមានការរស៊ូ ព្យាយាមរៀនសូត្រនោះនឹងធ្វើឱ្យយើងមានភាពជោគជ័យដោយសារគំនិតដែលយើងមានក្នុងខ្លួន។

•   ចំណុចមួយទៀត អាឡេវគឺជាតួអង្គអ្នកមានប្រាជ្ញានៅក្នុងសង្គមខ្មែរនាម័យកាលនោះ ដែលចោទនឹងដោះស្រាយបញ្ហាភ្លាមៗនៅកន្លែងកើតហេតុ ហើយការដោះស្រាយទាំងអស់គឺសុទ្ធតែមានប្រសិទ្ធភាពទាំងអស់។


ឆ្លងតាមសិក្សាស្រាវជ្រាវខ្ញុំកន្លងមកនេះ ខ្ញុំអាចសង្កេតឃើញថា គ្រប់ស្នាដៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ បានបង្កប់នូវទស្សនវិជ្ជាដែលជាគតិអប់រំទៅដល់កូនខ្មែរជំនាន់ក្រោយយ៉ាងច្រើនក្រាស់ក្រែល ដែលទស្សនៈទាំងនោះបានបង្ហាញឱ្យឃើញពី អត្ដសញ្ញាណជាតិខ្មែរ ទំនៀមទម្លាប់ ប្រពៃណី ចរិសាស្រ្ដខ្មែរ និងស្ថានភាពទីតាំងតំបន់ភូមិសាស្រ្ដនានា ពិសេសក៏បង្ហាញនូវជីវភាពរស់នៅនាសង្គមខ្មែរសម័យកាលនោះផងដែរ។ ដោយឡែក ចំពោះរឿង អាឡេវ ដែលជារឿងមួយក្នុងចំណោមរឿងប្រជាប្រិយខ្មែរដ៏ច្រើនទៀត ក៏បានបង្ហាញឱ្យឃើញពីអត្ដសញ្ញាណ ចរិតលក្ខណៈ ចរិយាសាស្រ្ដ ទំនៀមទម្លាប់ ជំនឿ និងការរស់នៅរបស់ខ្មែរនាសម័យកាលនោះមិនតិចដែរ មកដល់កូនខ្មែរជំនាន់ក្រោយ ដើម្បីទុកជាមេរៀនជីវិតក្នុងការរស់នៅ។ យ៉ាងណាមិញ រឿងនេះ បានអប់រំមនុស្សឱ្យរៀនដោះស្រាយបញ្ហាភ្លាមៗដែលកើតឡើងនៅចំពោះមុខ ហើយក៏អប់រំមនុស្សឱ្យរៀនតស៊ូ ពុះពារ ឧស្សាហ៍ព្យាយាមធ្វើការងារ បើទោះជាគ្រួសារស្ថិតនៅក្នុងជីវភាពយ៉ាងណាក៏ដោយ ក៏អាចយឹតយោងគ្រួសារនោះឱ្យមានភាពថ្កើងថ្កានបានដែរ ដោយសារចំណេះដែលយើងបានមកពីការតស៊ូរៀនសូត្រ។ 

  សរុបសេចក្ដីមក រឿងនេះ គឺជាមេរៀនដ៏ល្អមួយសម្រាប់អប់រំជាគតិទៅដល់កូនខ្មែរជំនាន់ក្រោយ ឱ្យបានដឹងថា ដូនតាយើងក៏មានអ្នកប្រាជ្ញាមិនចាញ់អ្នកប្រាជ្ញបស្ចឹមប្រទេសប៉ុន្មានដែរ ហើយថែមទាំងបានបង្ហាញនូវទស្សនៈអប់រំយ៉ាងសន្ធឹកមកដល់កូនខ្មែរយើង តួយ៉ាងដូចរឿងអាឡេវជាដើម។

  ក្នុងនាមខ្ញុំជាកូនខ្មែរ ហើយបានសិក្សារៀនសូត្រលើមុខវិជ្ជាអក្សរសាស្រ្ដខ្មែរ ជំនាញ អក្សរសិល្ប៍មួយរូប ខ្ញុំសូមកោតសរសើរ និងលើកតម្កើង ទៅដល់កេមរតករបស់បុព្វបុរសខ្មែរយើងដែលបានបន្សល់នូវគំនិតអប់រំយ៉ាងច្រើនក្នុងអក្សរសិល្ប៍ដែលពុំអាចកាត់ថ្លៃបាន។ ហើយខ្ញុំនឹងខំប្រឹងប្រែងផ្សព្វផ្សាយនូវមរតកដែលដូនតាបានបន្សល់ទុកនេះ ឱ្យកាន់តែមានភាពទូលំទូលាយបន្ថែមទៀត។


ដោយ៖ អឿ ស៊ីណា (oeur sina)


No comments:

Post a Comment