អឿ ស៊ីណា
លោក អឿ ស៊ីណា ចាប់កំណើតថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំវក ចត្វាស័ក ពុទ្ធសករាជ២៥៣៥ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩២ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងជាកូនច្បងក្នុងចំណោមបងប្អូន៦នាក់ ស្រី១។ ឪពុកឈ្មោះ អែល សំអុល ម្ដាយឈ្មោះ ទេស វន្នី មានមុខរបរនេសាទត្រី និងធ្វើស្រែចំការ។ ស៊ីណា ជាអ្នកនិពន្ធជាន់ខ្ពស់កម្រិត១ នៅគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។
ក្រោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០១១ លោក អឿ ស៊ីណា បានបន្ដការសិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញអក្សរសាស្រ្ដខ្មែរ ក្រោមជំនួយអាហារូបករណ៍ឧបត្ថម្ភដោយធនាគារពិភពលោក តាមរយៈរាជរដ្ឋាភិបាលកម្ពុជា។ លុះនៅឆ្នាំ២០១៥ លោក ស៊ីណា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរពីមហាវិទ្យាល័យសង្គមសាស្រ្ដ-មនុស្សសាស្រ្ដ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយមក នៅឆ្នាំ២០១៨ លោកក៏បន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញអក្សរសិល្ប៍ខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយទទួលបានអាហារូបករណ៍ពី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។
អំឡុងពេលបំពេញការងារ លោក អឿ ស៊ីណា បានប្រមូលចងក្រងស្នាដៃរបស់អ្នកនិពន្ធ គួច ម៉េងលី ចាន់ឌី បោះពុម្ពជាសៀវភៅ ក្នុងនោះរួមមាន គំនិតរកស៊ី គួច ម៉េងលី និង កម្រងកំណាព្យពីដួងចិត្ត ។ ក្រៅពីនេះ ស៊ីណា បានឆ្លៀតពេលតែងនិពន្ធរឿងខ្លី និងកំណាព្យមួយចំនួន ដ្បិតជួ្រតជ្រាបពីទស្សនៈល្អៗជាច្រើនរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលស្នាដៃទាំងនោះចែកចេញពីជាពីរផ្នែក គឺកម្រងកំណាព្យ និងកម្រងរឿងខ្លី។ ចំពោះកម្រងកំណាព្យ លោកបានចងក្រងនិងបោះពុម្ពក្នុងសៀវភៅ កម្រងកំណាព្យ វេជ្ជបណ្ឌិត គួច ម៉េងលី និងខ្ញុំ ។ ចំណែករឿងខ្លី លោកបានផ្សាយរួមគ្នាជាមួយអ្នកនិពន្ធដទៃទៀត ក្នុងសៀវភៅ កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ ដែលក្នុងសៀវភៅនេះ លោកមានស្នាដៃរហូតដល់ទៅ១៧ចំណងជើងឯណោះ។
ថ្មីៗនេះ លោក អឿ ស៊ីណា កំពុងសហការជាមួយលោក តន វិបុល និពន្ធសៀវភៅដែលមានចំណងជើងថា គតិ គួច ម៉េងលី ដែលខ្លឹមសារនៃសៀវភៅនេះ គឺជាទស្សនៈយល់ឃើញរបស់ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ មិនតែប៉ុណ្ណោះ លោកបាននិពន្ធសៀវភៅកំណាព្យមួយក្បាលដោយខ្លួនឯងផងដែរ ដែលមានចំណងជើងថា បេះដូងពុក ៕
No comments:
Post a Comment